ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី​ ដោយសារ​ក្រុមហ៊ុន​វាយ​កូន​ហ្គោល ​រំលោភ​យក​បាន​ដាក់ពាក្យ​សុំ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា​

ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី​ ដោយសារ​ក្រុមហ៊ុន​វាយ​កូន​ហ្គោល ​រំលោភ​យក​បាន​ដាក់ពាក្យ​សុំ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​ ដែល​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​រំលោភ​យក​ទាំង​បំពាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ បាន​នាំ​យក​ពាក្យ​បណ្តឹង​ទៅ​ដាក់​ជូន​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ដើម្បី​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ហើយ​រង​ការ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​មួយ​នេះ​។

ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​បាន​និយាយ​ថា ​ពួកគាត់​មាន​សមាជិក​សរុប​ចំនួន​២៨៥​នាក់​និង​មាន​ស្រុកកំណើត ​និង​ ​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ សង្កាត់ ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​ប្រជាពលរដ្ឋ​បាន​រៀបរាប់ ​ថា ​ពួកគាត់​ធ្វើដំណើរ​មកកាន់​ទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី នគរ​រូបនីយកម្ម ​និង​សំណង់​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅលើ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​ព្រែក​ថ្មី​ដែល​បាន​រំលោភ​យក​ដី​បង្កបង្កើនផល​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​តាំងពី​​ដូនតា​មក​ទាំង​បំពាន​ បើ​ទោះ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ក៏ដោយ ​ក៏​ក្រុមហ៊ុន​មិន​រក​ដំណោះស្រាយ​ឡើយ​ ដោយ​សំអាង​ថា ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ទៅ​យក​ដី​ញើស​ឈាម​របស់​ពួកគាត់​បាន​នោះ​។

ប្រជាពលរដ្ឋ​បាន​គោរព​ជម្រាប​ជូន លោក ជា សុផារ៉ា ថា​ពួក​គាត់​រស់នៅ​អាស្រ័យ​ផល​លើដី​ទំហំ​ជាង​១៦​ហិកតា​តាំង​សម័យ​សង្គមរាស្ត្រនិយម​រហូតដល់​របប​ប៉ុល ពត ពួក​ក៏​រស់នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី​នេះ​ដដែល ​ហើយ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ ពួកគាត់​ត្រូវ​បាន​រដ្ឋ​អំណាច​ចែក​ដី​លើ​ទីតាំង​ដី​ពី​ដូនតា​របស់​គាត់​ដដែល​ និង​មាន​ទំហំ​ជាង​១៦​ហិកតា​ដោយ​ពួកគាត់​ បាន​ធ្វើ​ស្រែ​ជា​រៀង​រហូត​មក​ដោយ​ពុំ​មាន​រឿងរ៉ាវ​អ្វី​ឡើយ។ លុះដល់​ឆ្នាំ​២០០៨ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​បាន​មក​ធ្វើការ​វិនិយោគ​លើដី​អាស្រ័យ​ផល​របស់​ពួកគាត់​ ដែល​ពេលនោះ​មាន​ក្រុម​មនុស្ស​ខិលខូច​បាន​ចុះ​មក​ទិញ​ដី​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅក្បែរ​ដី​របស់​ពួកគាត់​ ប៉ុន្តែ​ក្រុម​មនុស្ស​ខិលខូច​ទាំង​នោះ​ពុំ​បាន​មក​សួរនាំ​ទិញ​ដី​របស់​ពួកគាត់​ឡើយ​ ហើយ​ពេលនោះ​ក៏​លេច​មុខ​លោកស្រី​ភួង ណារិន​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​ឯង​បាន​យក​គ្រឿងចក្រ​មក​ជីក​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​រហូតដល់​លោក​មេភូមិ​ព្រែក​ថ្មី លោក​មេឃុំ​ព្រែក​ថ្មី​ លោក​អភិបាលស្រុក​កៀនស្វាយ​ បាន​ចុះ​មក​ដោះ​​ស្រាយ​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​អាជ្ញាធរ​បានទទួល​ស្គាល់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​ពិតជា​មាន​ដីកា​ន់​កាប់​ជាង​១៦​ហិកតា ​និង​កំពុង​បង្កបង្កើនផល​លើ​ដី​នេះ​ពិត​ប្រាកដ​មែន​។​ ដោយមាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ការពារ​ដី​ជូន​ប្រជាពលរដ្ឋ​នោះអាជ្ញាធរ​ក៏បាន​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រហូតដល់​មាន​ចំណារ​ ពី​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សម្តេច​ បាន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​ទីតាំង​គ្មាន​ទំនាស់​ដែល​លិខិត​នោះ​ចុះ​ថ្ងៃទី​៧ ​ខែធ្នូ​ ឆ្នាំ​២០១០​។ ប៉ុន្តែ​ទោះបី​មាន​ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហើយ​ក្តី​ ក៏​ក្រុមហ៊ុន​មួយ​នេះ​នៅ​បន្ត​រំលោភ​យក​ទាំង​បំពាន​ និង​យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​ប្រជាពលរដ្ឋ​រហូតដល់​ផ្តួល​បង្គោល​ព្រំដី​ ទាំង​បំពាន​ ហើយ​ថែមទាំង​មិន​គោរព​តាម​ការណែនាំ​ពី​អាជ្ញាធរ​ទៀតផ​ង​។​

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ព័ត៌មាន​ស្តីពី​ការ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​មួយ​នេះ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តាមរយៈ​របាយការណ៍​របស់​អាជ្ញាធរ​ដឹង​ដល់​​ថ្នាក់​លើ ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​រាយការណ៍​ជូន​​​​ថ្នាក់​លើ​ថា ​ការ​ទាមទារ​ដី​របស់​ប្រជា​ពលរដ្ឋ​ទាំង​៤៧​គ្រួសារ​នោះ​គឺជា​ដី​ខ្យល់​ ហើយ​ការ​រាយការណ៍​ភូត​កុហក​បែបនេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ ​ដែល​មាន​សមាជិក​ចំនួន២៨៥​នាក់​កើតទុក្ខ​មិន​សុខចិត្ត​និង​សូម​ឲ្យ​លោក ជា សុផារ៉ា​ ដែល​ជា​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ផង។ រឿង​ដែល​ថា ​ប្រជាពលរដ្ឋ​ទាមទារ​ដី​ខ្យល់​នោះ​គឺ​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​សូម​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​មុខ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​នៅ​លើ​លោក​យើង​នេះ​ថាបើ​ពួកគាត់​ពុំ​មាន​ដី​ជាង​១៦​ហិកតា​នេះ​ទេ​សូម​ឲ្យ​បារមី​ដ៏​ស័ក្ដិសិទ្ធិ​ទាំងអស់​មក​បំផ្លាញ​ជីវិត​ពួកគាត់​ទាំងអស់​ចុះ៕
ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី​ ដោយសារ​ក្រុមហ៊ុន​វាយ​កូន​ហ្គោល ​រំលោភ​យក​បាន​ដាក់ពាក្យ​សុំ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា​

ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី​ ដោយសារ​ក្រុមហ៊ុន​វាយ​កូន​ហ្គោល ​រំលោភ​យក​បាន​ដាក់ពាក្យ​សុំ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា​