លោកសុខ សម្បត្តិ ចេញមុខ​ប្តឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ពី​បទ មានចេតនា​​រំលោភ​យក​ដី​ប្រជាពលរដ្ឋ

លោកសុខ សម្បត្តិ ចេញមុខ​ប្តឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ពី​បទ មានចេតនា​​រំលោភ​យក​ដី​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​សមាជិក​លេខាធិការដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្តឹង​លោក ម៉ៅ មុនី​វណ្ណ និង​លោក តុ វ៉ាន់​ចាន់ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ថា ​មាន​ចេតនា​ទុច្ចរិត​រំលោភ​យក​ដី​ប្រជាជន​រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល។

យោង​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ទទួល​បាន ដោយមាន​ស្នាម​មេដៃ​ឈ្មោះ សុខ សម្បត្តិ អាយុ​៣៩ ឆ្នាំ និង​វាយ​ត្រា​ផង​នោះ បាន​រៀបរាប់​ថា ប្រជាជន​មាន​ទី​១-​ឈ្មោះ​ប៉ក់ សុ​វណ្ណា ទី​២-​លោក​កុល សុផល ទី​៣-​លោកស្រី​ង៉ី វី បាន​មក​រស់នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៣ នៅ​ជុំ​គ្នា​ចំនួន​៣​គ្រួសារ​ផ្ទះ​តែមួយ លុះ​មកដល់​ឆ្នាំ​១៩៩៤ អ្នក​ទាំង​បី​រូប​បាន​បបួលគ្នា​ទិញ​ដី​ចំនួន​ពីរ​ឡូត៍​មាន​ទំហំ​១៤,២៥A និង​១១,៧៥២៥A ជាប់​គ្នា​ទាំងពីរ​ឡូត៍ ស្ថិតនៅ ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​បាន​ឯកភាព​គ្នា​ឲ្យ​លោកស្រី ង៉ី​វី ជា​អ្នក​ឈរ​ឈ្មោះ​ធ្វើ​ប្លង់ដី​តំណាង​ឲ្យ​អ្នក​ទាំងបី​។ ក្រោយពី​បាន​ទិញ​បាន​ដី​ទាំងពីរ​កន្លែង​លោក​ប៉ក់ សុ​វណ្ណា និង​ភរិយា​ព្រមទាំង​កូនៗ​ក៏បាន​តាំងទី​លំនៅ​លើដី​រហូតមក​ដល់​បច្ចុប្បន្ន។

ពាក្យ​បណ្តឹង​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០០៨ លោកស្រី ង៉ី វី ដោយហេតុ​គាត់​មិនសូវ​រស់នៅ​ជាប់លាប់​ក្នុងស្រុក​ខ្មែរ​ភាគច្រើន​រស់នៅ​បរទេស​គាត់​ក៏បាន​ប្រកាស​លក់​ភាគហ៊ុន​របស់​គាត់​ដែលមាន​ចំណែក​នៅ​ក្នុង​ការទិញ​ដី​ទាំងពីរ​កន្លែង ពេលនោះ​ដោយហេតុ​តែ​លោក ប៉ក់ សុ​វណ្ណា និង​លោក កុល សុផល មិន​មាន​លុយ​ទិញ​យក​ភាគហ៊ុន​ចំណែក​លោកស្រី ង៉ី វី​។ លោកស្រី ង៉ី វី ក៏បាន​លក់​ចំណែក​របស់​គាត់​ឲ្យ​ទៅ​អ្នក​ផ្សេង​ភ្លាម​នោះ​លោក​តុ វ៉ាន់​ចាន់ ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​មក​ទិញ​យក​ភាគហ៊ុន​លោកស្រី ង៉ី វី​។ ដោយសារ​ដី​ទាំង​បី​ចំណែក​នេះ​ឈរ​ឈ្មោះ​ក្នុង​ប័ណ្ណ​មានតែ​លោកស្រី ង៉ី វី ម្នាក់​។ តម្រូវ​ឲ្យ​លោកស្រី ង៉ី វី ត្រូវធ្វើ​ការផ្ទេរ​ឈ្មោះ​ឲ្យ​មក តុ វ៉ាន់​ចាន់ ក្នុងពេល​ផ្ទេរ​ឈ្មោះ​តុ វ៉ាន់​ចាន់ មិន​ឲ្យ​ផ្ទេរ​តែ​ចំណែក​របស់​លោក​ស្រី​ង៉ី វី នោះ​ទេ គឺ​ឲ្យ​ផ្ទេរ​ដី​ទាំង​បី​ចំណែក​ឲ្យ តុ វ៉ាន់​ចាន់ គ្រប់គ្រង​ដោយ តុ វ៉ាន់​ចាន់ គាត់​សុំចូល​ភាគហ៊ុន​ជាមួយគ្នា ហើយ​គាត់​ឈរឈ្មោះ​លើដី​ទាំងអស់​ជា​តំណាង​ឲ្យ កុល សុផល និង​ប៉ក់ សុ​វណ្ណា ដោយសារ​ពួកគាត់​ឆោតល្ងង់ ហើយ​មិន​យល់​ពី​គំនិត​ទុច្ចរិត​របស់ តុ វ៉ាន់​ចាន់ ពួកគាត់​ក៏​ឯកភាព​ឲ្យ​តុ វ៉ាន់​ចាន់ ឈរឈ្មោះ​លើដី​ទាំងបី​ចំណែក​មិនយូរប៉ុន្មាន​តុ វាន់​ចាន់ មានគំនិត​ទៅ​ខ្ចីលុយ​ឯកជន​ពី​ឈ្មោះ​សាត វិបុល​ក្នុង​ឆ្នាំ​២០១១​លើក​ទី​១​ចំនួន​១៥០០០​ដុល្លារ ដោយ​ស្នើសុំ​យក​ប្លង់ដី​ទាំងពីរ​ទៅ​ដាក់​ធានា​បញ្ចាំ​ឈ្មោះ​កុល សុផល និង​ប៉ក់ សុ​វណ្ណា ពួកគាត់​យល់ព្រម ហើយ​ប្រាក់​ទាំងអស់នេះ​តុ វ៉ាន់​ចាន់ ខ្ចី​តែម្នាក់ឯង ក្រោយមក​តុ វ៉ា​ន់​ចាន់ បានស្នើ​សុំ​ខ្ចី​លោក​សាត វិបុល ចំនួន​៥០០០០​ដុល្លារ​បន្ថែម​ទៀត ហើយ​ប្រាក់​៥០០០០​ដុល្លារ​នេះ តុ វ៉ា​ន់​ចាន់ បាន​ឲ្យ​លោក​ប៉ក់ សុវណ្ណ​៤០០០​ដុល្លារ និង​លោក​កុល សុផល ១០០០០​ដុល្លារ រួម​ខ្ចី​សរុប​រួម​តុ វ៉ាន់​ចាន់ ខ្ចី​ប្រាក់​លោក​សាត វិបុល​ទាំងអស់​៧០០០០​ដុល្លារ លោក​ប៉ក់ សុ​វណ្ណា​ខ្ចី​៤០០០​ដុល្លារ លោក​កុល សុផល ខ្ចី​១០០០០​ដុល្លារ នៅសល់​ចំនួន​៥៦០០០​ដុល្លារ តុ វ៉ាន់​ចាន់ ជា​អ្នកយក​សាច់ប្រាក់​ទាំងអស់។

លោក សុខ សម្បត្តិ លើកឡើង​ទៀត​ថា សាច់រឿង​ក្រោយពី​យក​ប្រាក់​លោក សាត វិបុល ដល់ពេល​វេលា​ត្រូវ​សង​ប្រាក់​វិញ ពេលនោះ​លោក តុ វ៉ន់​ចាន់ គ្មាន​លុយ​សង​គេ​វិញ​ក៏​លេចចេញ​គំនិត​បបួលគ្នា​លក់​ដី តែ​លោក​ប៉ក់ សុ​វណ្ណា​និង​លោក​កុល សុផល មិន​ព្រម តុ វ៉ាន់​ចាន់ រូប​នេះ​ក៏​ចាប់ផ្តើម​បបួល​ខ្ចីប្រាក់​ឈ្មោះ​ម៉ៅ មុនី​វណ្ណ ដែលជា​បក្ខពួក​ខ្លួន ហើយក៏​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស​នូវ​ទឹកប្រាក់​ចំនួន​១៣០០០០​ដុល្លារ​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១២ ដើម្បី​យកទៅ​សង​ឈ្មោះ សាត វិបុល ហើយ​ការ​ខ្ចីប្រាក់​នេះ​តុ វ៉ាន់​ចាន់ អ្នកចាត់ចែង​ទាំងអស់​ទៅលើ​ឯកសារ​លិខិតស្នាម​ផ្សេងៗ ហើយ​មួយវិញទៀត តុ វ៉ាន់​ចាន់ និង​ម៉ៅ សុវណ្ណ បាន​ឃុបឃិត​គ្នា​ធ្វើឯកសារ​ទិញ​លក់​ដី ថា​ជាការ​ដាក់​ធានា​បញ្ចាំ ហើយ​ម៉ៅ មុនី​វណ្ណ បាន​បញ្ជាក់​ថា ​ការខ្ចី​លុយ គឺ​ត្រូវ​ធ្វើ​លិខិត​ទិញ​លក់​ដូចគ្នា ហើយ​មិន​ចាំ​បាច់​បារម្ភ​បាត់បង់​ដី​នោះ​ទេ មាន​លុយ​សង​គាត់​វិញ​ចប់​ហើយ។

ចំនួន​ទឹកប្រាក់​ខ្ចី​១៣០០០០​ដុល្លារ​នេះ តុ វ៉ាន់​ចាន់ បាន​ឲ្យ​មក​ឈ្មោះ​ប៉ក់ សុវណ្ណ ចំណួន​២៦០០​ដុល្លារ និង​ឲ្យ​ទៅ​លោក​កុល សុផល ៨០០០​ដុល្លារ នៅសល់​បុ​៉​ន្មា​ន​លើ​តុ វា​៉​ន់​ចាន់ ទាំងអស់​សរុប​រួម​ប្រាក់​ដែល​លោក​ប៉ក់ សុ​វណ្ណា បានទទួល​សរុប​ទាំងអស់​៦៦០០​ដុល្លារ លោក​កុល សុផល ទទួលបាន​ចំនួន​១៨០០០​ដុល្លារ ហើយ​សល់​ប៉ុន្មាន តុ វ៉ាន់​ចាន់ ជា​អ្នកចាត់ចែង​សាច់ប្រាក់​ទាំងអស់។

តាម​លោក សុខ សម្បត្តិ ក្រោយពី​បាន​ខ្ចី​ប្រាក់ និង​ធ្វើ​លិខិត​លក់​ទិញ​ជាការ​ដាក់​ធានា​បញ្ចាំ​រួច ហើយ​ក្រោយ​រយៈពេល​ប្រាំ​មួយខែ លោក​ម៉ៅ មុនី​វណ្ណ បានមក​បណ្តេញ​ឲ្យ​លោក​ប៉ក់ សុ​វណ្ណា រុះរើ​ផ្ទះសំបែង​ចេញ​ដោយបាន​ព្យាយាម​ឲ្យ​លោក​ប៉ក់ សុ​វណ្ណា និង​លោក​កុល សុផល ផ្តិតមេដៃ​ផ្ទេរសិទ្ធិ​ចំពោះ​មុខ​មេឃុំ​ឲ្យ​ខ្លួន តែ​ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប៉ក់ សុ​វណ្ណា និង​លោក​កុល សុផល រីឯ​លោក​តុ វ៉ាន់​ចាន់ រូប​នេះ​បែរជា​ប្រកាស​យល់ព្រម​ផ្តិត​មេដៃ​ឲ្យ​លោក​ម៉ៅ មុនី​វណ្ណ ដែល​ជា​បក្ខពួក​របស់​ខ្លួន ហើយ​ប្រកាស​យករួចខ្លួន​ថា ឈប់​ពាក់ព័ន្ធ​ក្នុង​រឿង​ខ្ចី​លុយ​នេះ​ហើយ​សុំ​រួចខ្លួន​។ ចំណុច​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​គំនិត​ចេតនា​ទុច្ចរិត​របស់ តុ វ៉ាន់​ចាន់ តាំងពី​ចាប់​ផ្តើម​អូសទាញ​ឲ្យ​ទៅ​ជំពាក់​ប្រាក់​លោក​សាត វិបុល ហើយ​ចាប់​អូសទាញ​ឲ្យ​មក​ខ្ចី​បក្ខពួក​របស់​ខ្លួន​ម៉ៅ មុនី​វណ្ណ ហើយ​ខ្លួនឯង តុ វ៉ាន់​ចាន់​ជា​អ្នក​ខ្ចី​ប្រាក់​ច្រើន​ជាង​គេ ហើយ​ដោះដៃ​យករួចខ្លួន​ដោយ​បាន​និយាយថា បាន​យល់ព្រម​លក់​ដី​ឲ្យ​ទៅ​លោក​ម៉ៅ មុនី​វណ្ណ​ហើយ​។

លោក សុខ សម្បត្តិ រៀបរាប់​ទៀតថា លោក​តុ វ៉ាន់​ចាន់ និង​លោក​ម៉ៅ មុនី​វណ្ណ ជា​បក្ខពួក​រួមគំនិត​តែមួយ​ឃុបឃិត​គ្នា​មានបំណង​ចង់យក​ដី​របស់​ប្រជាជន​ដោយ​ប្រើ​រូបភាព​បបួល​ខ្ចីប្រាក់​តែ​ធ្វើ​កិច្ចសន្យាលក់​ទិញ​ទៅវិញ ដោយសារ​ប្រជាជន​ឆោតល្ងង់​មិន​យល់​ដល់​គំនិត​ទុច្ចរិត​ពេល​ក្រោយ​ទើប​ធ្វើតាម​ការចាត់ចែង​រប​ស់​តុ វ៉ាន់​ចាន់ និង​លោក ម៉ៅ មុនី​វណ្ណ​ទាំងអស់ ដោយ​ទាំង​មិនដឹងថា គេ​មានបំណង​យក​ដី​របស់​ពួកគាត់​ទៀតផង​។ “​ក្នុងនាម​ខ្លួន​ជា​អ្នកតំណាងរាស្ត្រ ហើយ​ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ ខ្ញុំបាទ​ក៏ដូចជា​ប្រជាជន​ដទៃទៀត​មិនអាច​ទទួលយក​បានឡើយ ដូច្នេះហើយ​ខ្ញុំបាទ​សុខ សម្បត្តិ តំណាង​ឲ្យ​លោក​ប៉ក់ សុ​វណ្ណា ស្នើសុំ​មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន មេត្តាជួយ​ដោះស្រាយ​ដូចខាងក្រោម ទី​១- ប្រជាជន (​លោក​ប៉ក់ សុ​វណ្ណា និង​លោក កុល សុផល​) យល់ព្រម​សង​ប្រាក់​គ្រប់​ចំនួន​១៣០០០០​ដុល្លារ បូក និង​ការប្រាក់​តាមច្បាប់​កំណត់​ជូនទៅ​លោក​ម៉ៅ មុនី​វណ្ណ វិញ ខណៈពេលដែល​ពួកគាត់​ទាំងពីរ​នាក់​(​ប៉ក់ សុ​វណ្ណា និង​លោក​កុល សុផល​) បានទទួល​ប្រាក់​ត្រឹមតែ​២៤៦០០​ដុល្លារ​តែប៉ុណ្ណោះ ពី​ការខ្ចីប្រាក់ និង​ទី​២- សុំ​ឲ្យ​លោក​ម៉ៅ មុនី​វណ្ណ បញ្ចប់​ជម្លោះ និង​បញ្ឈប់​គំនិត​ចង់​រិ​ប​អូស​យក​ដី​ដែល​ពួកគាត់​បានដាក់​ធានា​បញ្ចាំ​តាមផ្លូវ​តុលាការ​ទាំងស្រុង​៕

លោកសុខ សម្បត្តិ ចេញមុខ​ប្តឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ពី​បទ មានចេតនា​​រំលោភ​យក​ដី​ប្រជាពលរដ្ឋ