លោកឱម យ៉ិនទៀង បដិសេធ​បណ្តឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា(Update)​

លោកឱម យ៉ិនទៀង បដិសេធ​បណ្តឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា(Update)​



ភ្នំពេញ​ ៖​ ការ​សម្រេច​មិន​ទទួលយក​ពាក្យ​បណ្តឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បើក​ពិភាក្សា​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ចំនួន​៤ រូប​ពី​បទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​ការ​តែងតាំង​មន្ត្រីរាជការ។

កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​អង្គភាព​ប្រចាំ​អំពើពុករលួយ ដើម្បី​ប្តឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ចំនួន​៤ រូប ដែល​មាន​លោក ស៊ិ​ក ប៊ុន​ហុក​, លោក គួ​យ ប៊ុន​រឿន​, លោក ហង្ស ពុទ្ធា និង​លោក ម៉ៅ សុភា​រិ​ទ្ធ ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងការ​តែងតាំង និង​ការធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ ក្នុង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រព្រឹត្ត​ក្នុង​ខែមករា ឆ្នាំ​២០១៦ កន្លងមក។

នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ក្រុម​អ្នក​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើក​ឡើង​ថា នៅ​ក្នុង​ច្បាប់​មួយ​ចំនួន ក៏​ដូចជា​ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក​របស់ គ​.​ជ​.​ប នៅក្នុង​មាត្រា​៥១ បាន​អនុញ្ញាត​ឲ្យ​ប្រធាន គ​.​ជ​.​ប មាន​សិទ្ធិ​តែងតាំង ឬ​ចាត់តាំង​មន្ត្រី ទោះបី​នៅ​ក្នុង​ក្រប​ខណ្ឌ​ក៏ដោយ មិន​នៅ​ក្រប​ខណ្ឌ​ក៏ដោយ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់ គ​.​ជ​.​ប ដូច្នេះ​តាម​ការវិភាគ​ដោយមាន​ហេតុផល​លើ​ច្បាប់ មិនមាន​ភាពមិនប្រក្រតី​ណាមួយ​ទេ។

ចំណែក​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ី​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ថ្លែងថា តាម​ហេតុផល ដែល​លើកឡើង​ដោយ​ក្រុម​អ្នក​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​ថា មិន​មាន​មូលដ្ឋាន ឬ​តម្រុយ​ទាក់ទង​អំពើពុករលួយ​ទេ។

លោក​បញ្ជាក់​ទៀត រឿងរ៉ាវ​ដែល​លោក​រៀបរាប់​មកនេះ ប្តឹង​រឿង​ពុករលួយ​មែន តែ​អត់​មាននិយាយ​បន្តិចបន្តួច​ណាមួយ ថា​តើ​ចំណុច​ពុករលួយ​ស្ថិតនៅ​ចំណុច​ណា​ទេ​…​។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ី​ន​ទៀង លើកឡើង​ទៀត​ថា នៅ​ក្នុង​ច្បាប់​បាន​ហាម​មិន​ឲ្យ​តែងតាំង​មន្ត្រី ដែល​ជាប់​សាច់ញាតិ​ប្រធាន អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ៩ រូប ហើយ​បើ​មាន ក៏​ខុស​នៅក្នុង​វិវាទ​សាធារណៈ មិនមែន​ជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ចំណុច​មួយទៀត ដែល​បាន​រៀបរាប់​នោះ គឺ​បាន​លើក​ឡើង​ពី​ការតែងតាំង​មន្ត្រី​មួយ​ចំនួន ដូចជា​មន្ត្រី​តូចតាច តែ​ត្រូវ​បាន​តែង​តាំង​តួនាទី​ធំ​ជាដើម នោះ​មិនមែន​ជា​សមត្ថកិច្ច​របស់ ACU តែបើ​តែងតាំង​នោះ មាន​ទាក់ទង​បញ្ហា​លុយកាក់ គឺជា​សមត្ថកិច្ច​របស់ ACU។

លោក​បញ្ជាក់​ថា ករណី​នេះ​អត់​មាន​ទេ ហើយ​ខាង​សមាគម​បាន​លើក​ឡើង​ពី​ការជួបគ្នា​នៅ​ភោជនីយដ្ឋាន​រវាង​លោក​មន្ត្រី គ​.​ជ​.​ប និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តែ​អត់​មាន​ឃើញ​សញ្ញា​នៃ​អំពើពុករលួយ​ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​មិន​ទទួលយក​ដំណើរការ​ទេ។

ទាក់ទង​ការ​សម្រេច​នេះ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា មិន​មាន​យោបល់​អ្វី​វែងឆ្ងាយ​ទេ ដោយ​គ្រាន់តែ​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រចាំ​អំពើពុករលួយ​ចេញ​លិខិត​ជា​ផ្លូវការ​ចំពោះ​ការ​សម្រេច​នោះ និង​បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ផងដែរ​៕

លោកឱម យ៉ិនទៀង បដិសេធ​បណ្តឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា(Update)​ លោកឱម យ៉ិនទៀង បដិសេធ​បណ្តឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា(Update)​