មេ​តុងទីន​បោក​លុយ ​ជាង​៤០​ម៉ឺន​ដុល្លា​រត់​បាត់

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​តុងទីន​ចំនួន​៣០​នាក់​ក្នុង​ចំណោម​គ្នា​៣០០​នាក់ ដែល​មេ​តុងទីន​បោក​យក​លុយ​ជាង​៤០​ម៉ឺន​ដុល្លា កាលពី​៦​ខែ​មុន​នោះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។ ហើយ​ពួក​គាត់​បាន​បន្ត​លើកគ្នា ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​បន្ត​ទៀត កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ។

សមាជិក​តុងទីន​បាន​និយាយ​ថា ពួក​គាត់​ភាគច្រើន​គឺជា​អាជីវករ លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេង​តុងទីន​ម្នាក់​ៗ​ម​ចាប់ពី​៥​ក្បាល​ឡើង​ទៅ ដែល​ក្នុង​១​ក្បាល​ៗ ចាប់ពី​១​ម៉ឺន​រៀល ដល់​២០០​ដុល្លារ​ហើយ​សរុប ទាំងអស់​ជាង​៤០​ម៉ឺន​ដុល្លារ​ឯណោះ និង​ត្រូវ​បាន​មេ​ប្រមូល​យក រត់​ចោល​បាត់​ស្រមោល​។ ប្រភព​ដដែល​បន្ត​ថា មេ​តុងទីន​នោះ​ឈ្មោះ ទឹម ស្រី​នាង អាយុ​ប្រហែល​៤២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម បាន​វេច​បង្វិច​ទៅ​ចោល​ពួក​គាត់​រយៈពេល​៦​ខែ​មក​ហើយ និង​បាន​យក​លុយ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់​នោះ​។

បន្ទាប់​ពី​មេ​តុងទីន​រត់​ចោល ពួក​គាត់​បាន​នាំ​គ្នា ទៅ​ប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​ដោះ​មិន​ចេញ​មិនតែប៉ុណ្ណោះ នៅ​រាល់ពេល​ដោះស្រាយ​នោះ ឪពុក​មេ​តុងទីន​ម្នាក់​នោះ ក៏​បាន​ទៅ​ជួប​អាជ្ញាធរ​ជំនួស​កូនស្រី របស់​ខ្លួន​ដែរ​ប៉ុន្តែ​គាត់​បាន បដិសេធ​ថា​អត់​ដឹង​ថា​កូន​គាត់​ទៅ​ណា​ទេ និង​បាន​ប្រកាស​កាត់កាល់​កូនស្រី​ម្នាក់​នោះ​ចោល​នៅ​នឹង​មុខ​អាជ្ញាធរ​ថែម​ទៀត​ផង​។ ប្រភព​ខាងលើ​បាន​បន្ត​ថា មេ​តុងទីន​ម្នាក់​នោះ​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ដែរ ពួក​គាត់​បាន​លើកគ្នា ទៅ​កាន់​សាលាសង្កាត់​នា​ពេល​នេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទៀត តើ​ត្រូវ​រឹបអូស​តូប​លក់ដូរ លក់​យក​លុយ​ចែ​ល​ចាយ​គ្នា​ឬ​បែប​ណា ប៉ុន្តែ​ពេល​ទៅ​ដល់​អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ​ចេញ​ដដែល​៕