អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ​ជាង​៤០០​នាក់ ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ​ទាមទារ​ប្រាក់​អតីតភាព​ និពន្ធដោយ : រ៉ឹម ភារី       June-06-2016, 11:15 pm         2118

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ​ជាង​៤០០​នាក់ ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ​ទាមទារ​ប្រាក់​អតីតភាព​ភ្នំពេញ​៖ អតីត​បុគ្គលិក​ក្រុមហ៊ុន AZ Invesment Co.,Ltd ជាង​៤០០​នាក់ បានដាក់​ញត្តិ​ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្រុមហ៊ុន AZ ព​ន្លឿ​ន​ការដោះស្រាយ​ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​អតីតភាព​របស់​ពួកគេ​។ ការដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ពន្យា​ពេល​ក្នុងការ​ដោះស្រាយ​របស់​ក្រុមហ៊ុន​AZ  ដែល​ធ្វើ​ឲ្យ​អតីត​បុគ្គលិក​រាប់រយ​នាក់ ជួបប្រទះ​បញ្ហា​ជីវភាព​កាន់តែខ្លាំង និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​រក​ការងារ​ថ្មី​ធ្វើ​មិនបាន​។ នេះ​បើតាម​លោក សូ សារី តំណាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ​។
 
​ក្រោយពី​រដ្ឋាភិបាល បាន​លុបចោល​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​AZ Invesment Co.,Ltd ដែល​បាន​វិនិយោគ​លើ​ការថែទាំ​ផ្លូវជាតិ​លេខ​៤​នោះមក មាន​បុគ្គលិក​ជាង​៤០០​នាក់ បាន​បាត់បង់​ការងារ និង​ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ ដោយសារ​រក​ការងារ​ថ្មី​មិនទាន់បាន ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ពួកគេ​បាន​លើកគ្នា​មក​ដាក់​ញត្តិ​ជាថ្មី​ម្តងទៀត នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្រសួង​ជួយ​ជំរុញ​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​ជូន​ពួកគេ​។

​លោក សូ សារី តំណាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ខ្សែ​ទូរ​សព្ទ​ថា គោលបំណង​នៃ​ការដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​AZ ដោះស្រាយ​ប្រាប់​ដំណាច់ឆ្នាំ និង​ប្រាក់​អតីតភាព​ការងារ​តាមច្បាប់​ការងារ បន្ទាប់ពី​ក្រុមហ៊ុន​នេះ បាន​ពន្យា​ពេល​ក្នុងការ​ដោះស្រាយ​ម្តង​ជា​ពីរ​នោះ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ពួក​ខ្ញុំ​ទាមទារ និង​តវ៉ា​ចំនួន​៥​ដង​ហើយ តែ​ក្រុមហ៊ុន​AZ នៅតែ​មិនទាន់​ដោះស្រាយ​ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​អតីតភាព​ជូន​ពួក​ខ្ញុំ​ទៀត​»​។

លោក​បន្តថា ក្រោយពី​តំណាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ​ជាង​១០០​នាក់ បាន​យក​ញត្តិ​មក​ដា​ក់នៅ​ក្រសួង​ការងារ តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញមក​ទទួល​ញ​ត្តិ ហើយ​សន្យា​ផ្តល់ព័ត៌មាន​នៅ​ពីរ​ឬ​បី​ថ្ងៃ​ខាងមុខ​។ «​យើង​បានដាក់​រួចហើយ ហើយ​ក្រសួង​ក៏ បាន​ចេញមក​ទទួល​ញ​ត្តិ​យើង​ដែរ គាត់​សន្យា​ផ្តល់ព័ត៌មាន​នៅ​ពីរ​បី​ថ្ងៃ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សូ សារី​។ លោក​បន្តទៀតថា ប្រសិនបើ​ក្រុមហ៊ុន​នៅតែ​មិន​ដោះស្រាយ​ប្រាប់​បំណាច់​ឆ្នាំ និង ប្រាក់​អតីតភាព តាមច្បាប់​ការងារ​នោះទេ អតីត​បុគ្គលិក និង​រូបលោក នឹង​យក​ញ្ញ​តិ្ត​នេះ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​។ 

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​រដ្ឋាភិបាល​លុបចោល​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​AZ​មក រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ចំនួន​៥​លាន​ដុល្លា​សហរដ្ឋអាមេរិក ដើម្បី​សង​ទៅ​ក្រុមហ៊ុន​វិញ​។ ហើយ​ថវិកា​ទាំង​៥​លាន​ដុល្លា​នេះ មួយចំណែក​គឺ​ដើម្បី​ដោះស្រាយ​ជូន​បុគ្គលិក ប៉ុន្តែ​មកដល់ពេលនេះ អតីត​បុគ្គលិក​ក្រុមហ៊ុន​AZ​ជិត​៤០០​នាក់ នៅ​មិនទាន់​ទទួល​ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់​អតីតភាព​ការងារ​នៅឡើយ​ទេ​៕