«​ការរួបរួម​គ្នា​ជា​សំឡេង​តែមួយ​» នៅតែ​ជា​ក្តីបារម្ភ​របស់​អាស៊ាន និពន្ធដោយ : ទេព អ៊ីវិសាល       June-06-2016, 10:59 pm         3156

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​ការរួបរួម​គ្នា​ជា​សំឡេង​តែមួយ​» នៅតែ​ជា​ក្តីបារម្ភ​របស់​អាស៊ាន​សក្តានុពល​ភូមិសាស្ត្រ​នយោបាយ​របស់​អាស៊ាន បានធ្វើ​ឲ្យ​ស្ថាប័ន​ក្នុង​តំបន់​មួយ​នេះ ក្លាយជា​ទិសដៅ​ដ៏ សំខាន់​សម្រាប់​ប្រទេស​មហាអំណាច​ចាប់​ដៃគូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ ភាពជា​ដៃគូ​។ តែ​ទន្ទឹមនឹង​សក្តានុពល​នេះ បញ្ហា​មួយ​ដែល​អាស៊ាន មិនទាន់​អាច​ធានា​ឲ្យ​បាន​នោះ​គឺ «​គោលជំហរ​តែមួយ​» ឬ​«​កា​រួបរួម​សំឡេង​តែមួយ​» ដើម្បី​សម្រេច​លើ​បញ្ហា​មួយ ដែលមាន​ដឹកនាំ​អាស៊ាន តែងតែ​សម្តែង​ការព្រួយបារម្ភ​។

​នា​កិច្ចប្រជុំ​កំពូល​សន្តិសុខ Shangri-La នៃ​ប្រទេស​សិង្ហ​បុរី ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ការពារ ជាតិ​ជាច្រើន​ក្នុង​តំបន់ ស្ទើរតែ​ត្រូវបាន​គ្របដណ្តប់​ដោយ​បញ្ហា​ដ៏​រសើប​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ មានការ​លើកឡើង​ពី​ក្តីបារម្ភ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការវិវត្ត​ពី​បញ្ហា​ដោយ​មេដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ាន តែម្តង​។ ហើយ​សម្រាប់​មេដឹកនាំ​អាស៊ាន ខណៈពេល​កំពុងតែ​ប្រឈម​បញ្ហា និង​ក្លាយជា​ទិសដៅ​របស់​មហាអំណាច ពួកគេ ចង់ឃើញ​អាស៊ាន មានការ​រួបរួម​តែមួយ​និង​មិន​បន្ទោស​អ្នកណា​មួយ​ពី​បង្ក បញ្ហា​តែ​ពង្រឹងសមត្ថភាព​អាស៊ាន​ខ្លួនឯង​ឲ្យ​កាន់តែ​រឹងមាំ​។​

១. ម៉ាឡេស៊ី​៖ មិនអាច​បន្ទោស អាមេរិក ឬ​ចិន បានឡើយ​
​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein  ទទូច​ឲ្យ​សមាជិក​ទាំងអស់​គួរតែ រៀបចំ​អាស៊ាន​ខ្លួនឯង​ឲ្យ​មាន​បែបបទ​រួម​ជាមុនសិន មុននឹង​បន្ទោស​អាមេរិក ឬ​ចិន ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រៅ​នៃ​កិច្ចប្រជុំ Shangri-La ថា «​សូម្បីតែ​ក្នុង​អាស៊ាន ក៏មាន​ការអះអាង និង​ទាមទារ​ដូចគ្នា​ទៅហើយ​។ យើង មិនអាច​នៅតែ​បន្ទោស​ចិន ឬ បន្ទោស​អាមេរិក ទាល់តែ យើង​អាច​ដោះស្រាយ​នៅក្នុង​ស្ថាប័ន​ខ្លួនឯង​ហើយ​នោះ​»​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា « វា​ពិតជា​សំខាន់​ណាស់​សម្រាប់​រដ្ឋ​តូចៗ​ដូចជា​យើង​នៅក្នុង​អាស៊ាន ក្នុង​ធានា​ឲ្យ​បាន​អ្វីដែល​យើង​ធ្វើ និង​អ្វីដែល​ត្រូវបាន​សម្រេច​ដោយ​មហាអំណាច មិនអាច​បោះបង់​យើង​នៅ​សមុទ្រ នៅពេល​ចំណង​ត្រូវបាន​ស្រាយ​នោះ​»​។ ក្នុងន័យនេះ លោក ទំនងជា​សំដៅថា អាស៊ាន គួរតែ​ធ្វើ​អ្វីដែល​មហាអំណាច​មិនអាច​ខ្វះ ឬ​បោះបង់​បាន​តាមរយៈ​ការរួបរួម​គ្នា​។​

២. វៀតណាម ចង់​ឲ្យ​អាស៊ាន​មាន​សំឡេង​តែមួយ 
​បន្ថែម​ពី​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម លោក Nguyen Chi Vinh ក៏បាន​ថ្លែងប្រាប់​សារព័ត៌មាន The SundayTimes ដែរ​ថា « អាស៊ាន គួរតែមាន​សំឡេង​តែមួយ​ដែល​សំឡេង​ដែល​មានកា​រួបរួម​លើ​បញ្ហា​នោះ ធំ​ជាង​សមុទ្រ​ចិន​ខាងត្បូង​ទៅទៀត​»​។ លោក បាន​បញ្ជាក់ថា «​វា គួរតែមាន​សំឡេង​ដែលមាន​ការរួបរួម​តែមួយ​លើ​បញ្ហា​នៃ​ការអភិវឌ្ឍ បញ្ហា​នៃ​សន្តិសុខ​រួម​សម្រាប់​សហគមន៍​»​។

៣. ថៃ ចង់​ឲ្យ​កាន់តែ​មានការ​រួបរួម​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​
​មិន​ខុសពី​មន្ត្រីជាន់ខ្ពស់​ការពារ​ម៉ាឡេស៊ី និង​វៀតណាម លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​នៃ​កិច្ចប្រជុំ Shangri-La ក៏បាន​ទទូច​ឲ្យ​រដ្ឋ​អាស៊ាន កាន់តែ​រួបរួមគ្នា និង​បង្កើន​តួនាទី​ក្នុង​ការកសាង​តុល្យភាព​ថ្មី​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សន្តិសុខ និង​សក្តា​ពល​នៃ​តំបន់ កំពុងតែ​ជំរុញ​ឲ្យ​ប្រទេស​មហា អំណាច​ក្នុង​ការបង្កើន​ឥទ្ធិពល​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។ លោក សង្កត់ធ្ងន់ថា សមាជិក​អាស៊ាន ត្រូវតែ​រួបរួម និង បង្កើន​តួនាទី​ក្នុង​កសាង​តុល្យភាព​យុទ្ធសាស្ត្រ​ថ្មី​នៅក្នុង​តំបន់​ដើម្បី​ទ្រទ្រង់​បរិយាកាស​សន្តិភាព និង​អាច​ឲ្យ​គ្រប់ភាគី​ទាំងអស់​ត្រូវ​ចង់ភ្ជាប់​ដោយ​គោលការណ៍ និង​បទបញ្ជា​រួម​ផងដែរ​។

​លោកនាយក​រដ្ឋមន្ត្រី​ថៃ​រូបនោះ បាន​លើក​ពី​មហាអំណាច​ដែល​បាននិងកំពុង​តែ​សម្លឹង​មកលើ​អាស៊ាន ហើយ​អាស៊ាន គួរតែមាន​គោលជំហរ​មួយ​រឹងមាំ​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ប្រទេស​ទាំងនោះ រួមមាន​អាមេរិក ជប៉ុន ចិន រុស្ស៊ី រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង និង​អូស្ត្រាលី​។

​តែ​សម្រាប់​ឥណ្ឌូនេស៊ី​វិញ លោក​រដ្ឋមន្ត្រី​ការពារជាតិ Ryamizard Ryacudu  បាន​អះអាងថា ឥណ្ឌូនេស៊ី គាំទ្រ​ចរន្ត​នៃ​ការរួបរួម​របស់​អាស៊ាន លុះត្រាតែ ចរន្ត​នោះ ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​សុ​ឆន្ទៈ​។​

​បើទោះជា​ការប្រកួតប្រជែង​ឥទ្ធិពល​សេដ្ឋកិច្ច​មកកាន់​អាស៊ាន កំពុងតែ​កើតមាន​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​មហាអំណាច​ក៏ដោយ បញ្ហា​នេះ មិនមែនជា​ក្តីបារម្ភ​ធំ​នោះទេ​សម្រាប់​ការរួបរួម និង​ភាព​ស្នូល​របស់​អាស៊ាន​។ តែ​បញ្ហា​ដែលជា​ក្តីបារម្ភ​ធំ​នោះ​គឺ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​គេ​ឃើញថា​រដ្ឋ​អាស៊ាន​មាន​គោលជំហរ​មិនទាន់​ស្របគ្នា​នោះទេ​។ រដ្ឋ​ខ្លះ មាន​ទំនោរ​ទៅរក​គោលជំហរ​របស់​ចិន និង ខ្លះទៀត មាន​គោលជំហរ​ប្រឆាំង​ចិន​លើ​ការដោះស្រាយ​បញ្ហា​នោះ​៕