អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

អស់ពីតួសម្ដែង នៅក្នុងឈុតឆាកភាពយន្ដ ឬនៅក្នុងចម្រៀងកាយវិការ តើលោក អេង រិទ្ធី ពិធីកររបស់​ទូរទស្សន៍​បាយ័ន្ត កំពុងដើរតួសម្ដែង «ដ៏ពិសេស»មួយបែបទៀតឬ? តើបើទោះជាលោក កែម ឡី មិនបាន​និយាយ​ចំ​ឈ្មោះ​ថា អតីត​តារា​ភាពយន្ដ​រូបនេះ ធ្លាប់បានរងការរិះគន់ ទាក់ទងនឹងការលើកឡើងមួយ នា​ពេល​កន្លងមកនោះក៏ដោយ តែអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​ដ៏ល្បីឈ្មោះ បែរជាពន្យល់ថា គឺអ្នកទស្សនាទៅវិញទេ ដែល​ត្រូវ​ចេះ​មើល មាន​ជំនាញ​មើល និង​វិភាគ​ឲ្យ​បាន​ស៊ី​ជម្រៅ។
អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

ពីឆ្វេងមកស្ដាំ៖ លោក កែម ឡី និងលោក អេង រិទ្ធី។ (រូបថតហ្វេសប៊ុក)

បើគេចាំមិនភ្លេចទេ អតីតតារាសម្ដែង អេង រិទ្ធី ដែលបានក្លាយជាពិធីករ នៅទូរទស្សន៍បាយ័ន្ត បាន​ថ្លែង​អះអាង​នៅក្នុងវីដេអូមួយ កាលពីអំឡុងចុងឆ្នាំ២០១៣ ថានៅស្រុកខ្មែរ គ្មានយួនម្នាក់ឡើយ។ វីដេអូនោះ ដែល​ត្រូវ​បានជនអនាមិកម្នាក់យកមកបង្ហោះ នៅក្នុងបណ្ដាញសង្គម បានទទួលនូវការចែករំលែក​យ៉ាង​សន្ធឹក​សន្ធាប់ ជាមួយនឹងការវាយប្រហារត្រឡប់ទៅលោក អេង រិទ្ធី វិញ​យ៉ាងចាស់ដៃ ពីសំណាក់មនុស្សជាច្រើន ជា​ពិសេស​​ទស្សនិកជន ​របស់​​តារា​សម្ដែង​នេះ​ផ្ទាល់​តែម្ដង។

ប្រតិកម្មពីបណ្ដាប្រិយមិត្ត បានផ្ទុះឡើងជាថ្មីទៀត នៅក្រោយពេលធ្វើសន្និសីទការសែត កាលពីដើមខែធ្នូ ឆ្នាំ​២០១៤ ពីសំណាក់ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏សាហាវមួយ នៅ​កណ្ដាល​រាជធានីភ្នំពេញ ដែលនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកទាំងពីរ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ និង​នៅ​មាន​សាច់សារលោហិត ឬខ្សែបណ្ដាញជាច្រើន នៅក្នុងប្រទេសវៀតណាមនោះទៀត។

ប៉ុន្តែសម្រាប់លោក កែម ឡី ដែលបានបង្ហោះរូបថត របស់លោក និងលោក អេង រិទ្ធី នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក ទំនងគ្រាន់តែចាត់ទុកអតីតតារាសម្ដែង ថាជាតួសម្ដែងមួយរូបប៉ុណ្ណោះ ខណៈ​ខ្លឹមសារ​ល្អ​ឬ​អាក្រក់ និង​អាថ៌កំបាំង​យ៉ាងណានោះ វាស្ថិតនៅលើអ្នកនិពន្ធ និងអ្នកដឹកនាំរឿង។ រីឯតួសម្ដែងវិញ ក៏មិនមែន​មាន​ត្រឹម​តែ​លោក អេង រិទ្ធី នោះដែរ បើទោះជា​អតីត​តារាភាពយន្ដរូបនេះ ធ្លាប់បានសម្ដែងភាគច្រើន ជាតួឯក​តែ​ម្នាក់​នោះ​ក៏​ដោយ។

លោក កែម ឡី បានសរសេរថា៖ «អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ច្រើនស្ថិតនៅអាថ៌កំបាំង និងបង្កប់អត្តន័យ ខ្លឹមសារល្អ ឬអាក្រក់ទៅតាមសាច់រឿងនីមួយៗ។ ចំណែកតួសម្តែងមានគ្រប់ប្រភេទដូចជា តួឯក តួរង តួយក្ខ តួតាឥស្សី តួស្លូត។ល។»

ប៉ុន្តែផ្ទុយទៅវិញ គឺទស្សនិកជនទៅវិញទេ ដែលត្រូវឲ្យឆ្លាតវាងវៃបន្តិច។ លោក កែម ឡី បានលើកឡើង ពី​អ្នក​មើល ថាត្រូវសិក្សា និងសង្កេតមើល តើនរណាជាអ្នកនិពន្ធពិតប្រាកដ មុននឹងអ្នកស្រាវជ្រាវ​ផ្នែក​សង្គម​រូប​នេះ បានប្ដូរទិសដៅ​នៃសំណេររបស់លោក ទៅរករឿងរ៉ាវផ្នែកនយោបាយដូច្នេះថា៖ «ហើយនរណា ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង អ្នកដឹកនាំរឿងនយោបាយ បច្ចុប្បន្ន?»។

លោក កែម ឡី បានបន្តពន្យល់ថា៖ «នៅសម័យខ្មៅងងឹត (លោកចង់សំដៅទៅរបបខ្មែរក្រហម?) ចិន និង យួនបង្កប់ ដែលជាអ្នកនៅពីក្រោយខ្នងអ្នកនិពន្ធ និង អ្នកដឹកនាំរឿង។ លើសពីនេះ ក្រុមពីរដែល​ត្រូវ​បង្កើត​ឡើង រួចទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្នុងការសម្លាប់ពលរដ្ឋខ្មែរ។ ទីបំផុត តួអង្គស្លូតមួយក្រុម ដែល​ពុំ​បាន​សម្លាប់​ខ្មែរ នៅសម័យអាវខ្មៅ ត្រូវបានអ្នកនិពន្ធ និងអ្នកដឹកនាំរឿង លាបពណ៌បាន​សម្រេច​ថា​ជា​មេ​ដឹកនាំ និង​អ្នក​ទទួល​ខុសត្រូវខ្ពស់បំផុត នៃរបបអាវខ្មៅ។ ចំណែកតួសម្តែងមួយក្រុមទៀត ដែលជាតួសម្លាប់​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ នៅរបបអាវខ្មៅ ត្រូវបានប្រែកាឡាជាតួអង្គជួយសង្រ្គោះ និងជាតួអង្គចិត្តល្អ។»

បើតាមន័យនេះ ធ្វើឲ្យគេសរុបសេចក្ដីមកថា លោក អេង រិទ្ធី អាចជាតួសំដែងក្នុងរឿង«នយោបាយ»មួយ ខណៈ​អ្នកនិពន្ធ និងដឹកនាំរឿងរបស់លោក អេង រិទ្ធី កំពុងត្រូវបាន«ញ៉ាក់ខ្សែ»​ដោយ​តួ​សម្ដែង​មួយ​ទៀត ដែល​នៅ​ពី​ក្រោយខ្នង នៃឈុតឆាក«នយោបាយ»នេះ។ ហើយតួសម្ដែងដ៏អាថ៌កំបាំងនោះ អាចជាចិន និងយួន។ មិន​អញ្ចឹង​ឬ?