ឈុតឆាក និងក្បាច់​ផ្ដួល​គូ​ប្រកួត​ធំៗ​របស់ មហាមេដ អាលី

បើទោះជាខ្មែរយើង ដែលកំពុងស្ថិតក្នុងសម័យកាលសង្គ្រាម មិនសូវស្គាល់និយាយពីលោកក៏ដោយ តែកំពូល​អ្នក​ប្រដាល់​ជាតិ​អាមេរិក មានស្បែកខ្មៅ លោក មហាមេដ អាលី (Mohamed Ali) ដែលទើបនឹង​លា​ចាក​លោក កាល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ត្រូវ​បាន​ពិភព​ប្រដាល់​ហៅ​លោក ថាជា«អធិរាជប្រដាល់» ដោយយោង​តាម​ការ​វាយ​គូ​ប្រកួត ឲ្យសន្លប់​ជាច្រើន​នាក់​​នៅ​លើ​សៃវៀន បូករួម​នឹង​បុព្វហេតុ​ដើម្បី​ប្រឆាំង នឹងការប្រកាន់​ពូជសាសន៍​​ពណ៌​​សម្បុរ​​​នោះ​ផង។
ឈុតឆាក និងក្បាច់​ផ្ដួល​គូ​ប្រកួត​ធំៗ​របស់ មហាមេដ អាលី

លោក មហាមេដ អាលី បន្ទាប់ពីផ្ដួលគូប្រកួតរួច។ (រូបថតផ្តិតពីវីដេអូ)

កំពូលអ្នកប្រដាល់ ជាប្រវត្តិសាស្ត្រ និងជាម្ចាស់ជើងឯកច្រើនជំនាន់ ផ្នែកប្រដាល់ លោក មហាមេដ អាលី (Mohamed Ali) បានរលត់សង្ខាទៅ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់ពី​លោក​បាន​ប្រយុទ្ធលើសៃវៀន​ចុងក្រោយ ជាមួយជំងឺ ប៉ាគីនសុន (Parkinson) ដែលមានរយៈពេល៣២ឆ្នាំ មិនមាន​ជ័យជំនះ​រួច​មក។ បុណ្យបញ្ចុះសពលោក គ្រោងនឹងធ្វើនៅថ្ងៃសុក្រខាងមុខ ប៉ុន្តែនៅពេលនេះមនុស្សម្នា នៅ​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់ នៃពិភពលោក បានយកការវាយប្រដាល់​របស់លោក កាលពីពេលលោក​មានវ័យ​ពេញ​កម្លាំង​នៅ​ឡើយ យកមករំលឹក និងទស្សនាឡើងវិញ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្រាវជ្រាវពីឈុតឆាកផ្ដួលគូប្រកួត (និងត្រូវគេផ្ដួលវិញ) ដ៏ពិសេសៗ​ទាំង​នោះ រួម​ជាមួយនឹងវីដេអូផង យកមកជម្រាបជូនប្រិយមិត្តដូចខាងក្រោម៖

- ដំបូងគេបំផុតនេះ គឺជាការវាយជាមួយ «Henry Cooper» ដែលជាជើងឯកអ៊ឺរ៉ុប នៅរាជធានី «Londres» ប្រទេសអង់គ្លេស ក្នុងឆ្នាំ ១៩៦៣។ លោក អាលី បានសារភាពថា លោកបានប្រើយុទ្ធសាស្ត្រ មិនស្រប​​តាម​លក្ខន្តិកៈ​ប្រដាល់ ដើម្បីយកឈ្នះនៅពេលនោះ នឹងអាលឈានជើង ចូលមកក្នុង​ពិភព​ជើងឯក ផ្នែក​ប្រដាល់។

- នៅឆ្នាំ១៩៦៥ លោក អាលី បានប្រកួតជាមួយ «Sonny Liston» ដោយផ្ដួលឲ្យសន្លប់ គូរប្រកួតរបស់​លោក ជាមួយនឹងកណ្ដាប់ដៃដ៏អស្ចារ្យ។ ការប្រកួតនេះ ត្រូវបានរៀបចំឡើង នៅក្នុងក្រុង «Lewiston» ភាគ​ឦសាន្ដ នៃសហរដ្ឋអាមេរិក។

- ប្រកួតក្នុងឆ្នាំ១៩៦៧៖ សម្រាប់កីឡាករប្រដាល់ «Ernie Terell» ដែលប្រកួតមិនដែលចាញ់ តាំង​ពី​២ឆ្នាំ​មក​ហើយនោះ ត្រូវបានគេចាត់ទុក នៅពេលនោះ ថាជាដៃគូដ៏គ្រោះថ្នាក់សម្រាប់លោក អាលី។ ប៉ុន្តែការ​ប្រកួត​នោះ បាន​ប្រែ​ក្លាយជាមេរៀនសម្រាប់លោក «Ernie Terell» ទៅវិញ។ នៅក្នុងការប្រកួត លោក មហាមេដ អាលី បាន​ស្រែក​សួរ​ទៅដៃគូខ្លួនថា៖ «តើអ្នកឯងស្គាល់ឬទេ ថាខ្ញុំឈ្មោះអី?»។

- ការប្រកួតប្រចាំសតវត្សន៍ ក្នុងឆ្នាំ១៩៧១ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ជាមួយកីឡាករ «Joe Frazier»។ កីឡាករ «Joe Frazier» ជាប់ឈ្មោះជាកីឡាករគ្មានមេត្តា និងគ្មាននរណាម្នាក់ អាចនៅ​ឈរ​នៅ​មុខ​កីឡាករ​ម្នាក់នេះ នៅលើសៃវៀនប្រដាល់បានឡើយ និងនៅទីបញ្ចប់ នៃជុំប្រកួតទី១៥ លោក មហាមេដ អាលី បាន​ចាញ់​ដោយពិន្ទុ។

- ក្នុងឆ្នាំ១៩៧៤ លោក អាលី បានប្រកួតក្នុងក្រុង «Kinshasa» សហរដ្ឋអាមេរិក ជាមួយកីឡាករ «Foreman» ដែលមិនដែលចាញ់ តាំងពី៤០ប្រកួតមកហើយ។ នៅក្នុងពេលប្រកួត លោក អាលី បានខ្សឹប​ដាក់​ត្រជៀក​របស់​លោក «Foreman» ថា៖ «ខ្ញុំជាគ្រូរបស់អ្នកឯង»។ ហើយទីបំផុត កីឡាករ «Foreman» បាន​ដួល​សន្លប់​ងើបលែងរួច នៅលើសៃវៀន នៅជុំប្រកួតទី៨។

- នៅពេលជួប​ជាមួយកីឡាករ «Earnie Shavers» ក្នុងឆ្នាំ១៩៧៧ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក លោក មហាមេដ អាលី មានទម្ងន់ខុសខ្នាត ប្រមាណជា១១៥គីឡូ និងមានអាយុ៣៥ឆ្នាំទៅហើយ។ នៅពេលនោះ លោក អាលី ចេញប្រយុទ្ធ ដើម្បីតែប្រាក់ប៉ុណ្ណោះ។ ប៉ុន្តែលោកនៅតែអាចយកឈ្នះ លើគូរប្រកួតបាន ដោយ​បានថ្លែងឡើង នៅក្រោយការប្រកួតនោះថា៖ «Earnie Shavers បានវាយខ្ញុំ ខ្លាំងទាល់តែមែនទែន ខ្លាំង​លុះ​ត្រា​ដូនតា​ខ្ញុំផ្ទុះការក្ដៅក្រហាយ រហូតដល់ទ្វីបអាហ្វ្រិក»។

- ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ១៩៧៨ លោក អាលី បានត្រឡប់មករកការសងសឹកវិញ ដោយ​ចេញ​ប្រកួតជាមួយលោក «Joie Frazier» ជាថ្មីទៀត។ ជាការប្រកួតដ៏ខ្លាំងក្លាមួយ ពីចំណោមការ​ប្រកួត​ដ៏​អស្ចារ្យ នៃ​អាជីព​ប្រដាល់ របស់លោក មហាមេដ អាលី៖

និងវីដេអូពិសេសចុងក្រោយ៖