បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

សិស្សានុសិស្ស​ដែល​មាន​លំនៅឋាន​ ឃុំ​ស្រ​ង៉ែ ​ស្រុក​ទ្រាំង ​អាច​ទទួល​បាន​ការសិក្សា​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​ពី​មជ្ឈមណ្ឌល​សិក្សា​មួយ​ក្រោម​គំនិត​ផ្ដួចផ្ដើម​ ពី​លោកគ្រូ​ចៅអធិការ​វត្ត​ឧត្ដម្ភ​រង្សី​ព្រៃ​ទប់។

 
បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

ព្រះ​តេជគុណ ​អ៊ីថា​ ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​អោយ​មាន​ការ​បណ្ដុះ​បណ្ដាល​ភាសា​អង់គ្លេស​នៅ​មូលដ្ឋាន​ខាងលើ ប្រាប់​Sabayថា​ មជ្ឈមណ្ឌល​ភាសាបរទេស​នេះ​កើតឡើង​ដោយសារ​សិស្ស​មួយ​ក្រុម​ចង់​រៀន​ភាសា​អង់គ្លេស​ពេក​តែ​ដោយសារ​ឪពុកម្ដាយ​មាន​ជីវភាព​ខ្វះខាត​ពេក​គ្មាន​ប្រាក់​បង់​អោ​យ​គ្រូបង្រៀន។

 

“ឪពុកម្ដាយ​ក្មេង​ទាំងនោះ​បាន​មក​ពឹង​អាត្មាភាព​អោយ​ជួយ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​អោយ​ក្មេង​ទាំងនោះ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ភាសា​ដូច​ក្មេង​នៅ​ទីក្រុង។ អាត្មាភាព​បាន​ពិភាក្សា​ជាមួយ​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​អំពី​ការជួល​គ្រូ​មក​បង្រៀន​នៅទី​នេះ​តែម្ដង។ ក្រោយមក​សប្បុរសជន ៣នាក់​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​គ្រូ៤នាក់​ស្មើ ២៤០ដុល្លា​​ក្នុង១ខែ “។

 
បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

កុមារ​រា​ ស៊ា​ ករុណា​ អាយុ ១០ឆ្នាំ​ប្រាប់ថា​ គាត់​បាន​មក​រៀន​នៅ​ទីនេះ​រយៈពេល ៥ខែ​ហើយ​អត់​មាន​បង់​ប្រាក់​ទេ។ពេលនេះ​គាត់​អាច​អាន ​និង​សរសេរ​ភាសា​អង់គ្លេស​បាន​ខ្លះ​ហើយ។

 

ចំណែក ​កញ្ញា ស្រីរ​ត្ន័​ រៀន​ថ្នាក់​ទី ៨វិទ្យាល័យ​ព្រៃ​ទប់ ​បាន​ប្រាប់ថា​ នាង​មក​រៀន​ភាសា​អង់គ្លេស​ទីនេះ​ជិត១ឆ្នាំ​មក ។ដោយសារតែ​គ្មាន​លទ្ធភាព​រៀន​នៅ​សាលា​ឈ្នួល ហើយ​បើ​ទៅ​រៀន​នៅ​តាកែវ​ឆ្ងាយ​ពី​ផ្ទះ​ពេក​សុខចិត្ត​រៀន​នៅ​ទីនេះ​ចុះ​ទោះបី​មានតែ​ថ្ងៃ​សៅ​អាទិត្យ​ក៏ដោយ។

 

សកម្មភាព​មនុស្សធម៌​នេះ​ជា​ការ​រួមចំណែក​លើកកម្ពស់​ការអប់រំ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ហើយ ​​ចៅអធិការ​វត្ត​សង្ឃឹមថា នឹង​ពង្រីក​មជ្ឈមណ្ឌល​សិក្សា​នេះ​អោយ​កាន់តែ​ធំ​នៅ​ឆ្នាំ​បន្តបន្ទាប់។

 

“បន្ថែម​ពី​នេះ​ក្នុង (ឆ្នាំ២០១៧) ពេល​ដ៏​ខ្លី​ខាងមុខ​អាត្មាភាព​នឹង​មាន​បើក​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​កុំព្យូទ័រ​អោយ​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​នេះ​សិក្សា​ដោយ​ឥតគិតថ្លៃ”។ ចៅ​អធិការ​មាន​សង្ឃដីកា។

 

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​នេះ​ចាប់​ដំណើរការ​ដំបូង​នៅ​ ខែ​ឧសភា ​ឆ្នាំ ២០១៥ គិត​មកដល់ពេលនេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ ​ដោយមាន​គ្រូបង្រៀន​ភាសា​អង់គ្លេស ៤នាក់ ​និង​សិស្ស​ជាង ១០០នាក់៕

 
បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

អត្ថបទ៖ ជិន វេន