ចំណុច ៣ សំខាន់​ត្រូវ​ដឹង ពេល​រថយន្ត​ស៊ី​សាំង​ខុស​ធម្មតា

សាំង​រថយន្ត ជា​ផ្នែក​មិន​អាច​ខ្វះ​បាន​គ្រប់​រថយន្ត​ទាំង​អស់ ម៉្យាង​ទៀត​រថយន្ត​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ស៊ី​សាំង​ខុស​ធម្មតា ដែល​តម្រូវ​ឱ្យ​​​​ម្ចាស់​យាន​យន្ត​ចាំបាច់ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​​ទាំង​នេះ។

 

ចំណុច ៣ សំខាន់​ត្រូវ​ដឹង ពេល​រថយន្ត​ស៊ី​សាំង​ខុស​ធម្មតា

 

លោក រដ្ឋា  ដែល​ជា​ម្ចាស់​ហ្ការ៉ាស់​ជួសជុល​រថយន្ត វើ សឺស ខេមបូឌា បាន​ដាស់​តឿន​ថា នៅ​ពេល​រថយន្ត​ប្រើ​យូរ​ឆ្នាំ មិន​បាន​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ថែទាំ បណ្ដាល​ឱ្យ​ស៊ីសាំង​ខុស​ធម្មតា មក​ពី​កត្តា​ធំៗ ខាង​ក្រោម​នេះ

 

- ប៊ូស៊ី៖ ចំណុច​នេះ​​អ្នក​បើកបរ​​ត្រូវ​តាម​ដាន​ពិនិត្យ​លើ​រថយន្ត​ដោយ​ខ្លួន​ឯង កាលណា​ប៊ូស៊ី​រថយន្ត​ហួស​កំណត់​ប្រើ ពោល​គឺ​ចាប់ពី 50 000 គីឡូម៉ែត្រ​ឡើង​ទៅ ត្រូវ​ចូល​យានដ្ឋាន​ដើម្បី​ផ្លាស់​ថ្មី ជៀសវាង​ទុក​រហូត​ដល់​ខូច​ទើប​ចូល​ជាង។

 

- ដុយ​ស៊ីម៉ាំង ឬ ដុយ​អុកស៊ីសែន៖ ដុយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​រថយន្ត​ប្រភេទ​ប្រើ​សាំង ព្រោះ​វា​មាន​នាទី ក្នុង​ការ​កាត់​បន្ថយ​ការ​ស៊ីសាំង​រថយន្ត។ ដុយ​នេះ​មាន​ចំនួន ៣ ឬ ៤ គ្រាប់​អាស្រ័យ​លើ​ប្រភេទ​រថយន្ត ប្រសិន​បើ​វា​ខូច​ដុយ​ណាមួយ នោះ​វា​អាច​ឆ្លង​ទៅ​ដុយ​ដទៃ​ទៀត ​ដែល​បណ្ដាល​ឱ្យ​រថយន្ត​ដែល​ប្រើ​ប្រចាំ​ថ្ងៃ ស៊ី​សាំង​ខ្លាំង ខុស​ធម្មតា។

 

-សំបុក​ឃ្មុំ (តម្រង​ខ្យល់​កខ្វក់)៖ តម្រង​នេះ​មាន​នាទី​ក្នុង​ការ​កាត់​បន្ថយ​កម្ទេច​កំទី​ដែល​សល់​ពី​ចំហេះ​សាំង​ក្នុង​ម៉ាស៊ីន ឬ ​កាត់​បន្ថយ​ធូលី (ជាតិពុល)​​​ ក្នុង​ម៉ាស៊ីន ដោយ​សារ​ការ​ជ្រើសរើស និង​ប្រើប្រាស់​ប្រភេទ​ឥន្ធនៈ​លាយ​ឡំ​គ្នា ពោល​គឺ ប្រភេទ​ឥន្ធនៈ​ខុស​ច្បាប់ ដូច​នេះ​ឧស្សាហ៍​ពិនិត្យ​តម្រង​ ហើយ​ប្ដូរ​វាចេញ ​ប្រសិន​បើ​ឃើញ​ថា​កខ្វក់​ខ្លាំង។

 

លោក បាន​បន្ថែម​ថា នៅ​មាន​ចំណុច​ជាច្រើន​ទៀត ដែល​អាច​សម្គាល់​លើ​រថយន្ត​ដែល​ស៊ី​សាំង​ខុស​ធម្មតា  ប៉ុន្តែ​បីចំណុច​​​ខាង​លើ​ជា​ចំណុច​ចម្បង ដែល​អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​​កុំ​ឱ្យ​ខាត​បង់​ប្រាក់​កាស​និង​ពេល​វេលា​ឥត​ប្រយោជន៍៕

 

ចុច​អាន៖ ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

 

អត្ថបទ៖ រក្សា