កងពលតូចលេខ៣១បន្តឈ្នះ​ រីឯ២ក្រុមទៀត បង្ហាញភាពខ្លាំងពេលបើកឆាក

ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ កំពុងតែមានពិន្ទុនាំមុខគេ នៅក្នុងការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Division B នៃព្រឹត្តិការណ៍ប្រកួតបាល់ទះថ្នាក់ជាតិដណ្តើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៦ (Leo Cup National Volleyball 2016) បន្ទាប់ពីពួកគេបានបន្តឈ្នះ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ រីឯក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម និងក្រុមកងពលតូចអន្តរាគមន៍លេខ៧ បានបង្ហាញភាពខ្លាំងដូចគ្នា នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ កាលពីម្សិលមិញនោះដែរ។
mm4

ដោយឈរនៅពូលAជាមួយគ្នា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ធ្លាប់បានឈ្នះក្នុងថ្ងៃបើកឆាក កាលពីថ្ងៃអាទិត្យដូចគ្នា ប៉ុន្តែការវិលមកជួបគ្នាក្នុងការប្រកួតលើកទី២ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃម្សិលមិញ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ បានយកឈ្នះក្រុម វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣-១ជាមួយគ្រាប់បាល់ ២៥-២១ ២៣-២៥ ៣២-៣០ និង ២៥-២១។
mm3

ប៉ុន្តែក្រុមយុវជនបាត់ដំបង បានបន្តចាញ់ក្រុមលេខ១មកពីមណ្ឌលខេត្តកំពង់ចាម ខ្មែរសាមគ្គីខេត្តកំពង់ចាម ក្នុងលទ្ធផល ៣-១ គឺជាមួយគ្រាប់បាល់ ២៥-១៤ ២៥-១៦ ១៨-២៥ និង ២៥-២៣ នោះ។
mm2

ចំណែកក្រុមឈរនៅពូលB កងពលតូចអន្តរាគមន៍លេខ៧ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ក្នុងលទ្ធផល ៣-០ ជាមួយគ្រាប់បាល់ ២៥-១២ ២៥-១៧ និង២៥-២១ ហើយលេខ១របស់មណ្ឌលភ្នំពេញ យុវជនភ្នំពេញថ្មី បានចាញ់ក្រុមលេខ២មកពីមណ្ឌលខេត្តព្រះសីហនុ Aqua Fmaily Resort ៣-២ ជាមួយគ្រាប់បាល់ ១៦-២៥ ២៥-១៩ ១៤-២៥ ២៥-២៣ និង១៥-១១។
mm1

ចំពោះ៤ប្រកួតនៅថ្ងៃអង្គារនេះ

– ក្រុមយុវជនសសរស្តម្ភ v ក្រុមវិទ្យាស្ថានអប់រំកាយ និងកីឡា នៅម៉ោង ១២:០០
– ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម v ក្រុមកងពលតូច៣១ការពារកោះឆ្នេរ ម៉ោង ១៣:៣០
– ក្រុមស្នងការនគរបាលខេត្តកំពង់ចាម v ក្រុមខេត្តប៉ៃលិន ម៉ោង ១៥:០០
– ក្រុម Aqua Fmaily Resort v ក្រុមកងពលតូចអន្តរាគមន៍លេខ៧ ម៉ោង ១៧:០០