ជំនួបប្រចាំឆ្នាំ៖​អាមេរិក និង​ចិន​អំពាវនាវ​ឲ្យ​ចាប់ដៃ​គ្នា​ក្នុង​នាម​ជា​ដៃគូ​ ជាជាង​ក្នុង​នាម​ជា​គូសត្រូវ

កិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ រវាងអាមេរិក និងចិនបានចាប់ផ្តើមបើកធ្វើនៅថ្ងៃចន្ទ ទី៦ នេះ និងបន្តដល់ថ្ងៃអង្គារ ទី៧ មិថុនាក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ពីខាងភាគីអាមេរិកចូលរួមដោយលោកប្រមុខការទូតចន ឃែរី និងលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្សាក់កូប លូ រីឯភាគីចិនចូលរួមដោយលោកឧបនាយករដ្ឋមន្រ្តីវ៉ាង យ៉ាង និងទីប្រឹក្សារដ្ឋលោកយ៉ាង ជីឈឺ។ កិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងអាមេរិក និងចិនឆ្នាំនេះបានធ្វើឡើង ចំពេលដែលប៉េកាំង និងវ៉ាស៊ីនតោនកំពុងដំឡើងសាច់ដុំដាក់គ្នាក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ជំនួបប្រចាំឆ្នាំ៖​អាមេរិក និង​ចិន​អំពាវនាវ​ឲ្យ​ចាប់ដៃ​គ្នា​ក្នុង​នាម​ជា​ដៃគូ​ ជាជាង​ក្នុង​នាម​ជា​គូសត្រូវ

រូបថតទី២ និងទី៣ពីឆ្វេងទៅស្តាំ លោកប្រមុខការទូតអាមេរិកចន ឃែរី និងលោកប្រធានាធិបតីចិនស៊ី ជីនពីង

គួរឲ្យភ្ញាក់ផ្អើល និងខុសពីការរំពឹងទុក បរិយាកាសរួមនៅក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចទល់មុខគ្នារវាងអាមេរិក និងចិននាថ្ងៃទី១ ថ្ងៃនេះ គឺល្អ និងហាក់ដូចជាមានការយោគយល់គ្នាច្រើនទាក់ទងនឹងការប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ ជម្លោះនៅក្នុងសមុទ្រខាងត្បូងដែលចិនកំពុងប្រឈមមុខនឹងបណ្តាប្រទេសអាស៊ីមួយចំនួននៅក្នុងតំបន់ និងដែលអាមេរិកបានលូកដៃចូលអន្តរាគមន៍កាន់តែខ្លាំងនារយៈពេលចុងក្រោយនេះ។ ការលូកដៃអន្តរាគមន៍កាន់តែជ្រៅរបស់អាមេរិកដែលបានធ្វើឲ្យចិនក្តៅក្រហាយ និងដែលសំណុំរឿងមួយនេះបានក្លាយជាការប្រឈមមុខដាក់គ្នារវាងអាមេរិក និងចិនមកដល់សព្វថ្ងៃ។

ជាក់ស្តែងនាដំណើរទស្សនកិច្ចក្នុងប្រទេសម៉ុងហ្គោលីនៅថ្ងៃអាទិត្យ ទី៥ មិថុនា លោកប្រមុខការទូតអាមេរិកចន ឃែរីបានបញ្ជាក់ជាថ្មីថា ការពង្រីកឥទ្ធិពលយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ជាទង្វើបង្ករឿង និងបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់ ហើយបានទទូចឲ្យចិនបញ្ឈប់រាល់វិធានការទាំងឡាយដែលមានលក្ខណៈឯកតោភាគី និងញុះញង់។ ជាចម្លើយតបវិញ ចិនបានស្នើឲ្យប្រទេសដែលមិនពាក់ព័ន្ធផ្ទាល់នឹងជម្លោះគួរតែដើរតួនាទីក្នុងន័យស្ថាបនា ពោលមិនមែនក្នុងន័យញុះញង់ទេ ហើយក៏បានចង្អុលមុខអាមេរិកវិញថា ជាអ្នកបង្ក និងជាអ្នកចិញ្ចឹមភាពតានតឹងដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន។

តែនៅពេលអង្គុយជួបទល់មុខគ្នាក្នុងថ្ងៃទី៦ មិថុនានេះ ភាគីទាំងពីរបែរជាបានប្រើសម្តីទន់ភ្លន់ដាក់គ្នា និងយល់ឃើញដូចគ្នាថា អាមេរិក និងចិនគួរតែចាប់ដៃរួមសហការណ៍គ្នាក្នុងនាមជាដៃគូជាជាងក្នុងនាមជាគូប្រជែង។

អាមេរិក និងចិននៅជាគូប្រជែង និងបន្តមិនទុកចិត្តគ្នា

ការប្រើសម្តីទន់ភ្លន់ដាក់គ្នាថ្ងៃនេះបានផ្តើមចេញដំបូងពីភាគីចិនតាមរយៈអន្តរាគមន៍របស់លោកប្រធានាធិបតីចិនស៊ី ជីនពីង។ លោកស៊ី ជីនពីងមិនបានលើកឡើងចំៗពីបញ្ហាសមុទ្រចិនខាងត្បូងដែលជាប្រធានរឿងក្តៅ និងរសើបរវាងប៉េកាំង និងវ៉ាស៊ីតោនទេ តែគ្រាន់បញ្ជាក់ថា មហាតំបន់ប៉ាស៊ីហ្វិកត្រូវតែជាតំបន់នៃកិច្ចសហប្រតិបត្តិការ គឺមិនមែនជាតំបន់នៃការប្រកួតប្រជែងឡើយ។ លោកស៊ី ជីនពីងបានបន្ថែមថា ចិន និងអាមេរិកត្រូវតែបង្កើនការទុកចិត្តគ្នាទៅវិញ ទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាចម្លើយតបវិញបែបទន់ភ្លន់ដូចគ្នា លោកប្រមុខការទូតអាមេរិកចន ឃែរីបានអះអាងថា គឺមានតែចិន និងអាមេរិកខ្លួនឯងទេដែលត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពង្រឹងបន្ថែមក្នុងភាពជាដៃគូជាជាងក្នុងភាពជាគូប្រជែង។ ដោយចៀសវាងបញ្ឆេះកំហឹងចិនជាថ្មីក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង លោកឃែរីបានត្រឹមអំពាវនាវឲ្យគ្រប់ភាគីដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងជម្លោះត្រូវបន្តស្វែងរកដំណោះស្រាយតាមផ្លូវចរចា។ គួររម្លឹកជូនឡើងវិញថា ទោះបីជាអាមេរិកមិនមែនជាភាគីជម្លោះផ្ទាល់ជាមួយចិន ដូចប្រទេសវៀតណាម ឬហ្វីលីពីនក៏ដោយ ក៏អាមេរិកមិនញញើតនឹងដំឡើងសាច់ដុំដាក់ចិនដោយលើកយកហេតុផលទៅពន្យល់ថា ដើម្បីការពារចរាចរណ៍ផ្លូវសមុទ្រក្នុងដែនទឹកអន្តរជាតិសម្រាប់ប្រយោជន៍សេដ្ឋកិច្ចក្នុងលោក។

វ៉ាស៊ីនតោនបានចេញមុខអះអាងម្តងជាពីរដងថា តំបន់នៅសមុទ្រចិនខាងត្បូងមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយទេ។ តែបញ្ហានៅត្រង់ថា ចិនមិនបានយល់ឃើញដូចអាមេរិកឯណា និងបានពង្រឹងឥទ្ធិពលរបស់ខ្លួន ពិសេសឥទ្ធិពលយោធានៅក្នុងតំបន់ ព្រមទាំងសាងសង់កោះសិប្បនិម្មិតនៅក្នុងតំបន់ទៀតផង។ ដូច្នេះឃើញថា កាយវិការទន់ភ្លន់រវាងចិន និងអាមេរិកថ្ងៃនេះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ព្រោះគេមិនត្រូវភ្លេចនិយាយទេថា ជម្រៅនៃបញ្ហានៅមិនទាន់បានដោះស្រាយ អាមេរិក និងចិននៅបន្តមិនទុកចិត្តគ្នា មើលបណ្តាំគ្នា ហើយពិសេសថែមទៀតនោះ អាមេរិក និងចិននៅបន្តជាគូប្រជែង ដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចិន និងអាមេរិកបង្ខំចិត្តចាប់ដៃគ្នា

អាមេរិក និងចិននៅតែត្រូវការគ្នាទៅវិញ ទៅមកមិនអាចខ្វះបានប្រៀបដូចជាប្តី ប្រពន្ធដែលឈ្លោះប្រកែកគ្នា និងប្រើសម្តីវាយប្រហារដាក់គ្នារាល់ថ្ងៃ តែមិនងាយនឹងលែងលះគ្នាទេ។ ជាការពិត ការប្រជែងកម្លាំងគ្នារវាងអាមេរិក និងចិន គឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តែគេមិនត្រូវភ្លេចនិយាយទេថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចស្ថិតលំដាប់ទី១ និងទី២ ក្នុងលោក ហើយក្នុងនាមជាប្រទេសសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូចគ្នា ចិន និងអាមេរិកត្រូវការគ្នា ទៅវិញ ទៅមកដោយមិនអាចខ្វះបានដើម្បីដោះស្រាយសំណុំរឿងអន្តរជាតិសំខាន់ៗជាច្រើនក្នុងលោក។

នៅក្នុងសំណុំរឿងអន្តរជាតិទាំងអស់នោះ មានសំណុំរឿងខ្លះដែលអាមេរិកត្រូវការឲ្យមានកិច្ចសហប្រតិបត្តិការពីចិនច្រើនជាងចិនត្រូវការពីអាមេរិកទៅទៀត។ ជាក់ស្តែងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង វិបត្តិនយោបាយក្នុងប្រទេសស៊ីរី ឬមួយក៏ជម្លោះរវាងប្រទេសស៊ូដង់ខាងជើង និងខាងត្បូងជាដើម។ ក្រៅពីនោះ ក៏នៅមានសំណុំរឿងបន្ទាន់មួយចំនួនទៀតដែលចិន និងអាមេរិកត្រូវលើកទៅជជែក ដូចយ៉ាងយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវនិយម ពិសេសប្រឆាំងអង្គការរដ្ឋអ៊ីស្លាម បញ្ហាអាកាសធាតុពិភពលោក សំណុំរឿងថាមពល ឬមួយបញ្ហាសន្តិសុខផ្នែកព័ត៌មានវិទ្យា។ ទាំងនេះមិនភ្លេចនិយាយទេពីការជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចក្នុងលោកឡើងវិញ។

ដូច្នេះឃើញថា ទោះបីជាទំនាក់ទំនងរវាងចិន និងអាមេរិកនៅបន្តរកំារកូស និងបន្តនិយាយមិនចុះសម្រុងគ្នាលើសំណុំរឿងខ្លះក៏ដោយ ក៏ប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងលោកទំាងពីរនៅតែត្រូវការគ្នាទៅវិញ ទៅមក មិនអាចខ្វះបានទេ៕

ប្រភពៈ RFI