គេ​រំពឹង​ថាលោក​ស្រី​ Clinton ​​​​នឹង​ក្តាប់​យក​បេក្ខភាព​​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅថ្ងៃ​នេះ

នៅថ្ងៃអង្គារនេះ គឺជាថ្ងៃដែលអាចផ្តល់ចម្លើយដ៏ជាក់ច្បាស់មួយ ដែលមនុស្សជាច្រើនបានរង់ចាំពីរដូវកាលនៃការប្រកួតប្រជែងបឋមជ្រើសរើសបេក្ខភាពឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ។

គេ​រំពឹង​ថាលោក​ស្រី​ Clinton ​​​​នឹង​ក្តាប់​យក​បេក្ខភាព​​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅថ្ងៃ​នេះ

ពលរដ្ឋនៅទឹកដី Puerto Rico បានទៅបោះឆ្នោតបឋមនៅសាលាបឋមសិក្សា Llorens Torres Elementary កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។

វ៉ាស៊ីនតោន — ក្នុងដំណើរការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ការប្រកួតប្រជែងបឋមតាមរដ្ឋនីមួយៗ នឹងបញ្ចប់នៅថ្ងៃអង្គារនេះ នៅរដ្ឋដែលមានប្រជាជនច្រើនបំផុតនោះគឺ រដ្ឋកាលីហ្វញ៉ា ដោយសារមានចំនួនប្រតិភូច្រើនជាងគេបង្អស់។ ខណៈពេលដែលលោកស្រី Hillary Clinton ត្រូវគេរំពឹងថានឹងក្តាប់យកបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ លោក Donald Trump ដែលជាបេក្ខជនគេរំពឹងទុកពីខាងគណបក្សសាធារណរដ្ឋនោះ នៅតែបន្តទទួលបានការចាប់អារម្មណ៍តាមកញ្ចក់ទូរទស្សន៍នានាក្នុងសហរដ្ឋអាមេរិក។

នៅថ្ងៃអង្គារនេះ គឺជាថ្ងៃដែលអាចផ្តល់ចម្លើយដ៏ជាក់ច្បាស់មួយដែលមនុស្សជាច្រើនបានរង់ចាំពីរដូវកាលនៃការប្រកួតប្រជែងបឋមជ្រើសរើសបេក្ខភាពឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ។ ហើយសំណួរនោះគឺថាតើបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ គឺជាលោកស្រី Hillary Clinton ឬលោក Bernie Sanders។ មិនថាការប្រកួតប្រជែងបឋមនៅរដ្ឋកាលីហ្វញ៉ានេះ មានលក្ខណៈប្រផឹតប្រផើយគ្នាប៉ុណ្ណាទេ បេក្ខជនទាំងពីរសន្សំកម្លាំងទាំងប៉ុន្មាន ផ្តោតទៅលើលោក Donald Trump ដែលជាបេក្ខជននៃគណបក្សសាធារណៈរដ្ឋ។

លោកស្រី Clinton បានមានប្រសាសន៍ថា៖ «គំនិតរបស់លោក Donald Trump មិនត្រឹមតែខុសគេតែប៉ុណ្ណោះទេ ថែមទាំងគ្មានជំហរច្បាស់លាស់ដែលបង្កឲ្យមានគ្រោះថ្នាក់ថែមទៀតផង។ លោកមិនត្រឹមតែមិនបានត្រៀមខ្លួនទេ លោកថែមទាំងមានចរិតឆេវឆាវ មិនសក្តិសមនឹងកាន់តំណែងជាប្រធានាធិបតី ដែលតួនាទីនេះត្រូវការការចេះដឹង អត្តចរិតនឹងន និងការទទួលខុសត្រូវខ្ពស់»។

លោក Bernie Sanders ក៏បានថ្លែងផងដែរថា៖ «ពេលដែលបុគ្គលម្នាក់គ្មានដំណោះស្រាយប្រាកដប្រជាណាមួយដើម្បីដោះស្រាយបញ្ហា តើគេធ្វើអ្វី? គឺបុគ្គលនោះចាប់ផ្តើមចោតគេចោតឯង។ យើងនឹងមិនបណ្ដោយឲ្យលោក Trump បំបែកបំបាក់យើងជាដាច់ខាត»។

លោក Trump ក៏ឆ្លើយតបវិញខ្លាំងៗដែរ ដោយលើកឡើងអំពីករណីការប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួនរបស់លោកស្រី Clinton ក្នុងពេលកំពុងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ លោកថា៖ «លោកស្រី Hillary Clinton គួរតែជាប់គុក បានសម។ លោកស្រីសមតែជាប់គុក។ ខ្ញុំគិតថា លោកស្រីប្រហែលជារកលុយបានច្រើនជាង បើសិនជាលោកស្រីថ្លែងសុន្ទរកថាហើយ លក់សម្ដីទាំងនោះទៅឲ្យមនុស្សដែលដេកមិនលក់»។

លោក Trump ក៏បានជាប់ឈ្មោះនៅក្នុងចំណងជើងព័ត៌មាននានាផងដែរ ដោយសារតែលោកនិយាយថា ចៅក្រមរដ្ឋាភិបាលសហព័ន្ធមានភាពលម្អៀងចំពោះលោក ព្រោះតែចៅក្រមនោះមានកំណើតដើមជាជនជាតិម៉ិកស៊ីកូ និងតាមរយៈការលើកឡើងអំពីជាតិសាសន៍នៃអ្នកចូលរួមក្នុងការឃោសនារបស់លោកថា៖ «អូ៎ មើលហ្ន៎ អ្នកគាំទ្រអាមេរិកដើមកំណើតអាហ្រ្វិករបស់ខ្ញុំណ៎! អ្នកគឺជាមនុស្សដ៏អស្ចារ្យជាងគេ មែនទេ?»។

ពាក្យថា «មនុស្សដ៏អស្ចារ្យ» នេះ គឺសំដៅទៅលើជើងឯកកីឡាករប្រដាល់ លោក Muhammad Ali ដែលលោកបានបដិសេធចោលនូវគោលនយោបាយរបស់លោក Trump ដែលហាមប្រាមមិនឲ្យជនមូស្លីមចូលសហរដ្ឋអាមេរិក ហើយលោកក៏បានទទូចឲ្យមានការស្វែងយល់ឲ្យបានស៊ីជម្រៅទៅលើសាសនាអ៊ីស្លាម។

លោក Bob Corker ដែលជាសមាជិកព្រឹទ្ធសភា១រូបមកពីគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា លោក Trump ត្រូវតែប្ដូរចរិតចេញ»។

ក្នុងនាមជាអ្នកគាំទ្រលោក Trump មួយរូប លោក Corker ចង់ឲ្យមានការផ្លាស់ប្ដូរបច្ចេកទេសឃោសនា នៅពេលដែលការប្រកួតប្រជែងនេះឈានចូលទៅដល់ការបោះឆ្នោតថ្នាក់ជាតិ។

លោក Corker បន្តថា៖ «ក្តីសង្ឃឹមរបស់ខ្ញុំគឺថា លោក Trumpនឹងផ្លាស់ប្តូរ។ លោកមានឱកាសក្នុងការផ្លាស់ប្តូរទិសដៅប្រទេសរបស់យើង ហើយខ្ញុំមានអារម្មណ៍ថា លោកនឹងព្យាយាមឆក់យកឱកាសនេះបាន»។

អ្នកវិភាគមួយចំនួនក៏បាននិយាយផងដែរថា ប្រជាពលរដ្ឋអាមេរិកាំង គួរតែត្រៀមខ្លួនថា ការប្រកួតប្រជែងរវាងលោកស្រី Clinton និងលោក Trump នឹងមិនមែនជាការប្រកួតប្រជែងបែបលក្ខណៈលើកទឹកចិត្តនោះទេ។

លោក Norman Ornstein អ្នកវិទ្យាសាស្ត្រនយោបាយនៃវិទ្យាស្ថាន American Enterprise Institute បាននិយាយថា៖ «ដោយសារតែយើងមានបេក្ខជនពីរនាក់ដែលមិនគួរឲ្យជឿទុកចិត្តច្រើនជាងទុកចិត្ត មិនគួរឲ្យចូលចិត្តជាងចូលចិត្តនោះ ការប្រកួតប្រជែងនេះ គឺដូចប្រជែងគ្នាថាអ្នកណាអន់ជាងគេ»។

បើដូចការរំពឹងទុក ការប្រកួតប្រជែងនេះនឹងចាប់ផ្តើមយ៉ាងជាក់ច្បាស់ពេលដែលលោកស្រី Clinton ក្តាប់យកបេក្ខភាពជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យនៅថ្ងៃអង្គារនេះ។

ប្រភពៈ VOA