ខេម ត្រូវ​តុលាការកោះហៅឲ្យ​ចូលបំភ្លឺ ក្នុង​សំណុំ​រឿងគ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ម្ចាស់​សា​មី​ខ្លួន​បញ្ជាក់​ថា មិនទាន់​បាន​ទទួល​ដីកា

(ភ្នំពេញ)៖ ប្រភពព័ត៌មានពីមន្រ្តីតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ព្រះរាជអាជ្ញារងលោក សៀង សុខ ដែលជាកាន់សំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ពីសំណាក់តារាចម្រៀង ប៉ុន សុណារិន្ទ ហៅខេម នៅពេលនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចចេញដីកាកោះហៅ ខេម ដើម្បីឲ្យចូលបំភ្លឺហើយ ប៉ុន្តែតារាចម្រៀង ខេម បានបញ្ជាក់ថា មិនទាន់បានទទួលដីកាកោះហៅ នៅឡើយទេ ។

លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ បានប្រាប់ Fresh News នៅមុននេះបន្តិចថា តាមនិតិវិធីច្បាប់ លោកពិតជាបានចេញដីកាកោះហៅ តារាចម្រៀង ខេម ដើម្បីឲ្យចូលខ្លួនមកបំភ្លឺ ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បុកមនុស្សស្លាប់ ប្រាកដមែន ប៉ុន្តែត្រង់ថា សាមីខ្លួនបានទទួល ឬមិនទាន់បានទទួល លោកមិនបានដឹងនោះទេ តែរឿងនេះលោកបានចាត់ចែងឲ្យសមត្ថកិច្ច បញ្ជូនដីការួចរាល់ហើយ។

លោកនិយាយថា «បាទ..!ហ្នឹងហើយខ្ញុំបានចេញដីកា កោះហៅតារាចម្រៀង ខេម រួចហើយ តែសាមីខ្លួនគេបានទទួល ឬមិនបានទទួល ខ្ញុំអត់ដឹងទេណា.! ចាំទាក់ទងសួរសាមីខ្លួនផ្ទាល់ចុះ ប៉ុន្តែតាមនិតិវិធិច្បាប់ គឺត្រូវតែចេញដីកា កោះហៅឲ្យចូលបំភ្លឺ..!» ។

ដោយឡែកតារាចម្រៀង សំនៀងស្អក លោក ខេម បានប្រាប់ Fresh News នៅមុននេះបន្តិចថា លោកមិនទាន់បានទទួលដីកា ពីស្ថាប័នតុលាការនៅឡើយទេ រហូតមកដល់ពេលនេះ ថាត្រូវឲ្យចូលបំភ្លឺ នៅថ្ងៃណា ។

លោកថ្លែងទាំងសំឡេងស្អកៗមកថា «អត់ទេបង..! នៅទេ ខ្ញុំអត់ទាន់បានទទួលទេ ខ្ញុំអត់បានដឹងផង ដីកាកោះអីនោះ ..!» ។ យ៉ាងណាមិញ តារាចម្រៀង ខេម បានបន្ថែមថា ការធ្វើសន្និសីទកាសែត ដើម្បីបកស្រាយជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ គឺខាងក្រុមហ៊ុនផលិតកម្ម ថោន នឹងរៀបចំឡើងក្នុងពេលឆាប់ខាងមុខនេះ ដើម្បីឲ្យដឹងថា តើនរណាខុស នរណាត្រូវ ហើយពេលនោះផលិតកម្ម នឹងប្រកាសដោយចំហរ ជុំវិញរឿងនេះ ។

សូមបញ្ជាក់ថា មេធាវីការពារក្ដីឲ្យជនរងគ្រោះ ធ្លាប់បានបង្ហើបថា សំណុំរឿងនេះត្រូវបានបិទបញ្ចប់ហើយ តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយក្រុមគ្រួសារជនរងគ្រោះ ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងផ្ដល់ អ្វីបន្តទៀតដែរ។ សំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់ យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជនរងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗ ក៏មិនចង់ឲ្យកើតឡើងដែរ។

លោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ធ្លាប់បានថ្លែងប្រាប់ Fresh News ថា តាមការពិត សំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណងចំនួន ៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងប្ដល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងប្ដល់ទៅត្រូវការចំណាយ ពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា ទើបគ្រួសារជនរងគ្រោះ ព្រមបញ្ចប់ក្នុងនាមមនោសញ្ចេតនាបែបនេះ តែម្ដង។

យ៉ាងណាមិញ ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែសំណុំរឿងរបស់តារាចម្រៀង ខេម ត្រូវបានសមត្ថកិច្ចចរាចរណ៍ បញ្ចូនទៅដល់តុលាការ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកកាន់សំណុំរឿងនេះ រហូតដល់លោកព្រះរាជ្ញារង បានចេញដីកាឲ្យតារាចម្រៀង ចូលបំភ្លឺជុំវិញ សំណុំរឿងនេះ នៅពេលដ៏ខ្លីខាងមុខ៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload