ហេតុ​អ្វី​ស្ថាប័នរដ្ឋ​ត្រូវ​ពង្រឹង​ជំនាញ​ផ្នែក​ទំនាក់ទំនង?

មានការ​រអ៊ូរទាំ​ច្រើន​អំពី​សេវា​សាធារណ​:​ក្នុង​ចំណោម​សាធារណជន​ទូទៅ ។ ខណៈ​ដែល​សេវាកម្ម​សាធារណ​:​ខ្លះ​មានគុណ​ភាព​អន់​នោះ ស្ថាប័នរដ្ឋ​ក៏​បាន​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ទូទៅ​។

ប៉ុន្តែ​ដោយ​ខ្វះ​ការ​ផ្តល់​ព័ត៌មាន​អោយ​បាន​គ្រប់គ្រាន់​នោះ ស្នាដៃ និង​លទ្ធផល​ការងារ​ជា​ច្រើន​របស់​ស្ថាប័នរដ្ឋ​មិន​ត្រូវ​បានដឹង​ដោយ​សាធារណជន​ភាគច្រើន​ឡើយ​។ វា​ចាំបាច់​ណាស់​ដែល​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​ជំនាញ​របស់​ខ្លួន​នៅ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណ​: ។ ការ​ទំនាក់ទំនង និង​ការ​ផ្តល់​ព័ត៌មាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាជន​នឹង​ជួយ​កាត់​បន្ថយ​ការ​គិត​ខ្មៅ​ងងឹត​ហួសហេតុ​ចំពោះ​សេវាកម្ម​សាធារណ​:​ទាំងអស់​។ ដូច្នេះ​វា​នឹង​ជួយ​បំបាត់​ការ​យល់​ច្រឡំ​របស់​សាធារណជន​ចំពោះ​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័នរដ្ឋ​។

សំខាន់​ដូច​គ្នា​នេះ ការ​ទំនាក់ទំនង​ជាមួយ​សាធារណជន​ក៏​អាច​នឹង​ធ្វើ​អោយ​ស្ថាប័នរដ្ឋ​យល់​ដឹង​ច្បាស់​អំពី​បញ្ហា​ដែល​ប្រជាជន​កំពុង​ប្រឈម​មុខ ហើយ​រៀបចំ​ផែនការ និង​យុទ្ធ​សាស្ត្រ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​ជូន​ប្រជាជន​។ ជា​លទ្ធផល​ស្ថាប័នរដ្ឋ​នឹង​កាន់តែ​បម្រើប្រជាជន​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។

ផ្ទុយ​មក​វិញ បើសិនជា​ស្ថាប័នរដ្ឋ​មិន​ធ្វើ​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាន និង​សាធារណជន​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​នោះ វា​នឹង​ធ្វើ​អោយ​ប្រជាជន​យល់​ដឹង​មិន​អស់​អំពី​ការងារ និង​លទ្ធផល​ការងារ​របស់​ស្ថាប័នរដ្ឋ​។

នៅ​ពេល​ដែល​ស្ថាប័នរដ្ឋ​ពង្រឹងសមត្ថភាព​ទំនាក់់ទំនង​ហើយ​នោះ គេ​នឹង​អាច​បញ្ជូន​ព័ត៌មាន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​កាន់​សារព័ត៌មាន និង​សាធារណជន ដោយ​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន​បាន​មួយ​កម្រិត​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​គ្រប់​ស្ថាប័នរដ្ឋ​ត្រូវ​មាន​មន្ត្រី​ទំនាក់ទំនង​ដែល​ទទួល​ការ​បណ្តុះបណ្តាល​បាន​ត្រឹមត្រូវ ដើម្បី​អោយ​ពួក​គេ​យល់​ច្បាស់​អំពី​របៀប​ធ្វើ​ទំនាក់ទំនង និង​មធ្យោបាយ​នៃ​ការ​ធ្វើ​ទំនាក់ទំនង​។

ទន្ទឹម​នោះ ស្ថាប័នរដ្ឋ​ក៏​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ផង​ដែរ ដល់​មន្ត្រី​ទំនាក់ទំនង​សាធារណ​: ដើម្បី​អោយ​ពួក​គេ​អាច​បំពេញ​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព​៕