រដូវ​បិទ​នេសាទ​ចុះ​ពង្រឹង​ខណ្ឌ​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប

ខេត្តកំពង់ឆ្នាំង ៖ លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា «​ទោះ​ទឹកទន្លេ​មិន​ទាន់​ឡើង​ក៏​ដោយ តែ​កាលណា​ដល់​ថ្ងៃ​បិទ​នេសាទ គឺ​ត្រូវ​តែ​បើក​យុទ្ធនាការ​បង្ក្រាប​ចាប់ពី​ដើមដៃ​ឡើង​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា រដូវ​បិទ​នេសាទ​បាន​មក​ដល់​ហើយ​» ។

លោក​រដ្ឋលេខាធិការ ណៅ ធួ​ក មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​លោក​ចុះ​ពង្រឹង​ការងារ​មន្ត្រី​ជលផល​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល ពោធិ៍សាត់ និង​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជលផល​ខាងត្បូង​ទន្លេសាប មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ទាំង​២​ខេត្ត សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា មក​ដល់​ពេល​នេះ​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​បាន​បន្ធូរបន្ថយ​ដល់ប្រជា​កសិករ​ឲ្យ​អាច​ដាក់​មង​ប្រវែង​១០០​ម៉ែត្រ របាំង​ព្រួល​អាច​ឱ្យ​លើស​ជាង​១០​ម៉ែត្រ និង​ប្រឹសលប​មិន​ឲ្យ​លើស​ពី​៣​តឹក​ជាដើម​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។ ប៉ុន្តែ​ហាម​ដាច់ខាត​ឧបករណ៍​អូស​អួន អូស​យ៉ាំ​ង​កាវ ម៉ា​ញ់ ជន ឧបករណ៍​ឆក់​ត្រី របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​អូស​ឆៃ​រ៉ា​ជាដើម ។ មក​ដល់​ថ្ងៃនេះ រដូវ​បិទ​នេសាទ ទើបតែ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ តែ​ទឹកទន្លេ​មិន​ទាន់​ឡើង​នៅឡើយ ទោះជា​បែប​នេះ​ក្តី មន្ត្រី​ជលផល​ទាំងអស់​ត្រូវ​សហការ​គ្នា​បង្ក្រាប​ចាប់តាំងពី​ដើមដៃ​នេះ​ទៅ ដើម្បី​ការពារ​មច្ឆជាតិ​របស់​យើង​ឱ្យ​បាន​គង់វង្ស​និង​មាន​និរន្តរភាព សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ។

លោក​រដ្ឋលេខាធិការ ណៅ ធួ​ក បន្ត​ថា ព្រៃ​លិច​ទឹក​នៅ​តំបន់​ជំវិញ​ទន្លេសាប​មាន​ជាង​១​លាន​ហិ​កតា តែ​ឆ្នាំ​នេះ​ភ្លើង​បាន​ឆេះ​ព្រៃ​អស់​នៅ​សល់​ប្រមាណ​ជាង​៧៤​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ និង​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នៅ​សល់​ជាង​៦៤​ម៉ឺន​ហិ​កតា នេះ​ដោយសារ​ឆ្នាំ​នេះ​រដូវក្តៅ​ហួតហែង​ខ្លាំង​ពេក រួម​ផ្សំ​មាន​ជនខិលខូច​លួច​ដុត​ព្រៃ​ផង​ដែរ ។

ដោយសារ​កម្តៅ​កើនឡើង ទឹកទន្លេ​គោក​រាក់ ធ្វើ​ឱ្យ​ត្រី​នៅ​ទន្លេ​ឆ្មា​ងាប់​ជា​ច្រើន​តោន ហើយ​តាម​គម្រោង​នឹង​មានការ​ស្តារ​ទន្លេ​ឆ្មា​នេះ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ណាស់​។ តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មន្ត្រី​ជលផល​មិន​ត្រូវ​លែង​តែ​កូន​ត្រី​ទេ គឺ​ត្រូវ​ដាំ​ព្រៃ​លិច​ទឹក​ថែម​ទៀត ។ កន្លង​មក ការ​ដាំ​ព្រៃ​លិច​ទឹក​របស់​មន្ត្រី​ជលផល​គ្មាន​ថវិកា​ឧបត្ថម្ភ​ទេ គឺ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ​នឹង​មាន​គម្រោង​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ថ្នាល​បណ្តុះ​កូន​ពូជ និង​ថែទាំ ព្រមទាំង​រៀបចំ
ពិធី​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹកជា​ដើម ។

ក្នុង​ឱកាស​នោះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​ដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង បាន​រាយការណ៍​ថា កន្លង​ទៅ​បើ​ទោះបី​មានការ​ការពារ​យ៉ាង​តឹងតែង​ក្តី ក៏​នៅ​តែ​មាន​ជនល្មើស​លួច ចូល​នេសាទ​ក្នុង​ដែន​អភិរក្ស និង​មានការ​លួច​ដុត​ព្រៃ​លិច​ទឹក និង​ឈូស​ឆាយ​ព្រៃ​លិច​ទឹកជា​ដើម​។ ប៉ុន្តែ​ជនល្មើស​ទាំងនោះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​មានការ​ចាប់​ឃាត់​ត្រាក់ទ័រ​២​គ្រឿង និង​មនុស្ស​២​នាក់ នៅ​ស្រុក​ជល​គិរី​បញ្ជូន​ទៅ​តុលាការ និង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ហើយ​ដែរ ។ ព្រម​ជាមួយ​គ្នា​នេះ នៅ​តំបន់​ឆ្នុកទ្រូ​កាលពី​ពេល​ថ្មី​ៗ​ កន្លង​ទៅ ភ្លើង​បាន​ឆេះ​ព្រៃ​អស់​ចំនួន​១៥៥​ហិ​កតា ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

មុន​ពេល​វិល​ត្រឡប់ រដ្ឋលេខាធិការ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ព្រៃ​លិច​ទឹក ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជលផល ត្រូវ​ប្រញាប់​យក​កូន​ឈើ ព្រៃ​លិច​ទឹក​មក​ដាំ​នៅ​ទី​នេះ​ឡើង​វិញ និង​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​លិច​ទឹក​ដែល​ត្រូវ ភ្លើង​ឆេះ​នោះ​យក​ចេញ​ធ្វើ​ជា​អុស​ជា​ដាច់ខាត ៕