​រស់នៅ​ជាមួយ​ជំងឺ​រលាក​សន្លាក់​ហ្គោដ គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

​រស់នៅ​ជាមួយ​ជំងឺ​រលាក​សន្លាក់​ហ្គោដ គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

​ជំងឺ​រលាក​សន្លាក់​ហ្គោដ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ជំងឺ​របស់​ស្តេច (Disease of Kings) ព្រោះ​ថា​ជំងឺ​នេះ មាន​ទំនាក់ទំនង​នឹង​គ្រឿង​ស្រវឹង និង​របប​អាហារ​របស់​អ្នក មាន​ទ្រព្យធន​ច្រើន ហើយ​នា​ពេលបច្ចុប្បន្ន​នេះ មនុស្ស​ប្រុស​កើត​ជំងឺ​នេះ​ច្រើនជាងគេ​។

​វា​គឺជា​ប្រភេទ​រលាក​សន្លាក់​មួយ ដែល​បង្កឡើង​ដោយសារ អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​អាច​បង្ក​ជា​ការឈឺចាប់​ខ្លាំងក្លា​។ អ្នក​ប្រហែលជា​មិន​មាន​រោគសញ្ញា​ជំងឺ​នេះ រយៈពេល​ច្រើន​ឆ្នាំ និង​ធ្វើទុក្ខ​វិញ រយៈពេល​ច្រើន​ថ្ងៃ រហូត​ដល់​សប្តាហ៍​។ បើសិន​ជា​ចំនួន​អាស៊ីត​អ៊ុយ​រិក ក្នុង​ឈាម​ឡើង​ខ្ពស់​យូរ ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​រ៉ាំរ៉ៃ និង​មាន​រោគសញ្ញា​ញឹកញាប់​។ ការ​ធ្វើ​ទុក្ខ​ម្តងៗ​របស់​ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​ឆ្អឹង និង​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ខូចខាត​បាន​។ ដូច្នេះ នៅ​ពេល​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ហើយ ក្រៅពី​ទទួលយក​ការព្យាបាល ពី​គ្រូពេទ្យ​ជំនាញ​ហើយ តើ​អ្នក​គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំងឡាយណា ដែល​អាច​ធ្វើឲ្យ​ជំងឺ​នេះ​ធ្វើ​ទុក្ខទៀត​។ អ្នកជំងឺ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ប៉េង​ប៉ោះ​។ ការស្រាវជ្រាវ​រកឃើញ​ថា ប៉េង​ប៉ោះ គឺជា​មូលហេតុ​លេខ ៤ ដែល​ធ្វើឲ្យ​កើត​ជំងឺរលាកសន្លា​ក់​ហ្គោដ បន្ទាប់​ពី អាហារ​សមុទ្រ គ្រឿង​ស្រវឹង និង​សាច់​ក្រហម​។

ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​ថ្នាំ​បញ្ចុះ​ទឹកនោម ដែល​បណ្តាល​ឲ្យ​បាត់បង់​ជាតិ​ប៉ូ​តា​ស្យូម តាម​ទឹកនោម​នោះ ក៏​អាច​បង្កើន​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ដែរ​។ ដូច្នេះ ចូរ​ចៀសវាង​ថ្នាំ​ទាំង​នេះ​។ តែ​បើ​សិន​ជា​អ្នក​ត្រូវតែ​ប្រើ​មែន​នោះ គួរតែ​ប្រាប់​គ្រូពេទ្យ ដើម្បី​ប្តូរ​ជម្រើស​ផ្សេង​។

ចំពោះ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ស្រួចស្រាវ​វិញ ច្រើន​តែ​ធ្វើទុក្ខ​ញឹកញាប់​ជាង​គេ នៅពេល​យប់​។ រឿង​នេះ​ត្រូវបាន​គេ​យល់​ថា បណ្តាល​មក​ពី​ការ​ខ្សោះ​ជាតិ​ទឹក សីតុណ្ហភាព​រាងកាយ​ថយចុះ ឬ​ចំនួន​អ័រម៉ូន Cortisol នៅពេល​យប់​ថយចុះ ដែល​សុទ្ធតែ​ជា​កត្តា​នាំ​ឲ្យ​ឈឺចាប់​បាន​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។