អាជីព​សិល្បៈ​លូតលាស់​កញ្ញា អេ​មី ត្រៀមខ្លួន​ធ្វើ​ថៅកែ

រាជធានី​ភ្នំពេញ ៖ កញ្ញា​អេ​មី តារាចម្រៀង​របស់​ផលិតកម្ម​អឹ​ម នឹង​ចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​២ តាម​សំណូមពរ​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ ជាមួយ​ភាព​រីក​លូតលាស់​នៃ​អាជីព​សិល្បៈ​អេ​មី ត្រៀម​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ ក្រោយ​វិល​ពី​សម្តែង​នៅ​អូស្ត្រាលី​វិញ ។

កញ្ញា​អេ​មី ដែល​មានឈ្មោះ​ដើម​ជិន ស្រី​ណុ​ច លូតលាស់​ជាង​មុន​នៅ​ក្នុង​ពិភព​សិល្បៈ ព្រោះ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ ហើយ​អាច​ច្រៀង​ទាំង​បទ​បែប​យុវវ័យ​សម័យ​ថ្មី ទាំង​បទ​ពី​ដើម ។

តារាចម្រៀង​អេ​មី បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​២៦​ឆ្នាំ​កាលពី​រាត្រី​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន វី​ហ្រេ្វ​ន ម្តុំ​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ ។

ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​រំលេច​ដោយ​ឌិន​ភ្លឺ​ចែងចាំង និង​ពាក់​មកុដ​ប្រណីត កញ្ញា​អេ​មី អួល​ដើម​ក ដ្បិត​រំភើបចិត្ត​ពេល​ឃើញ​សិល្បករ និង​មិត្តភក្តិ​ចូលរួម​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង ។​វត្តមាន​អ្នក​ទាំងនោះ អេ​មី​ចាត់ទុកជា​ទឹកចិត្ត​សំខាន់​មួយ​សម្រាប់​រូប​នាង ស្តែង​ពី​ការ​រាប់អាន​គ្នា​ទាំង​ពេល​សប្បាយ និង​មានទុក្ខ ហើយ​វា​ជា​អនុស្សាវរីយ៍​មួយ​នាង​មិន​អាច​ភ្លេច​បាន ។

រៀបចំ​កម្មវិធី​ខួបកំណើត​នេះ​អេ​មី​ចង់​លើករាសី​សម្រាប់​អាជីព​សិល្បៈ គឺ​ប្រាថ្នា​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង ។
នៅ​ក្នុង​ផលិតកម្ម​អឹ​ម​អេ​មី​មាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ ជាមួយ​ស្តាយ​ថ្មី​ប្លែក​ដែល​នាង​គិត​ថា​នឹង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ ។

នៅ​ខែកក្កដា ឆ្នាំ​២០១៦ អេ​មី នឹង​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​២ តាម​សំណូមពរ​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ តារាចម្រៀង​ស្រស់​ស្អាត​រូប​នេះ​រីករាយ​ចិត្ត​ដែល​នាង​មាន​អ្នក​ស្រឡាញ់​គាំទ្រ​នៅ​បរទេស ហើយ​ចង់​ឱ្យទៅ​សម្តែង ។ ការ​ចាកចេញ​ទៅ​អូស្ត្រាលី​របស់​អេ​មី មាន​រយៈពេល​៤០​ថ្ងៃ ។

ក្រោយ​បញ្ចប់​ការ​សម្តែង​នៅ​លើ​ទឹកដី​កង់​ហ្គូ​រូ​នោះ អេ​មី​នឹង​បើកហាង​លក់​សម្លៀក​បំពាក់ និង​លក់​ទឹកអប់​ម៉ាក​ល្បី​មួយ​នៅ​ភ្នំពេញ ។ មុខរបរ​នេះ​អេ​មី​ស្រឡាញ់ និង​ខំ​សន្សំ​ប្រាក់​ទុក​យូរ​ឆ្នាំ​មក​ហើយពី​អាជីព​សិល្បៈ ។

«​ក្នុង​ថ្ងៃ​ខួបកំណើត​ពិសេស​នេះ​នាង​ខ្ញុំ​សុំ​ប្រាថ្នា​រឿង​មួយ​ចំនួន ដូច​ជា​សុំ​ព្រះ​ជួយ​ថែរក្សា​ម្តាយ បងប្អូន មិត្តភក្តិ ព្រមទាំង​សូម​ឱ្យ​មានការ​ងារ​ល្អ​ក្នុង​សិល្បៈ ព្រមទាំង​មាន​សុខភាព​ល្អ ទៅ​ណា​មក​ណា​មាន​គេ​អាណិត ស្រឡាញ់ ។ ចំពោះ​បញ្ហា​ស្នេហា​វិញ​នាង​ខ្ញុំ​មិន​ទាន់​គិតគូរ​នៅឡើយ​ទេ ព្រោះថា​មាន​របាំង​ការងារ​ក្នុង​សិល្បៈ​ច្រើន​ដែល​នាង​ខ្ញុំ​ស្រវា​រក​ប្រាក់​ទ្រទ្រង់​ក្នុង​សង្គម​គ្រួសារ​ឱ្យ​រឹង​មាំ​ជា​បន្ត​ទៀត ។ គូព្រេង​ថ្ងៃ​ណា​ថ្ងៃ​ហ្នឹង​ចុះ​» កញ្ញា​អេ​មី​និយាយ​បែប​នេះ ។ ពិធី​ខួបកំណើត​កញ្ញា​អេ​មី​គ្រោង​រៀបចំ​នៅ​ឆ្នាំ​ក្រោយ​ទៀត ។

អ្នកសិល្បៈ​ចូល​ពិធី​ខួបកំណើត​របស់​តារាចម្រៀង​អេ​មី មាន​អ្នក​នាង​យុង ចាន់​កណ្ណិកា និង​ស្វាមី​, លោក​កុយ ស៊ី​ឌឿ​ន​, កញ្ញា​នី មុនីនាថ​, កញ្ញា​ពិសី​, លោក​សុគន្ធ ដេ​វី​ដ​, លោក​លី ន​រ៉ា​, កញ្ញា​ឌី សូ​ដា​នី​, លោក​ចា រិ​ទ្ធី​, លោក​សន វិ​ជ្ជ​បុត្រ​, លោក​ជីវ័ន និង​កញ្ញា​ង៉ែត  លី​តា​ជាដើម​៕