ចុងសប្តាហ៍មុន កម្មវិធី មុខរបរខ្ញុំ របស់ PNN បាត់បង់បេក្ខជនទី៩

ភ្នំពេញ៖ បេក្ខជនទី៩ ក្នុងកម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានធ្លាក់ចេញពីកម្មវិធី តាមរយៈការប្រកួតប្រជែងវិញ្ញាសាថ្មីមួយ ប្លែកខុសពីការវាយតម្លៃដោយសមាជិកក្រុម និង គណៈកម្មការ កម្មវិធី គឺលោក ទេព រិនដារ៉ូ ដូចបេក្ខជន៨រូបមុន ។ 

ថ្ងៃសុក្រសប្តាហ៍កន្លងទៅ កញ្ញា ឌីណា កុសុម៉ា បេក្ខនារីប្រកួតប្រជែងក្នុងចំណោម ៥រូបចុងក្រោយ នៃកម្មវិធី មុខរបរខ្ញុំ ត្រូវចាកចេញពីកម្មវិធី ទាំងអាឡោះអាល័យ ក្រោយរូបគាត់ បានចាញ់ក្នុងវិញ្ញាសាថ្មីមួយ តម្រូវឲ្យបេក្ខជនទាំង៥ ចាប់ផ្តើមអាជីវកម្មលក់ផ្កា តាមដងផ្លូវសាធារណៈ។
បេក្ខនារី វ័យ២៣ឆ្នាំ មកពីរាជធានីភ្នំពេញ រូបនេះ ធ្វើមិនបានល្អដូចសមាជិក ក្រុមដទៃទៀតនោះឡើយ ដោយ កុសុម៉ា ទទួលបានចំណូលទាបជាងគេបង្អស់ ក្នុងចំណោមបេក្ខជនប្រជែងទាំង៥រូប ជាហេតុផល នាំឲ្យគាត់ត្រូវចាកចេញពីកម្មវិធី។

មុខរបរខ្ញុំ របស់ ភីអិនអិន ជាកម្មវិធីជីវិតពិត ដែលមានផ្សាយជូនទស្សនាក្នុងម៉ោងមាស បង្ហាញពីការប្រកួតប្រជែង រួមគ្នាបង្កើតនូវអាជីវកម្មមានលំនឹងមួយ ពោលគឺជា ភោជនីយដ្ឋានពិតប្រាដក។ កម្មវិធីនេះ មានផ្សាយជូនទស្សនា ចាប់ពីម៉ោង៨យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយនឹងបង្ហាញជូនទស្សនិកជន នូវចំណេះដឹង ក៏ដូចជាលក្ខខណ្ឌក្នុងការបង្កើតមុខជំនួញ ដែលសុទ្ធតែកើតមានក្នុងស្ថានភាពពិត របស់ពលរដ្ឋកម្ពុជា។ បួនសប្តាហ៍មុន បេក្ខជនក្នុងកម្មវិធី បានប្រឈមមុខប្រកួតប្រជែងគ្នា ជាមួយនឹងវិញ្ញាសាជាច្រើន។ ពួកគេ ត្រូវរួមគ្នាជាក្រុម បង្កើតចេញពីភោជនីយដ្ឋានថ្មី ពិតប្រាកដមួយ ខណៈនៅពីក្រោយអាជីវកម្មនេះ គឺជាការប្រជែងក៏ក្តៅគគុក សម្រាប់បេក្ខភាពម្នាក់ៗ ដើម្បីឈានទៅរកប្រាក់រង្វាន់ចំនួន ២០លានរៀល ពីកម្មវិធី។ មកទល់នឹងពេលនេះ បេក្ខជនទាំងអស់ បានបង្កើតស្ទើរទាំងស្រុងនូវអាជីវកម្មភោជនីយដ្ឋានរបស់ពួកគេ។ សប្តាហ៍បន្ទាប់ ទស្សនិកជន នឹងបានដឹងថា តើនរណាជាអ្នកបន្ទាប់ដែលត្រូវដើរចេញពីកម្មវិធី។ជាមួយជាមួយនឹងការប្រកួតប្រជែងក្នុងវិញ្ញាសាថ្មីៗជាច្រើនទៀត ជាមួយទេពកោសល្យក្នុងយុទ្ធសាស្ត្រជំនួញរបស់ពួកគេជាដើម។

កម្មវិធី “មុខរបរខ្ញុំ” រដូវកាលទី១ រំពឹងថា បញ្ចប់នាចុងខែមិថុនានេះ ជាមួយនឹងបេក្ខជន៤នាក់ចុងក្រោយនៃកម្មវិធី ហើយគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនបន្តទៀត ក្រោយរដូវកាលទី១ បញ្ចប់ដោយជោគជ័យ។ ផលិតករកម្មវិធី លោក Jimmy អះអាងថា “ពួកយើងនៅមានអ្វីដែលកាន់តែទាក់ទាញជាងនេះ ពីកម្មវិធីរដូវកាលទី២”។ សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “មុខរបរខ្ញុំ” រដូវកាលទី២ អាចផ្ញើប្រវត្តិរូប តាមរយៈ www.facebook.com/pnnmyplace ឬទាក់ទងមកទូរសព្ទលេខ 087 569 756៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload