ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនសាណូហ្វីកម្ពុជា បានធ្វើការដាក់បង្ហាញផលិតផលថ្មី ដែលជាថ្នាំបង្ការម្យ៉ាងមានលទ្ធភាពក្នុងការ បង្ការចំពោះជំងឺរលាកខួរក្បាលជេអីុ ដែលប្រារព្ធធ្វើឡើងនៅទីតាំង សណ្ឋាគារ សុខា ភ្នំពេញដែលមានការអញ្ជើញចូលរួម ពីក្រុមអ្នកប្រកបដោយវិជ្ជាជីវៈថែទាំសុខភាព ចំនួនជាង២០០នាក់ ដើម្បីធ្វើការស្វែងយល់អំពី ជំងឺរលាកខួរក្បាល និងប្រសិទ្ធភាពនៃថ្នាំបង្ការថ្មីនេះ។

តួយ៉ាងជំងឺរលាកខួរក្បាល ជេអីុ (JE) គឺជាជំងឺដែលទាក់ទងទៅនឹង បញ្ហាផ្លូវចិត្ត ផ្លូវកាយ និងសតិស្មារតី ដែលអាចកើតឡើងយ៉ាងរហ័ស តាមរយៈការចម្លងរបស់មូសខ្លាម្យ៉ាង ហើយជំងឺនេះក៏ជាមូលហេតុនាំមុខគេ នៃជំងឺរលាកខួរក្បាលក្នុងវ័យកុមារនៅតំបន់អាស៊ីយើងផងដែរ។

ថ្លែងក្នុងពិធិសម្ភោធផលិតផលថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអីុ នៅសណ្ឋាគារសុខាភ្នំពេញ លោក Thomas Gaudry ប្រធានផ្នែកបង្ការប្រចាំប្រទេសវៀតណាម និងកម្ពុជា មានប្រសាសន៍ថា «ជំងឺរលាកខួរក្បាលជេអ៊ីនេះ ជាមូលហេតុដ៏ចម្បងមួយនៃពិការភាពផ្នែកប្រព័ន្ធប្រសាទ។ យ៉ាងហោចណាស់ ៥០ភាគរយ នៃកុមារដែលរស់រានមានជីវិតពីជំងឺនេះ ក៏នៅតែបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរជាច្រើន ចំពោះអ្នកជំងឺផ្ទាល់ក៏ដូចជាក្រុមគ្រួសារផងដែរ ព្រោះតែជំងឺរលាកខួរក្បាលជេអ៊ីនេះប៉ះពាល់ពេញមួយជីវិតរបស់កុមារ និងមនុស្សពេញវ័យទូទៅ» ។ លោកបន្ថែមទៀតថា «តាមការប៉ានស្មានមានករណីប្រមាណ ៦០,០០០នាក់ និងមានករណីស្លាប់ប្រមាណជា ១៥,០០០នាក់ ក្នុងមួយឆ្នាំនៅតំបន់អាស៊ីនេះ»

ទន្ទឹមនឹងនោះផងដែរ តាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត Alain Bouckenooghe អនុប្រធានទទួលបន្ទុក ផ្នែកកិច្ចការវេជ្ជសាស្រ្ត និងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនសាណូហ្វីប៉ាស្ទ័រ បានពន្យល់បានប្រាប់ថា «ជំងឺនេះមិនមែនជាជំងឺឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតឡើយ ប៉ុន្តែវាជាជំងឺដែលឆ្លងតាមរយៈសត្វមូស ដែលត្រូវបានគេស្គាល់ឈ្មោះវាថា គុយលិច ឬជាភាសាឡាតាំងថា Culex Tritaeniorhynchus ។ រោគសញ្ញានៃជំងឺរលាកខួរក្បាលនេះ គឺមានគ្រុនក្តៅខ្លាំង ក្អួតចង្អោរ ប្រកាច់ រឹង.ក រឹងសាច់ដុំ និងមានចលនាមិនធម្មតា»

ដោយឡែកបើតាមប្រសាសន៍របស់នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ង្វៀង ធីង៉ុកមីញ បានឲ្យដឹងថាដែរថា «ការបង្ហាញនូវផលិតផលថ្មីនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនសាណូហ្វីកម្ពុជា នៅតែបន្តនាំយកផលិតផល ដែលមានគុណភាព និងប្រសិទ្ធភាពកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតប នឹងតម្រូវការការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា» ។ លោកស្រីបន្ថែមទៀតថា «លើសពីនេះទៅទៀតក្រុមហ៊ុន បានសហការយ៉ាងស្និទ្ធជាមួយអ្នកប្រកបដោយ វិជ្ជាជីវៈថែទាំសុខភាព ដើម្បីនាំយកនូវការការពារដ៏ល្អប្រសើរ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសកុមារតូចៗតែម្តង»

ខាងក្រោមនេះគឺជា សំណួរ & ចម្លើយ ខ្លះៗទាក់ទងទៅនឹងជំងឺរលាកខួរក្បាល៖

តើជំងឺរលាកខួរក្បាលជេអ៊ី(JE)ត្រូវបានចម្លងយ៉ាងដូចម្តេច?

វីរុសនៃជំងឺរលាកខួរក្បាលជេអ៊ី (JEV) ត្រូវបានចម្លងតាមរយៈសត្វមូស (ឈ្មោះ Culex tritaeniorhynchus)។ វីរុសនេះរីករាលដាលក្នុងវដ្តមួយដែលមានពាក់ព័ន្ធទៅនឹងសត្វមួយចំនួន និងសត្វមូស។ ទិសដៅចម្បងរបស់វីរុសនេះ គឺបក្សីព្រៃ ហើយវាក៏ពាក់ព័ន្ធជាមួយនឹងសត្វជ្រូក និងសត្វដទៃទៀត។ មនុស្ស គឺជាអ្នកទទួលជំងឺនេះដោយចៃដន្យ។

តើសញ្ញា និងអាការរោគនៃជំងឺរលាកខួរក្បាលជេអ៊ី(JE) មានអ្វីខ្លះ?

JE គឺជាជំងឺដែលបង្កឲ្យមានគ្រុនក្តៅ ហើយភាគច្រើនគួបផ្សំទៅនឹងការរលាកប្រព័ន្ធប្រសាទកណ្តាល។ រោគសញ្ញារបស់វារួមមាន៖ គ្រុនក្តៅខ្លាំង ក្អួតចង្អោរ ប្រព័ន្ធដែលទទួលដឹងត្រូវបានប៉ះពាល់ ប្រកាច់ រឹងក រឹងសាច់ដុំ និងមានចលនាមិនធម្មតា។ ភាគច្រើននៃជំងឺនេះ មិនមានរោគសញ្ញាទេ។ គេប៉ាន់ប្រមាណថា ប្រហែលមានការបង្ករោគតែមួយប៉ុណ្ណោះ ក្នុងចំណោមការបង្ករោគជំងឺនេះលើមនុស្សពី ២០ទៅ១០០០ករណី ដែលបង្កឲ្យទៅជា ជំងឺរលាកខួរក្បាល។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយមានភាពធ្ងន់ធ្ងរណាស់ ចំពោះអ្នកជំងឺទាំងឡាយដែលមានស្តែងចេញនូវរោគសញ្ញាគ្លីនិក។ JE នាំទៅរកសេចក្តីស្លាប់ក្នុងអត្រាប្រមាណ៥ ៣០%នៃករណី និងនាំទៅរកផលវិបាក ដែលជាកាកសំណល់ផ្នែកផ្លូវចិត្ត ប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ដូចជាការផ្លាស់ប្តូរឥរិយាបថក្នុងអត្រា៣០ ៥០%នៃអ្នកជំងឺដែលនៅរស់រានមានជីវិតពីជំងឺនេះ។ ជំងឺ និងមរណភាពអាច កើតមាននៅគ្រប់វ័យទាំងអស់។

តើអ្នកណាខ្លះ ដែលមានហានិភ័យក្នុងការកើតជំងឺរលាកខួរក្បាលជេអ៊ី (JE)?

អ្នកណាក៏ដោយ រាប់បញ្ចូលទាំងកុមារ មនុស្សពេញវ័យ និងមនុស្សវ័យចំណាស់ ដែលមិនបានចាក់ថ្នាំបង្ការហើយដែលរស់នៅក្នុងតំបន់ដែលមានការកើតនូវជំងឺនេះ គឺសុទ្ធតែជាអ្នកប្រឈមមុខទាំងអស់។ កុមារជាក្រុមដែលមានការប៉ះពាល់ខ្លាំងជាងគេ។ JE កើតមានឡើងនៅផ្នែកជាច្រើននៃទ្វីបអាស៊ី ជាពិសេសនៅប្រទេសចិន ឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។

តើយើងអាចប្រើថ្នាំបង្ការចាក់ការពារប្រឆាំងនឹងជំងឺរលាកខួរក្បាលជេអ៊ីបានដែរឬទេ?

ពិតជាបាន! គ្រប់គ្នាដែលរស់នៅក្នុងតំបន់ទាំងឡាយណាដែលមានជំងឺនេះ គឺសុទ្ធតែជាអ្នកដែលមានការប្រឈមមុខ និងគួរតែត្រូវចាក់ថ្នាំបង្ការជាមុន ប្រសិនបើគាត់ពុំស្ថិតក្នុងករណីហាមប្រើនោះ។

ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ថ្នាំបង្ការបង្កើតពីវីរុសដែលគេសម្លាប់ និងត្រូវបានគេរៀបចំផលិតនៅក្នុងការបណ្តុះជាលិកា ឬនៅនឹងខួរក្បាលរបស់សត្វកណ្តុរ ត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីផ្តល់ជាថ្នាំបង្ការទៅឲ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនដែលមានជំងឺនេះ ហើយបាននាំមកនូវការថយចុះយ៉ាងខ្លាំងនៃបន្ទុកជំងឺនេះ។

តើគេអាចប្រើថ្នាំបង្ការចាក់ការពារជំងឺរលាកខួរក្បាលជេអ៊ីនៅពេលណា?

ការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺJE គួរត្រូវធ្វើឡើងមុនពេលមានការប្រឈមមុខនឹងហានិភ័យ។ ចំពោះមនុស្សដែលរស់នៅតំបន់ដែលមានជំងឺនេះ ការផ្តល់ថ្នាំបង្ការគួរធ្វើនៅដំណាក់កាលដំបូងៗនៃកុមារភាព។ ថ្នាំបង្ការប្រភេទថ្មីការពារជំងឺរលាកខួរក្បាលជេអ៊ីរបស់ក្រុមហ៊ុនសាណូហ្វីប៉ាស្ទ័រ អាចត្រូវគេប្រើចាក់លើក្មេងចាប់ពីអាយុ៩ខែឡើងទៅ។ ថ្នាំបង្ការនេះក៏អាចត្រូវគេប្រើសម្រាប់ចាក់មនុស្សពេញវ័យទាំងឡាយដែលរស់នៅក្នុងតំបន់ដែលកើតមានជំងឺនេះ ឬអ្នកធ្វើដំណើរទៅតំបន់ទាំងនោះ។

តើគេអាចប្រើថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ី ជាមួយនឹងថ្នាំបង្ការដទៃទៀតបានដែរឬទេ?

ដើម្បីសម្រួលដល់ការដាក់បញ្ចូលទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ីនេះ អាចត្រូវគេប្រើចាក់ក្នុងពេលដំណាលគ្នាជាមួយនឹងថ្នាំបង្ការជំងឺកញ្រ្ជិល ស្អូច ស្រឡទែន ហើយក៏អាចត្រូវគេប្រើផងដែរជាថ្នាំបង្ការសម្រាប់ចាក់រំលឹកដល់កុមារដែលធ្លាប់ចាក់ដោយថ្នាំបង្ការប្រភេទណាមួយពីមុនមកក្នុងការបង្ការជំងឺJEនេះ ដើម្បីបង្គ្រប់នូវកាលវិភាគចាក់ថ្នាំបង្ការរបស់កុមារនោះ។

តើអ្វីទៅជាកាលវិភាគចាក់ថ្នាំបង្ការសម្រាប់ ថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ីនេះ?

ការផ្តល់តែ១ដូសនៃថ្នាំបង្ការជំងឺJEចាក់ក្នុងសាច់ដុំ គឺជាកាលវិភាគបឋមសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចាប់ពីអាយុ៩ខែដល់អាយុ៦០ឆ្នាំ។ចំពោះមនុស្សធំ ពុំមានការតម្រូវឲ្យចាក់ដូសរំលឹកទេ ព្រោះការចាក់តែ១ដូសត្រូវបានគេគិតថានឹងបង្កើតឲ្យមានការការពារពេញមួយជីវិត។ ចំពោះក្មេង ការចាក់នូវដូសរំលឹកនៅ១២ទៅ២៤ខែក្រោយចាក់លើកដំបូង(បឋម) នឹងផ្តល់នូវប្រព័ន្ធភាពស៊ាំការពាររាងកាយបាន១០ទៅ២០ឆ្នាំ ហើយប្រហែលជាអាចបានពេញមួយជីវិតផងដែរ។មួយដូសនៃថ្នាំបង្ការនេះ ក៏ត្រូវបានគេប្រើផងដែរជាដូសរំលឹកសម្រាប់ចាក់ដល់អ្នកទាំងឡាយណាដែលធ្លាប់បានទទួលរួចមកហើយនូវថ្នាំបង្ការជំងឺJE ហើយដែលត្រូវការចាក់រំលឹកបន្ត។

តើថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ីប្រភេទថ្មីនេះ មានសុវត្ថិភាពដែរឬទេ?

តាមរយៈការសិក្សាគ្លីនិកជាច្រើនបានបង្ហាញថា ថ្នាំបង្ការជំងឺរលាកខួរក្បាលជេអ៊ីដែលជាថ្នាំបង្ការប្រភេទថ្មីរបស់ក្រុមហ៊ុនសាណូហ្វីប៉ាស្ទ័រ មានការបង្កើតនូវភាពស៊ាំការពាររាងកាយ និងមានសុវត្ថិភាពក្នុងកម្រិតខ្ពស់ ទាំងសម្រាប់កុមារនិងមនុស្សពេញវ័យ។ លើសពីនេះ តាមរយៈការពិនិត្យតាមដានក្រោយពីការដាក់ឲ្យចរាចរលើទីផ្សារចាប់តាំងពីបើកសម្ពោធដំបូងបំផុតមក ផលិតផលមួយនេះ ត្រូវបានគេរកឃើញថាមានសុវត្ថិភាពល្អ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ លោក Thomas Gaudry ប្រធានផ្នែកបង្ការប្រចាំប្រទេសវៀតណាម និងកម្ពុជា

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ លោក Alain Bouckenooghe អនុប្រធានទទួលបន្ទុកផ្នែកកិច្ចការវេជ្ជសាស្រ្ត និងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនសាណូហ្វីប៉ាស្ទ័រ

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ អ្នកស្រី ង្វៀង ធីង៉ុកមីញ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ ទិដ្ឋភាពអបអរសារទនៃការបើកសម្ភោធផលិតផលថ្មី IMOJEV

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ កិច្ចសម្ភាសន៍ខ្លះៗរវាង លោកវេជ្ជបណ្ឌិតប្រចាំក្រុមហ៊ុនសាណូហ្វី

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖ ទិដ្ឋភាពរាំរបាំជូនពរ ដើម្បីកិច្ចបើកកម្មវិធី និងអបអរការសម្ពោធនូវផលិតផលថ្មី របស់ក្រុមហ៊ុនសាណូហ្វី

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)
រូបភាព៖​ ទិដ្ឋភាពរបស់ភ្ញៀវកិតិ្តយសដែលសុទ្ធសឹងតែក្រុមវេជ្ជបណ្ឌិត ប្រចាំក្រុមហ៊ុនសាណូហ្វី

ពីធីសម្ភោធជាផ្លូវការ របស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា នូវផលិតផល IMOJEV ថ្នាំបង្ការ ជំងឺរលាកខួរក្បាលជេអ៊ី (JE)