ប្រវត្តិ​ល្ខោនខោល (នៅ​មាន​ត)

មតិ​ទី​១ នោះ​បាន​និយាយ​ថា ហេតុ​ដែល​នាំ​ឱ្យ​មាន​ទម្រង់​ល្ខោន​មួយ​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ជា​អ្នក​រាំ​នោះ គឺ​កើតឡើង​ដោយសារ​មាន​វិបត្តិ​ខាង​សាសនា​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​កាល​វេលា​ដែល​មាន​ទំនាស់​សាសនា​រវាង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។

ពួក​ស្រី​របាំ​នៃ​ល្ខោន​ក្បាច់​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​ក្នុង​សម័យ​អង្គរ គេ​ហៅ​ថា «​រ​មាំ​» មាន​ដើម​កំណើត​តាំងពី​មុន​ការ​ចាប់បដិសន្ធិ​នៃ​លទ្ធិ​ទេវរាជ «Culte du  Dieu Roi» ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្នុង​អំឡុង​ឆ្នាំ​៨០២​ទៅ​ទៀត ហើយ​ពេល​ដែល​ខ្មែរ​គោរព​លទ្ធិ​ទេវរាជ គេ​និយម​ហៅ​ស្រី​របាំ​ទាំងនោះ​ថា «​ទេវ​ទាសី » ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រហ្មញ្ញសាសនា រួច​បន្ត​តួនាទី​ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨) ដូច​មាន​ឯកសារ​ខ្លះ​អាច​ឱ្យ​យើង​ដឹង​ថា ក្នុង​ពេល​នោះ​នៅ​ប្រាសាទតាព្រហ្ម​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់ និង​នៅ​ប្រាសាទព្រះខ័ន ស្រី​របាំ​មាន​ចំនួន​រហូត​ដល់​ទៅ​១.០០០​នាក់​ឯណោះ ។

ក្រុម​អ្នករបាំ​ទាំង​អស់នោះ មាន​តួនាទី​សំខាន់​ណាស់ គឺជា​អ្នក​ដែល​មាន​ភារកិច្ច ចម្លង​ពាក្យបណ្តឹង ពាក្យ​បន់ស្រន់ ពាក្យ​ឧទ្ទិសទាំងឡាយ​ពី​ឋានមនុស្ស​លោក​ទៅ​ឋាន​នៃ​ព្រះ គឺឋាន​សួគ៌ ឋាន​ត្រៃ​ត្រឹ​ង្សហើយ​ពាំនាំ​នូវ​ស័ព្ទ​សាធុការពរ​ពី​ឋានសួគ៌ ចុះ​មក​ប្រោះព្រំ​ដល់​ឋានមនុស្ស​លោក​វិញ ។ អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ស្រី​បរិសុទ្ធ​មិន​មាន​ប្រឡាក់ប្រឡូស​អ្វី​នឹង​គ្រឿង​មន្ទិល​សៅហ្មង​ទាំង​ខាង​ផ្លូវ​កាយ វាចា ចិត្ត តាម​បែប​មនុស្ស​សាមញ្ញ​ឡើយ ។  លុះ​មក​ដល់​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ​ខាង​សាសនា ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ (១២៤៣-១២៩៥) ? ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា សិវៈ​និយម ពួក​នេះ​បាន​កោស​លុប​រូប ឬ​បំផ្លាញ​ព្រះពុទ្ធ​សាសនា បដិមា ផ្សេង​ៗ​ជា​ច្រើន នៅ​ប្រាសាទបាយ័ន និង​ទី​ដទៃ​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ដើម្បី​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ ពួក​អ្នក​កាន់​អំណាច មាន​មន្ត្រី ធំ​ៗ ក្នុង​ព្រះ​បរមរាជវាំង បាន​បង្ខំ​រួមរស់​ស្នេហា​ជាមួយ​ស្រី​របាំ «​ពួក​ទេវ​ទាសី​» ក្បត់​ទំនៀម​មុន​... ហើយ​ប្រហែលជា​ចាប់តាំងពី​ពេល​នោះ​មក​ហើយ ដែល​គេ​ឃើញ​មានការ​និយម​របស់​ពួក​មន្ត្រី​ក្នុង​ព្រះ​បរមរាជវាំង​ដណ្តឹង​យក​ស្រី​របាំ​ធ្វើ​ភរិយា​របស់​ខ្លួន ។ គេ​ឃើញ​មាន​សេសសល់​ជាក់ស្តែង ក្នុង​សង្គម​កម្ពុជា រហូត​មក​ដល់​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​ផ្ទុះ​ឡើង​បន្តិច ។

អាស្រ័យ​ដោយ​ការ​មិន​ពេញចិត្ត​នឹង​អំពើ​ទាំងនោះ គ្រូរបាំ​បុរាណ ធំ​ៗ​នៃ​ជំនាន់​អង្គរ​នោះ​ដែល​ជា​អ្នក​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​បាន​ខិតខំ ចំណាយ​អស់កម្លាំង​កាយ កម្លាំង​ប្រាជ្ញា និង​ទេព​កោសល្យ​របស់​អាត្មា​ខ្លួន​បង្ហាត់បង្ហាញ អប់រំ​សិល្ប​ការិនី​របាំ​ឱ្យ​បាន​ល្អ បាន​ល្បី ដើម្បី​បម្រើ​ព្រះពុទ្ធ​សាសនា ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​ខ្លួន ក៏​បាន​ដកខ្លួន​ថយ​រត់គេច​ទៅ​ជ្រក​រស់នៅ​ជាមួយ​ប្រជារាស្ត្រ​ជា​ពុទ្ធសាសនិក ពិសេស​គឺ​យក​អារាម​ខាង​ពុទ្ធសាសនា​ជា​បង្អែក ហើយ​បង្កើត​ទម្រង់​ល្ខោន​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​មាន​សុទ្ធតែ ប្រុស​ៗ ជា​អ្នក​រាំ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នក​កាន់​អំណាច​ទាំងឡាយ​បំផ្លាញ​សិល្បៈ​របស់​ខ្លួន​បាន​ទៀត ។

ការ​អធិប្បាយ​ខាងលើ​នេះ គឺជា​ហេតុផល​នានា​ដែល​មតិ​ទី​១ បាន​លើកយក​មក​សំអាង​ដើម្បី​បញ្ចប់​អំពី​ការ​កកើត​នៃ​ទម្រង់​ល្ខោន​ប្រុស ដែល​ចេញ​មក​ពី​ប្រភព​តែ​មួយ គឺ​ចេញពី​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ​នោះ ។

រីឯ​មតិ​ទី​២​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​ដែល​ថា​តើ​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ ប្រុស​ៗ ​ឱ្យ​រាំ​ជា​តួ​ស្រី នៅ​ក្នុង​ទម្រង់​ល្ខោន​ពាក់​មុខ​ដូច្នេះ ? ឬ​ក៏​និយាយ​អំពី​ដើម​កំណើត​នៃ​ល្ខោនខោល​នោះ ? គេ​តែងតែ​លើកយក​វិបត្តិ​នៃ​ព្រះរាជ​វង្ស​ស្តេច​ខ្មែរ ពិសេស​គឺ​ការ​ប្តូរ​រាជវង្ស​ពី​វង្ស​វរ្ម័ន​មក​វង្ស​ព្រះបាទ​ត្រសក់ផ្អែម​ដែល​ជា​អតីត​កសិករ​ដាំ​ត្រសក់​មាន​រសជាតិ​ផ្អែម​ពិសេស​ជាងគេ មក​ធ្វើ​ជាទី​សំអាង ។

(​នៅ​មាន​ត​)