កម្ពុជា​នឹង​ ​ក្លាយ​ជា​ក្រុម​ស្នូល លើ​ការគ្រប់គ្រង​វិស័យ​សហគ្រាស

កម្ពុជា​នឹង​ ​ក្លាយ​ជា​ក្រុម​ស្នូល លើ​ការគ្រប់គ្រង​វិស័យ​សហគ្រាស



ភ្នំពេញ ​៖ ​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្រាប់​ការគ្រប់គ្រង​សហគ្រាស​ធុន ​តូច ​និង​មធ្យម​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ក្រុម​ស្នូល លើ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង និង​ចំណេះ​ធ្វើ នៃ​ការគ្រប់គ្រង សហគ្រាស​កាន់តែ​ច្បាស់លាស់​ប្រកបដោយ​គុណភាព។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​លើក ឡើង​នៅ​ក្នុង​សិក្ខាសាលា​អន្តរជាតិ ស្តី​ពី​ចំណេះដឹង​ផ្នែក​គ្រប់គ្រង សម្រាប់​ថ្នាក់ដឹកនាំ​ជន​ខ្ពស់ នៃ​សហ គ្រាស​ធុន​តូច និង​មធ្យម ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ២០១៦ នេះ។

លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម នា​ពេល​កន្លងមក ការ​គ្រប់គ្រង​លើ​វិស័យ​នេះ មាន​លក្ខណៈ​ជា​បុរាណ ពោល​គឺ​ពុំ​មាន​នីតិវិធី​អនុវត្តន៍​ច្បាស់លាស់ ដើម្បី​ទទួល​នូវ​ប្រសិទ្ធភាព​លើ ការងារ​នេះ​បាន​នោះទេ។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​បន្ត​ថា ឆ្លងតាម​សិក្ខាសាលា​អន្តរជាតិ ស្តី​ពី​ចំណេះដឹង​ផ្នែក​គ្រប់គ្រង ដែល​រៀបចំឡើង​ដោយ​អង្គការ​ផលិតភាព​អាស៊ី ដោយមាន​សមាជិក​ចំនួន​១២​ប្រទេស​បាន​ចូលរួម​នេះ គឺជា​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក លើ​ការ​អនុវត្ត​​វិធីសាស្ត្រ​ថ្មីៗ ក្នុង​ការ​លម្អ​នៃ​ការ​គ្រប់គ្រង​ឡើងវិញ​ដោយ​ដើរ​ឲ្យ​ទាន់​នៃ​ការវិវត្តន៍​ក្នុង​ពិភពលោក។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង មធ្យម​នៅ​កម្ពុជា ក្រៅពី​ការ​ខ្វះ​ទុន​ក្នុង​ការ​វិនិយោគ​នោះ អ្នកគ្រប់គ្រង SME ភាគច្រើន​មិនបាន​ក្តាប់ យក​ព័ត៌មាន​ឬ​បទពិសោធន៍​ថ្មីៗ​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​សហគ្រាស​មួយចំនួន​ក្ស័យ​ធុន​ជា​បណ្តើរៗ។ ឆ្លងកាត់​តាម​សិក្ខាសាលា​គ្រប់គ្រង​សហគ្រាស ដែល​មាន​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ គឺជា​ការ​នាំ​នូវ ចំណេះដឹង​ថ្មី​បន្ថែម​ទៀត ដល់​មន្ត្រី​ជំនាញ​របស់​ក្រសួង ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្ត ដល់​សហគ្រាស​ ផ្សេងៗ ក្នុង​ការ​កែលម្អ​ឡើងវិញ​នៅ​លើ​វិស័យ​សហគ្រាស៕

កម្ពុជា​នឹង​ ​ក្លាយ​ជា​ក្រុម​ស្នូល លើ​ការគ្រប់គ្រង​វិស័យ​សហគ្រាស កម្ពុជា​នឹង​ ​ក្លាយ​ជា​ក្រុម​ស្នូល លើ​ការគ្រប់គ្រង​វិស័យ​សហគ្រាស