ប្រវត្តិ​បទ​ចម្រៀង «​ស្ពាន​អូរ​តា​គី​»

យោង​តាម​សៀវភៅ «​កំណា​ណ្យ​ស្នេហ៍​មាស​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លើក​ឡើង​ថា បើ​តាម​ការណ៍​ពិត​ជាក់ស្តែង​ដែល​ឪពុក​ម្តាយ​លោក​បាន​និយាយ​ប្រាប់ គឺ​លោក​មាន​កំណើត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​ថ្មគោល ស្រុក​បាត់ដំបង​ឯណោះ​ទេ ប៉ុន្តែ​គ្រាន់តែ​កើត​បាន​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ម្តាយ​លោក​ត្រូវ​ប្តូរ​ទីតាំង​ចេញពី​ទីនោះ ។ ដោយសារ​ស្រុក​ទេស​វិលវល់​ភ័ន្ត​ប្រែ​ចុះឡើង លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រេច​យក​ឃុំ​ចម្ការ​សំរោង ជាទី​តាំង​កំណើត​ជាក់លាក់ ព្រោះ​កន្លែង​នោះ​លោក​ធ្លាប់​រស់នៅ​យូរ​ជាងគេ ហើយ​ក៏​មាន​អនុ​ស្សាវរីយ៍​ច្រើន​ជាងគេ​ក្នុង​ឆាកជីវិត ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​តែ​នឹកឃើញ​ដល់​ភូមិ​បឹង​ព្រីង ដែល​ជាទី​តាំង​ធ្វើស្រែ​បារាំង នៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ដែរ ។

នៅ​តាម​ដងផ្លូវ​ចាប់តាំងពី​ស្ពាន​អូរ​តា​គី​រហូត​ទៅ​ដល់​មង្គលបុរី សេរី​សោភ័ណ សុទ្ធ​ជា​កន្លែង​ដែល​បាន​កត់​ត្រាទុក​នូវ​អនុស្សាវរីយ៍ និង​រឿងរ៉ាវ ផ្សេង​ៗ ដែល​ជីវិត​ស្នេហា​បឋម​វ័យ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​បាន​ជួប​ប្រទះ ។

ជាមួយ​នេះ​ផង​ដែរ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ដក់ចិត្ត ដិតអារម្មណ៍​ទៅ​លើ​ជីវិត​កម្មករ​រថភ្លើង​ដែល​ផ្ញើ​វាសនា​លើ​ផ្លូវដែក​ដ៏​កម្សត់​ទុរគត ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន យល់​ថា ជីវិត​កម្មករ​រថភ្លើង​ពិតមែនតែ​ក្រខ្សត់ តែ​មានចិត្ត​ស្មោះត្រង់​ភ្លឹង​ដូច​ជា​ផ្លូវដែក ហើយ​រឹងប៉ឹង​មាំមួន ភក្តីភាព​ចំពោះ​ស្នេហា​ជាទី​បំផុត ។ ប៉ុន្តែ​ជីវិត​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ របស់​អ្នករត់ពន្ធ​ផ្សារងងឹត បាន​ធ្វើ​ឱ្យ​ស្នេហា​របស់​កម្មករ​រថភ្លើង ប្រែ​ក្រឡះ​ទៅ​វិញ ។

ថ្វីបើ​បទ​ចម្រៀង «​ស្ពាន​អូរ​តា​គី​» គ្មាន​ពាក្យ​បឹង​ព្រីង​មួយ​ម៉ាត់​នៅ​ជាមួយ ប៉ុន្តែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មាន​គោលដៅ​រំឭក​ទៅ​ដល់​ភូមិឋាន​ទាំងនោះ ចាប់តាំងពី​ស្ពាន​អូរ​តា​គី​ឡើង​ទៅ ព្រោះ​ស្ពាន​នេះ​ជាទី​តាំង​ពិតប្រាកដ​នៃ​ជីវិត​ស្នេហា​របស់​លោក ដែល​បើ​ទុក​ណា​ជា​មិន​បាន​សម្រេច​ដូច​បំណង ក៏​បាន​ស្ថិត​នៅ​ក្នុង​ក្តី​ស្រមៃ​គ្មាន​ព្រំដែន​មួ​ួ​យ ដែល​ពោរពេញ​ដោយ​ក្តី​អស់សង្ឃឹម​... ។

បទ​«​ស្ពាន​អូរ​តា​គី​» ចាប់​និពន្ធ និង​ថត​នៅ​ក្នុងអំឡុងពេល​វេលា​ដូច​ជា​បណ្តា​បទ​ក្នុង​កម្រង​កាស្សែត «​កំលោះ​ហុងដា​កញ្ញា​ប៉េសេ​» ដែរ ព្រោះ​ស្ថិត​នៅ​ក្នុង​កម្រង​កាស្សែត ជាមួយ​គ្នា ហើយ​នៅ​តែ​មាន​ប្រជាប្រិយភាព រហូត​មក​ដល់​បច្ចុប្បន្ន ។

បទ​ចម្រៀង​ស្ពាន​អូរ​តា​គី​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​លោកហាស់ សាឡ​ន និង​ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។
បទ​ចម្រៀង ស្ពាន​អូរ​តា​គី រាយ​ទំនុក​ថា ៖

ផ្តើម ៖ ស្ពាន​អូរ​តា​គី បើ​អ្នកដឹង​រឿង​ខ្ញុំ​...
សូម​ជួយ​លាក់​ផង កុំ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ​!...

១-​សម្រក់​ទឹកខ្មៅ​លើ​ដំបៅ​ចាស់ នឹក​ឡើង​សែន​ខ្មាស​ស្ពាន​អូរ​តា​គី កាល​បង​និង​អូន​សាង​ក្បូន​ជីវី កាល​បង​និង​អូន​សាង​ក្បូន​ជីវី ក្រោម​ដើម​គគីរ​ក្នុង​ខ្ទម​ទុគ៌ត ។

២-​អូន​តាម​ម្តាយ​ទៅ​មង្គលបុរី គ្មាន​ផ្ញើ​សម្តី ឱ្យ​បង​មួយ​ម៉ាត់ បង​ជា​កម្មករ​រថភ្លើង​កម្សត់  បង​ជា​កម្មករ​រថភ្លើង​កម្សត់ លួច​ផ្ញើ​សំបុត្រ​តាម​អ្នករត់ពន្ធ ។
បន្ទរ​-​ស្រាប់តែ​អូន​មាន​ថ្មី​ហើយ ជីវិត​ខ្ញុំ​អើយ​ទុក្ខ​ស្នេហ៍​សែន​ធ្ងន់ ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ មើលងាយ​រិះគន់​ថា​បង​ក្រ​ខ្លាំង ។

៣-​ស្ពាន​អូរ​តា​គី​ស្ពាន​អូរ​តាកែ ឱ​ពពាលខែ និង​ស្រែ​បារាំង បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទ​បាំង បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទ​បាំង ធ្វើ​ជា​រនាំង​បាំង​ស្នេហ៍​នេះ​ដែរ ៕