បើ​ប្រទេស​មួយ​មិនទាន់​សម្បូណ៌​អ្នក​ជិះកង់​ទេ​ កុំទាន់​និយាយ​រឿង​សន្តិភាព​

ជា​អ្នកនយោបាយ ​ជា​អ្នកដឹកនាំ​សង្គម​ប្រកប​ដោយ​ឧត្តមគតិ​ពិតប្រាកដ​ គឺ​គេ​តែង​ខ្វល់ខ្វាយ ​និង​យ​កចិត្ត​ទុកដាក់​ជា​អតិបរមា​អំពី​សុខុមាលភាព ​សុវត្ថិភាព ​និង​សន្តិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​នគរ​ ។ ​ជា​មេ​​ ជា​អាណាព្យាបាល​គេ​ គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​រាស្រ្ត​របស់​ខ្លួន​រស់​នៅ​ទទួល​រងគ្រោះ​អកុសល​ដោយ​សារ​ទុក្ខវេទនា​ ភាពភ័យខ្លាច​ និង​ការ​គម្រាម​កំហែង​ដោយ​កត្តា​នានា ​ទោះ​តាម​រយៈ​ផ្លូវ​​កាយ ​និង​ផ្លូវ​ចិត្ត​ឡើយ​ ។ ​​
បើ​រូបកាយ ​និង​ចិត្តគំនិត​របស់​ប្រជារាស្រ្ត​កំពុង​រងគ្រោះ​ដោយសារ​មជ្ឈដ្ឋាន​កខ្វក់​, ​សារធាតុពុល​, ​សារធាតុគីមី​, គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​រៀងរាល់ថ្ងៃ​, និង​ជម្ងឺ​រ៉ាំរ៉ៃ​កាច​សាហាវ​ និង​គ្រោះ​ធម្មជាតិ​នានា​ដែល​បង្ក​​ឡើង​ដោយ​ឧ​ស្ម័ន​ពុល​ដែល​បញ្ចេញ​ដោយ​យានយន្ត​ជា​ប្រចាំ​នោះ​ សួរ​ថា​តើ​ឯណា​ទៅ​សន្តិភាព​,​ ​សុខុមាលភាព​, និង​សន្តិភាព​របស់​ប្រជាជន​ក្នុង​សង្គម​? ​ពិតណាស់ ​គឺ​គ្មាន​ឡើយ​ ។ បើគ្មាន ​យើង​ក៏​មិន​អាច​កំណត់​ ឬ​ប្រកាស​ជា​សាធារណៈ​ថា​៖ ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេញ​បាន​ឡើយ ​។​ ព្រោះ​នេះ​គឺ​ជា​ការ​បោក​ប្រាស់​មនសិការ​ជាតិ​ ។​
បើ​គេ​ក្រឡេក​ទៅ​មើល​បរិបទ​រស់​នៅ​នៃ​ប្រទេស​អភិវឌ្ឍន៍​មួ​យ​ចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នោះ​គេ​នឹង​ឃើញ​ថា​៖​ នៅ​ក្នុង​សង្គម​ជាតិ​រ​បស់​ពួកគេ ​គឺ​ប្រជាជន​គេ​គ្មាន​ប្រាថ្នា​អ្វី​ក្រៅ​ពី​ជីវភាព​រស់នៅ​បែប​សាមញ្ញ​ៗ​ ដែល​ប្រកប​ដោយ​សុខសន្តិភាព​ និង​សុ​វត្ថិភាព​ជា​មួយ​នឹង​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ​ឡើយ​ ។​ ការ​ប្រាថ្នា​ចង់​មាន​ ចង់​បាន​ ចង់​ល្បី ​ចង់​ហ៊ឺហារ​ ឬ​ចង់​ស្រណុក​ខុស​រឿង​នោះ​ គឺ​ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ​នៅ​ក្នុង​ស្រទាប់​គំនិត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​ ។​ អ្វី​ដែល​ចាំបាច់​សម្រាប់​ការរស់នៅ​របស់​ពួក​គេ​បំផុត​នោះ​ គឺ​សន្តិភាព​ និង​សុវត្ថិភាព​ក្នុងជីវិត​ និង​ក្នុង​សង្គម​របស់​ពួកគេ​ ។​
ដូច្នេះ​ ជានិច្ច​ជា​កាល​គឺ​ប្រជាជន​គេ​ត្រូវ​តែ​គិត​គូរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ​និង​គ្រប់​ពេលវេលា ​ដោយ​មិន​ត្រូវ​បញ្ចេញ​សកម្មភាព​ណា​មួយ​ដែល​បំពុល​ និង​បំផ្លាញ​សុខុមាលភាព ​សុវត្ថិភាព​ និង​សន្តិភាព​ក្នុង​សង្គម​ជារួម​ឡើយ ​ព្រោះ​ពួកគេ​យល់ថា​៖ ​កត្តាសំខាន់​ៗ​ទាំងនេះ​ គឺជា​ភាព​ចាំបាច់​សម្រាប់​សង្គម​មនុស្ស​ផង​ទាំង​ឡាយ​ ។​ ម៉្យាង​វិញ​ទៀត ​ចំពោះ​ការ​សម្ញែង​បង្អួត​គ្នា ​ឬ​ការ​ជិះយាន​យន្ត​ទោះ​ទំនើប​ៗ​កប់​ស៊េរី​ក្ដី​ ឬ​ធ​ម្មតា​ក្ដី​ដែល​បំពុល​បរិស្ថាន​សង្គម​ធ្ងន់ធ្ងរ​នោះ​គឺមាន​តិចតួច​ណាស់ ​ព្រោះ​ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​នោះ​ បាន​ផ្លាស់ប្ដូរ​ទៅ​ប្រើប្រាស់​ “​កង់​”​ ជា​យាន​ជំនិះ​ប្រចាំ​ថ្ងៃវិញ​ និង​ដោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​នានា​ដោយ​កសាង​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​ៗ​ជា​ច្រើន​ដើម្បី​សម្រួល​ភាព​ងាយ​ស្រួល​ដល់​បណ្ដា​អ្នក​ជិះ​កង់​ទាំង​ឡាយ​កុំឱ្យ​នឿយហត់​ និង​សៅហ្មង​ច្រើន​ទៀតផង​ ។ ​ដែល​អ្វីៗ​ទាំងនេះ​ គឺវា​ផ្ទុយ​ស្រឡះ​ខុស​ឆ្ងាយ​ពី​សង្គម​មនុស្ស​មួយ​ចំនួន ​ដែល​មិន​ដែល​ធ្លាប់​ស្គា​ល់​ភាព​មាន​ ភាពបាន​ ភាព​ហ៊ឺហារ​ និង​ភាព​ងាយ​ស្រួល​តាម​រយៈ​សម្ភារ​និយម​ដែល​បំពុល​បំផ្លាញ​បរិយាកាស​សង្គម​គ្រប់វិនាទី​-ជា​រៀងរាល់ថ្ងៃ​ ទើប​ជា​និច្ច​ជាកាល​ បុគ្គល​មួយ​ចំនួនធំ​ នៅ​ក្នុង​សង្គម​ជាតិ​ទាំងនោះ​តែងតែ​បង្កើត​លេស​ថា​មក​ពី​កត្តា​ពិបាក​យ៉ាងនេះ​ មក​ពីកត្តា​ឧបសគ្គ​យ៉ាងនោះ​ ។​ ហេតុផល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ​ ។ ​ដូច្នេះ​ហើយ​ ទើប​សង្គម​មនុស្ស​អស់​ទាំង​នោះ​គ្មាន​សន្តិភាព​ និង​សុវត្ថិភាព​ សូម្បី​តែ​ត្រឹម​កម្រិត​ថ្នាក់​បឋម​ ។​
សរុប​សេច​ក្ដី​មក​ ការ​កំណត់​ថា​សង្គម​មួយ​មាន​សុខ​សន្តិភាព​ និង​សុវត្ថិភាព​ គឺ​មិនមែន​មើល​សម្ដៅ​ត្រឹមតែ​មួយ​ជ្រុង​ទៅ​លើ​កត្តា​អវត្តមាន​នៃ​សង្គ្រាម​ទេ ​ប៉ុន្តែ​គេ​ត្រូវ​មើល​ឱ្យ​សព្វ​ជ្រុង ​សព្វទិស ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ភាព​ជាក់​ស្ដែង​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទូទាំង​នគរ​សិនថា ​តើ​ពួក​គេរ​ស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ ​និង​សេចក្ដី​ស្ងប់​ទាំង​ផ្លូវ​កាយ​ និង​ផ្លុវ​ចិត្ត​ហើយ​ឬ​នៅ​ ។ ​បើ​នៅ​ទេ​ ការ​ប្រកាស​ថា ​សង្គម​ជាតិ​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​បរិបូណ៌​នោះ​ វា​គឺ​ជា​ភាព​ឆ្គាំឆ្គង​ដែល​ប្រកប​ដោយ​ក្ដី​អាម៉ាស់​ខ្លាំង​ណាស់​ ។​ ដូច្នេះ​ ការ​ផ្លាស់​ប្ដូ​រមធ្យោបាយ​ធ្វើ​ដំណើរ​ពី​យានយន្ត​ មក​រកកា​រជិះ​កង់​វិញ​ ដោយ​ផ្គួប​ផ្សំ​ជាមួយ​នឹង​ការយក​ចិត្តទុក​ដាក់​អនុវត្ត​សម្រួល​ជូន​ពី​​រដ្ឋ​អំណាច​ផង​នោះ ​វា​គឺ​ជា​កត្តា​វិជ្ជមាន​មួយ​ដែល​អាច​នាំ​ឱ្យ​សង្គម​ជាតិ​ទាំង​មូល​មាន​សុខ​សន្តិភាព ​សុខុមាលភាព​ និង​សុវត្ថិភាព​ផង​ដែរ​ ​៕​​​

បើ​ប្រទេស​មួយ​មិនទាន់​សម្បូណ៌​អ្នក​ជិះកង់​ទេ​ កុំទាន់​និយាយ​រឿង​សន្តិភាព​ ដោយ៖ ឈូក ស
Cool FM 100.7