យូរណាស់​ហើយ​មិន​អី ទើប​ភ្លាត់ស្នៀត​ពេល​នេះ

ខេត្ត​ត្បូងឃ្មុំ ៖ គ្រូពេទ្យ​មិន​មាន​ក្រប​ខណ្ឌ​វ័យ​៧១​ឆ្នាំ​ម្នាក់​ឈ្មោះ ពេជ្រ ញ៉ រស់នៅ​ភូមិ​តូង សង្កាត់​សួង ក្រុង​សួង ដែល​ធ្លាប់តែ​មើល​អ្នកជំងឺ ក្មេង ចាស់ ប្រុស ស្រី បានជា​សះស្បើយ​ជា​ហូរហែ​យូរយារ​ណាស់​មក​ហើយ​នោះ ស្រាប់តែ​កាលពី​វេលា​ម៉ោង​៩ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ បាន​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ក្នុងភូមិ​ម្នាក់​ប្រហែល​ជា​ភ្លាត់​ស្នៀត​បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង ប្រាប់​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ខាងលើ​នេះ​គាត់​ចេះ​វិជ្ជាពេទ្យ ដោយ​ត្រូវ​បាន​អ្នក​ភូមិ និង​ក្រៅ​ភូមិ​មក​ឲ្យ​ផ្សំ​ថ្នាំលេប និង​ពេល​ខ្លះ​ទៀត​ចាក់​ថ្នាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មានរឿង​ហេតុ​ណាមួយ​កើតឡើង​នោះ​ទេ ។

លោក​អធិការ​នគរបាល​ក្រុង​សួង ប្រាប់​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ មាន​បុរស​ម្នាក់​ឈ្មោះ ឯម ថុ​ល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​តូង សង្កាត់​សួង មាន​អាកា​រៈ​ឈឺទ្រូង និង​ខ្យល់​បែកញើស មិន​ស្រួលខ្លួន ត្រូវ​បាន​សាច់ញាតិ​គ្រួសារ​មក​តាម​ពេទ្យ ញ៉ ឲ្យ​ទៅ​ជួយ​ចាក់​ថ្នាំ​ឲ្យ ។

ក្នុង​ពេល​នោះ​ពេទ្យ​បាន​ចាក់​ថ្នាំ​អស់​៣​អំ​ពូ​ល មាន​ប្រភេទ​ដូច​ជា ១-Compho មួយ​អំ​ពូ​ល ២-Becomphex មួយ​អំ​ពូ​ល ៣-Hydrocortisone និង​ទឹក​ចាក់​មួយ​ដប ចាក់​ស្មា ។ ក្រោយ​ពី​ចាក់​ថ្នាំ​បាន​ប្រហែលជា​៣០​នាទី អ្នកជំងឺ​កាន់តែ​មាន​អាកា​រៈ​ធ្ងន់​ឡើង​ៗ ត្រូវ​បាន​ក្រុម​គ្រួសារ​ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មួយ តែ​មិន​ទាន់​នឹង​ដល់​ផង​នោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ និង​បាន​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។  

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​សួង បាន​ចុះ​ទៅ​ដល់​ផ្ទះ​អ្នក​ស្លាប់ ដោយ​បាន​សួរ​រឿងហេតុ​ទើប​ដឹង​ថា អ្នកជំងឺ​ឈ្មោះ ថុ​ល ត្រូវ​បាន​ពេទ្យ ញ៉ ជា​អ្នក​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្លាប់​ក៏​បាន​មក​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​ក្រុង​សួង​ដើម្បី​សួរនាំ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ជុំវិញ​ករណី​នេះ ក្រុម​គ្រួសារ​អ្នក​ស្លាប់​ខាងលើ​មិន​បាន​ប្តឹង​ មក​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​នោះ​ទេ គឺ​សូម​ទាមទារ​ឲ្យ​ដោះ​លែង​គ្រូពេទ្យ ញ៉ ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ជុំវិញ​ករណី​គ្រូពេទ្យ​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​បាន​ដាក់​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ឲ្យ​បញ្ឈប់​ការ​ទាមទារ​ដោះ​លែង​ជា​បន្ទាន់ ព្រោះតែ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​ច្បាប់ ។ ចំពោះ​ករណី​ដែល​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ អ្នកជំងឺ​ស្លាប់​ខាងលើ ជា​ទ​ង្វើ​ខុសច្បាប់​ទាំងស្រុង ទោះបីជា​មានការ​សម្របសម្រួល​រវាង​ភាគី​ជន​រង​គ្រោះ​មិន​ឲ្យ​ចាប់ខ្លួន​ក្តី ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ស្ថាប័ន​សាលាដំបូង​ខេត្ត​នឹង​ចាត់វិធានការ​បែប​ណា​នោះ​ទេ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យូរណាស់​ហើយ​មិន​អី ទើប​ភ្លាត់ស្នៀត​ពេល​នេះ

យូរណាស់​ហើយ​មិន​អី ទើប​ភ្លាត់ស្នៀត​ពេល​នេះ

យូរណាស់​ហើយ​មិន​អី ទើប​ភ្លាត់ស្នៀត​ពេល​នេះ