​កម្ពុជា ឬ​ឆាយ​នីស​តៃប៉ិ ​ឡើង​ទៅ​វគ្គ​បន្ត AFC Asian Cup 2019?

​នៅ​ល្ងាច​ម៉ោង​៧​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ឆាយនីស​តៃប៉ិ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់ AFC Asian Cup 2019 ។ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ​ដូច្នេះ​នៅ​ល្ងាច​នេះ​ជា​ប្រកួត​កាត់​សេចក្ដី ​ថា​តើ​ក្រុម​ណា​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ហើយ។

 

សម្ដី​គ្រូ​បង្វឹក​

 

​កម្ពុជា ឬ​ឆាយ​នីស​តៃប៉ិ ​ឡើង​ទៅ​វគ្គ​បន្ត AFC Asian Cup 2019?

 លោក Lee Tae Hoon

 

​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​និយាយ​ថា​ប្រកួត​ល្ងាច​នេះ ​ត្បិត​តែ​ក្រុម​កម្ពុជា​ដូចជា​មាន​ប្រៀប​ជាង​ក្រុម​ភ្ញៀវ​បន្តិច​មែន ប៉ុន្តែ​លោក​នឹង​ប្រាប់​កូន​ក្រុម​ទាំង​អស់​ឱ្យ​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ការពារ​មាន​កំហុស​ឆ្គង​អ្វី​កើត​ឡើង។ ការ​ប្រកួត​ក្នុង​ដី​និង​ក្រៅ​ដី​របស់​ឆាយនីស​តៃប៉ិ ​អាច​មិន​ដូច​គ្នា​នោះ​ទេ។

 

​កម្ពុជា ឬ​ឆាយ​នីស​តៃប៉ិ ​ឡើង​ទៅ​វគ្គ​បន្ត AFC Asian Cup 2019?

 លោក Toshiaki Imai ​

 

លោក Toshiaki Imai ​គ្រូ​បង្វឹក​ក្រុម​ឆាយនីស​តៃប៉ិ ​គិត​ថា​ប្រកួត​ល្ងាច​នេះ​នឹង​តឹងតែង​សម្រាប់​ក្រុម​របស់​លោក ព្រោះ​លេង​នៅ​ទឹក​ដី​កម្ពុជា ​ខណៈ​ដែល​កីឡាករ​សំខាន់​ៗ​របស់​ក្រុម​អវត្តមាន​ផង​នោះ។ ទោះ​ជា​ការ​ប្រកួត​ពិបាក ប៉ុន្តែ​លោក Toshiaki ​បាន​ប្រាប់​កីឡាករ​ឆាយនីស​តៃប៉ិ​ទាំង​អស់​ឱ្យ​លេង ឱ្យ​ខ្លាំង​ដូច​តោ​អីចឹង។

 

ជើង​កីឡាករ

 

ក្រុម​កម្ពុជា​នឹង​អវត្តមាន​កីឡាករ ធារី ចន្ថាប៊ីន ​ដោយសារ​តែ​ទទួល​បាន​កាត​ក្រហម​កាល​ពី​ប្រកួត​ជើង​ទី​មួយ។ ដូច្នេះ​ជម្រើស​១១​នាក់​នៅ​ល្ងាច​នេះ នឹង​មាន​ការ​ប្រែប្រួល​ខ្លះ ​ដោយ​តំណែង​ ធារី​អាច​នឹង​ផ្លាស់​ទៅ​ប្រើ​ ហូយ ផល្លីន , ប្រាក់ មុន្នីឧត្ដម ឬ ទិត ឌីណា ​វិញ។

 

ចំពោះ​ខាង​ឆាយនីស​តៃប៉ិ​វិញ ​ពួកគេ​នឹង​បាត់បង់ Key Player ​២​នាក់​គឺ​កីឡាករ​ពាក់​អាវ​លេខ​៩ ​Chen Hao-wei ​ដែល​ទទួល​បាន​កាត​ក្រហម ​និង​ម្នាក់​ទៀត​ប្រធាន​ក្រុម Chen Po-liang ​ដែល​មាន​របួស​បាក់​ដៃ។

 

​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​បាន​២​ដង​មក​ហើយ​ដោយ​នៅ​ទឹក​ដី​ឆាយនីស​តៃប៉ិ​ទាំង​ពីរ​ដង ដោយ​ការ​ប្រកួត​នោះ​បញ្ចប់​ទៅ​ដោយ​កម្ពុជា​ឈ្នះ ២-០ ​ក្នុង​ប្រកួត​មិត្តភាព​ឆ្នាំ​២០១៤ ​និង​ស្មើ​គ្នា ២-២ ​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ។

 

បើ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ប្រកួត​ល្ងាច​នេះ នោះ​កម្ពុជា​នឹង​មាន​​ឱកាស​ឡើង​ទៅ​ជុំ​បន្ដ ដោយ​បាន​ចូល​ចាប់​ពូល​ប្រកួត​ជាមួយ​ក្រុម​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី​​ទាំង​៤០​ប្រទេស​ ដោយ​ការ​ប្រកួត​នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ទៀត៕

 

អត្ថបទ​៖ មុន្នី រម្យ