ឮ​ផាំង​ពេល​ភ្លៀង! ពុទ្ធោ​ មិន​នឹក​​ស្មាន​សោះ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​​ស្លាប់​ដោយសារ​​​ត្រូវ​រន្ទះ​បាញ់ ខណៈ​រត់ទៅ​​ជ្រក​ភ្លៀង​ក្រោមផ្ទះ​ ​ដែលហេតុការណ៍នេះ​ ​កើតឡើង​នៅ​
កាលពី​វេ​លា​ម៉ោង០៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ ​មិថុនា ​​២០១៦ នៅ​ភូមិ​កណ្តាល ឃុំ​អញ្ចាញ​រូង ​ស្រុក​បរិបូរ​ណ៌ ។

​បុរសដែលស្លាប់​ឈ្មោះ​សេង សៀង អាយុ​៤៣​ឆ្នាំ មាន​ប្រ​ព​ន្ធ​ឈ្មោះខៀវ ផា អាយុ​៣៩​ឆ្នាំ ​មានកូន​២​នាក់ ។ ប្រភព​ពី​ស្ត្រី​ជា​ប្រ​ពន្ធ​ថា​ មុន​ពេល​កើតហេតុ ​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង ​គាត់​​និង​កូន​២​នាក់បាន​នៅ​លើ​ផ្ទះ ។ ចំណែក​ប្តី​គាត់​​ជ្រក​ភ្លៀងដោយនៅ​អង្គុយ​លើ​គ្រែ​​នៅ​ក្រោមផ្ទះ ស្រាប់តែ​ភ្លាម​នោះ មាន​ផ្លេកបន្ទោ​រ​ឆ្វាចចំ​ផ្ទះ​គាត់​ បន្ទាប់​មកក៏​​បាញ់ផាំង​​ឡើង​ហឹ​ង​ត្រចៀក និង​ង​ងិ​ត​មើល​​អ្វី​មិនឃើញទេ ។

ពេល​នោះ​គាត់​ស្រវា​ដុត​​ចង្កៀងបំភ្លឺ មើល​កូនចៅ​ឃើញ​នៅ​ជុំ​គ្នា  ហើយ​ក៏​បាន​ស្រែកហៅ​ប្តី​គាត់នៅ​ក្រោមផ្ទះ តែ​មិន​ឮ​ឆ្លើយ ទើប​ប្រើ​កូន​​ឱ្យ​ចុះ​ទៅ​មើល ស្រាប់តែឃើញ​ប្តី​គាត់​​ត្រូវ​​រន្ទះបាញ់​ស្លាប់​បាត់​​​ទៅ ​​ពេលនោះ ​មេឃ​បាន​រាំងភ្លៀងហើយដែរ ​គាត់​បាន​ស្រែក​ហៅ​អ្នក​ជិត​ខាង​ឱ្យ​មក​ជួយ​មើល​​ប្តី​គាត់ និង​បាន​រាយ​ការ​ណ៌ ប្រាប់​សមត្ថកិច្ច​នគរបាល ។

​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ សមត្ថកិច្ច​បាន​បញ្ជា​ក់ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​​​មែន ហើយ​បាន​ប្រគល់​សព ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​

កាលពី​ព្រឹក​ថ្ងៃ​ទី៦ ​មិថុនា លោកចែ​ម ភក្តី អភិបាលរងស្រុក​បរិបូរ​ណ៍ ក៏​បាន​នាំ​យក​ថវិកាចំនួន១០​ម៉ឺន​រៀល និង​អង្ករ៥០​គី​ឡូក្រាម ទៅ​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ​​ផង​ដែរ​ ។