ទាល់តែ​តេ​ជោ សែន ទៅ​ជួយ ទើប​ស្ទុះ

ខេត្តកំពត ៖ ដោយ​មើលឃើញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត អាជ្ញាធរ និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ បាន​រៀបចំ​កែ​លំអ​សោ​ភ​ណ័​ភាព​មាន​របៀបរៀបរយ​បាន​ល្អ​មួយ​ចំនួន​ធំ​ហើយ ប៉ុន្តែ​ដោយឡែក​ផ្សារ​លក់​ត្រី​ឃើញ​នៅ​មិន​ទាន់​បាន​សាងសង់​ឲ្យ​បាន​ល្អ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ពេល​សម្តេច​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​សម្តេច​បាន​ឆ្លៀតឱកាស​ចូល​សួរសុខទុក្ខ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពត ត្រូវ​បាន​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ក្រុម​អាជីវករ​លក់ដូរ

ក្នុង​ផ្សារ រួម​និង​ប្រជាពលរដ្ឋ បាន​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​ស្និ​ទ្ឋ​ស្នាល​បំផុត​ចំពោះ​សម្តេច និង​បាន​សំណូមពរ​ដល់​សម្តេច​ឲ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ដែល​បងប្អូន​ជួប​ការ​លំបាក​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​មួយ​នេះ​ផង​ដែរ ។

ក្នុង​ការ​ឆ្លើយ​តប​និង​សំណូមពរ​បងប្អូន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៥២.០០០​ដុល្លារ​ដើម្បី​ជួយ​ជួសជុល​កន្លែង​ផ្សារ​លក់​ត្រី​ឲ្យ​បាន​សមរម្យ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​នាំ​យក​អំណោយ​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៥២.០០០​ដុល្លារ​អា​មេ​រិ​ក​ប្រគល់​ជូន​គណៈកម្មការ​គ្រប់​គ្រង​ផ្សារ​សាមគ្គី ទីរួមខេត្ត​កំពត ដើម្បី​ជួសជុល និង​សាងសង់​ដំបូល​ថ្មី​អាគារ​ផ្សារ​ត្រី​ទីរួមខេត្ត ដែល​ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ៕