ក្រសួង​ការងារ​សម្រេច​កំណត់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​កម្មករនិយោជិត​នៅ​ខែកក្កដា

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​កំណត់​យក​ខែកក្កដា​ខាង​មុខ ចាប់ផ្តើម​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០១៧ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញផ្សាយ​ថ្ងៃ​ទី​៦ ខែមិថុនា ឲ្យ​ដឹង​ថា យោង​តាម​ស្មារតី​ឯកភាព​ជា​ឯកច្ឆន្ទ​របស់​ត្រីភាគី​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​លើក​ទី​៧ ទី​៨ និង​លើក​ទី​៩ នៃ​អាណត្តិ​ទី​៨ កាលពី​ឆ្នាំ​២០១៤ ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​អនុវត្ត​តាម​ប្រតិទិន​ដែល​បាន​កំណត់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​ប្រាប់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧​ដូច​ជា កំណត់​យក​ខែកក្កដា​ឆ្នាំ​២០១៦ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេភាគី​នីមួយ​ៗ ។ កំណត់​យក​ខែសីហា ឆ្នាំ​២០១៦ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេភាគី​។ កំណត់​យក​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី​។ កំណត់​យក​ដើមខែ​តុលា ឆ្នាំ​២០១៦ ជា​ការ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ និង​កំណត់​យក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​។

​ប្រភព​ដដែល​ញ្ជា​ក់ថា «​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម​(​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​(​ផ​លិ​ភាព ភាព​ប្រ​កូត​ប្រជែង  ស្ថានភាព​ទីផ្សារ​កា​ងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏​ដូច​ជា​បន្ទាត់​នៃ​ភាព​ក្រីក្រ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ។ ក្រសួង​សូម​រំឭក​លើ​ទិន្នន័យ​និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណ​វិនិច្ឆ័យ​ទាំង​៧ ដែល​បាន​ព្រមព្រៀង​គ្នា កាលពី​ឆ្នាំ​២០១៤​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​កា​រស​ម្រ​សម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោល​ជំហរ​រួម​មួយ​»​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា គណៈកម្មការ​ប្រឹក្សា​កា​ងារ​នឹង​បង្កើត​ឲ្យ​មាន​ការងារ​បច្ចេកទេស​ត្រីភាគី ដែល​មាន​សមាជិក​ស្មើ​ៗ​គ្នា មក​ពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល ដោយ​ភាគី​នីមួយ​ៗ​ត្រូវ​ពិភាក្សា​ឲ្យ​មានការ​ឯកភាព​ផ្ទៃក្នុង​ជា​មុន និង​ត្រូវ​ផ្តល់​សិទ្ធិ​ពេញលេញ​ជូន​តំណាង​របស់​ខ្លួន ដែល​មក​ចូលរួម​ប្រជុំ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​ការ​លើក​សំណើ​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​ពិភាក្សា​បន្ត ។  គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​ពិនិត្យ​សម្រេច​លើ​សំណើ​ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​កា​ងារ​បច្ចេកទេស​ត្រីភាគី​នេះ ដើម្បី​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ។

គូរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ កម្ម​និយោជិត ទទួល​បាន​ប្រាប់​ខែ​អប្បបរមា​ចំនួន​១៤០ ដុល្លារ​ក្នុង​មួយ​ខែ ដោយ​មិន​គិត​ពី​ប្រាក់​បាយ​មួយ​ពេល ប្រាក់​ធ្វើ​ដំណើរ និង​ប្រាក់​ផ្សេង​ៗ​ទៀត​នោះ​ទេ ៕