ដាក់​បា​រ៉ា​ស់​អ៊ីចឹង​ទើប​រក​លុយ​បាន​ស្រួល​…​បង់លុយ​បើក​ភ្លាម !

ខេត្តស្វាយរៀង ៖ បា​រ៉ា​ស់​ដែក​កាត់​ទទឹង​ថ្នល់​ដ៏​ធំ​មួយ​ដែល​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង ធ្វើ​ដាក់​បិទ​កុំ​ឲ្យ​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​បំផ្លាញ​ផ្លូវ​នៅ​ចំណុច​ជាប់​របង​វត្ត​ក្រសាំង ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ពេល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ព្រមទាំង​ក្រុម​អាជីវករ​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង និង​ចោទ​ប្រកាន់​ថា គឺជា​កុងត្រូលជជុះ​ខុសច្បាប់​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រសាំង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គេ​ចោទ​ទីតាំង​នេះ​ថា​ជា​កុងត្រូលជជុះ​នោះ គឺ​ដោយសារ​តែ​បា​រ៉ា​ស់​នេះ​ត្រូវ​បាន​គេ​ចាក់សោ​ជាប់​ទាំងថ្ងៃទាំងយប់ ប៉ុន្តែ​នៅ​ពេល​មាន​រថយន្ត​ធំ​ៗ​បើក​មក​ដល់ គឺ​គេ​ឃើញ​អ្នក​បើករថយន្ត​ទាំងនោះ​ចុះ​ទៅ​យក​កូនសោ​ពី​ម្ចាស់ផ្ទះ​ដែល​នៅ​ជាប់​នឹង​បា​រ៉ា​ស់​នោះ​មក​ចាក់​បើក​ឆ្លង​បា​រ៉ា​ស់​យ៉ាង​ស្រួល ហើយ​ពេល​ខ្លះ​គឺ​គេ​ឃើញ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រសាំង​ឈ្មោះ កន ឬ​ក៏​ប្រពន្ធ​របស់​លោក​មេ​ប៉ុស្តិ៍​កាន់​កូនសោ​ចេញ​មក​ចាក់​ឲ្យ​តែ​ម្តង ជា​ថ្នូរ​នឹង​ការ​បង់លុយ​ទៅ​តាម​ការ​កំណត់​របស់​លោក​មេ​ប៉ុស្តិ៍ ។

ក្រុម​អាជីវករ​ដែល​មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ផ្លូវ​នេះ និង​ធ្លាប់​បង់លុយ​ឲ្យ​លោក​មេ​ប៉ុស្តិ៍​ឃុំ​ក្រសាំង​នេះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធំ​ៗ​ទាំងអស់​គឺ​ត្រូវ​តែ​បង់លុយ​ឲ្យ​លោក​មេ​ប៉ុស្តិ៍​ឈ្មោះ កន នេះ​ទើប​គេ​ចាក់សោ​បើក​បា​រ៉ា​ស់​ឲ្យ​ឆ្លង​ទៅ​មុខ​បាន ដោយ​ក្នុង​១​គ្រឿង​ៗ​សម្រាប់​រថយន្ត​ដឹក​ខ្សាច់​គេ​យក​៣​ម៉ឺន​រៀល រថយន្ត​ដឹក​ថ្ម​គេ​យក​៤​ម៉ឺន​រៀល រីឯ​រថយន្ត​ដឹកឈើ​គេ​យក​២០​ម៉ឺន​រៀល ហើយ​រូបភាព​បែប​នេះ​បាន​កើត​មាន​ជិត​២​ឆ្នាំ​មក​ហើយ ។

លោក សម សា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា បា​រ៉ា​ស់​ដែក​កាត់​ទទឹង​ថ្នល់​នៅ​ជាប់​វត្ត​ក្រសាំង​នោះ គឺ​ខាង​មន្ទីរ​ដាក់​សម្រាប់​បិទ​កុំ​ឲ្យ​មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​នាំ​ឲ្យ​ខូច​ផ្លូវ ប៉ុន្តែ​ដោយសារ​តែ​មន្ទីរ​គ្មាន​មន្ត្រី​ដាក់​ឲ្យ​ប្រចាំការ​ជាប់​នៅ​នឹង​បា​រ៉ា​ស់​នោះ ទើប​លោក​ប្រគល់​កូនសោ​ទៅ​ឲ្យ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រសាំង​ជួយ​ថែរក្សា និង​គ្រប់គ្រង​បា​រ៉ា​ស់​នោះ​ជំនួស ។

លោក សម សា​វុ​ធ បាន​បញ្ជាក់​ថា រឿង​ដែល​លោក​មេ​ប៉ុស្តិ៍​យក​លុយ​ពី​ក្រុម​រថយន្ត​ធំ​ៗ រួច​ចាក់សោ​បើក​ឲ្យ​គេ​ឆ្លងកាត់​នោះ​ខាង​មន្ត្រី​របស់​លោក​ក៏​ធ្លាប់​បាន​រាយការណ៍​ប្រាប់​លោក​ដែរ ប៉ុន្តែ​ដោយសារ​មួយ​រយៈពេល​នេះ​លោក​មាន​កិច្ចការ​រវល់​ច្រើន​ពេក ទើប​មិន​ទាន់​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​មើល ហើយ​លោក​ក៏​មានការ​សោកស្តាយ​ដែរ ដែល​ខំ​ទុកចិត្ត​ផ្ញើ​ក្តី​សង្ឃឹមលើ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​មើល​ការពារ តែ​គេ​បែរជា​ឆ្លៀតឱកាស​ទៅ​កើប​យក​លុយ​បែប​នេះ​ទៅ​វិញ ៕