ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​វ៉ាស៊ីនតុន​នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​សកម្មជន​ជាប់​ឃុំ

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ក្នុង​ទីក្រុង​អូលីមភៀ (Olympia) រដ្ឋ​វ៉ាស៊ីនតុន (Washington State) នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ។ ពួកគេ​ក៏​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ប្រមាណ​ពី ៣០០ ទៅ ៥០០​នាក់ ទាំង​នេះ ក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

នៅ​ថ្ងៃ​ដដែល អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង ក៏​គ្រោង​ដឹកនាំ​មនុស្ស​ជាង ៣០០​នាក់ ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋ​សភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការ​ទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី  ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។