លោក ហ៊ុន សែន រិះគន់​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​ថា​មិន​គួរ​ការពារ​បុគ្គល​មាន​កំហុស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា មិន​គួរ​ទុក​ឲ្យ​បុគ្គល​ដែល​មាន​កំហុស​មក​បំផ្លាញ​ស្ថាប័ន​ទាំង​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​មួយ​ក្នុង​ខេត្ត​តាកែវ កាល​​ពី​ថ្ងៃ​​​ទី​៦ ខែ​មិថុនា បាន​ថ្លែង​ចំអក​ឲ្យ​គណបក្ស​នយោបាយ​មួយ​ដែល​លោក​មិន​បង្ហាញ​ចំ​ឈ្មោះ ប៉ុន្តែ​ទំនង​ជា​ចង់​សំដៅ​ទៅ​លើ​គណបក្ស​ប្រឆាំង ជា​ពិសេស​លោក កឹម សុខា។

លោក​ថា អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ចេញ​មុខ​មក​ទទួល​កំហុស​របស់​ខ្លួន ហើយ​អង្គការ​ចាត់​តាំង​នយោបាយ ឬ​អង្គការ​ចាត់​តាំង​មនុស្ស​ធម៌​មួយ​ចំនួន មិន​គួរ​ទុក​ឲ្យ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​បំផ្លាញ​នូវ​បក្ស​នយោបាយ​មួយ ឬ​បំផ្លាញ​នូវ​អង្គការ​​ចាត់តាំង​នយោបាយ​មួយ​តាម​រយៈ​នៃ​ការ​ការពារ​អំពើ​ខុស​ច្បាប់​របស់​បុគ្គល​ណា​នោះ​ទេ៖ «អ្នក​ខ្លះ​ខុស​ខ្លួន​ឯង ទៅ​យក​ទី​កន្លែង​ដទៃ​ជា​អង្គការ​ចាត់តាំង ជា​ក្រុម​មនុស្ស​មួយ​ក្រុម ជា​តួ​អង្គ​ចាត់តាំង​មួយ​ដើម្បី​ការពារ​ខ្លួន ហើយ​អង្គការ​នោះ​ក៏​ការពារ​មនុស្ស​ខូច​ទៅ​ទៀត ដើម្បី​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អ៊ីចឹង​សង្ឃឹម​ថា ប្រហែល​ជា​រឿង​នេះ​គឺ​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់»

គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ ទាក់ទង​នឹង​ការ​ឌឺដង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។

ការ​ថ្លែង​សារ​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​នេះ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​ជា​ច្រើន​មក​គាំទ្រ​លោក កឹម សុខ នៅ​ទីស្នាក់ការ​កណ្ដាល នា​រាជធានី​ភ្នំពេញ ប្រឆាំង​មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។