បទល្មើស​កាប់​ឈើ​នៅតែ​កើតមាន​យ៉ាង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយសារ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មិន​បង្ក្រាប​

នៅក្នុង​ទិវា​បរិស្ថាន​ពិភពលោក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានប្រកាសថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់​លែងមានទៀតហើយ​។ ផ្ទុយ​ទៅ​ពី​ការលើកឡើង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដូចខាងលើ​នេះ សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៦ ខែមិថុនា ថា​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងព្រៃ​ការពារ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​និង​គោយន្ត​ច្នៃ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ មិនតែប៉ុណ្ណោះ​នៅពេលដែល​ក្រុម​សង្គម​ស៊ីវិល សកម្មជន​ព្រៃឈើ និង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឈើ​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​តែងតែ​ត្រូវ​ក្រុម​ជនល្មើស​គំរាម​បាញ់​សម្លាប់ចោល​ដោយ​ប្រើ​កាំភ្លើង​ច្នៃ​របស់​ពួកគេ​ទៀតផង​។ លោក ហឿន សុភាព សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ឲ្យ​ដឹងថា ដោយសារ​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​មិនទាន់បាន​តឹងរឹង​ទើប​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល​។

សកម្មជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​កំពង់ធំ បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពុំមាន​ការថយចុះ​នោះទេ បើទោះបី​កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បានដាក់​ព្រៃ​ឡង់​ទៅជា​តំបន់​អភិរក្ស​និង​ការពារ​យ៉ាងណាក៏ដោយ​។ តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត ទើប​ពួកគេ​អាច​គេច​ផុតពី​ការបង្ក្រាប​ជា​រៀងរហូត​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ផងដែរ ចំពោះ​បទល្មើស​កាប់​ឈើ​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ព្រៃ​ឡង់ បើ​មិន​ដូច្នេះ​ទេ​វិធានការ​អភិរក្ស​និង​ការពារ​ព្រៃ​ឡង់​ក្លាយទៅជា​រឿង​ឥតន័យ​ជាមិនខាន​៕

ព្រៃឡង់ 4d1eb9f1-a041-4739-84ab-b491a519a150