សមត្ថកិច្ច​ពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​មាន់​ទា ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ តាម​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​

​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​នាំ​ជ្រូក​មាន់​ទា ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​នោះទេ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​ពួកគាត់​តែងតែ​ឃើញ​សកម្មភាព​នៃ​ការ​នាំចូល​ជ្រូក​មាន់​ទា ពី​ទឹកដី​សៀម​មក​ទឹកដី​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំចូល​ជ្រូក​មាន់​ទា​ពី​ប្រទេស​សៀម គឺ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​។

ប្រភពពី​អ្នកសង្កេតការណ៍​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ច្រករបៀង​ក្នុង​ក្រុង​ប៉ោយប៉ែត ក៏​កើតមាន​បទល្មើស​នាំចូល​ជ្រូក​មាន់​ទា ពី​ប្រទេស​សៀម​ដែរ ចំណែក​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ឬ​មាន​លាយ​សារ​ធាតុគីមី​នៅតែមាន​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត ក្រុង​សិរិ​សោភ័ណ និង​បណ្ដា​ស្រុក​ដទៃទៀត​យ៉ាង​ពេញបន្ទុក​នៅឡើយ​។ មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ទាល់តែ​មានការ​បើកដៃ​ពី​មន្ត្រី​បសុពេទ្យ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ឈ្មួញ​ខិលខូច​អាច​នាំ​ទំនិញ​ដូចខាងលើ​ឆ្លង​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការហូរចូល​ជ្រូក​មាន់​ទា និង​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​សៀម​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ទទួលទាន​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​រស់​នៅតាម​តំបន់​ព្រំដែន​នៃ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា​ពី​ប្រទេស​សៀម ដោយ​ដឹក​តាម​រថយន្ត​នីសា​ន់ ឬ​ដឹក​តាម​រថយន្ត​ទួរីស​កែច្នៃ​ក្នុង​មួយ​យប់ៗ​រាប់សិប​រថយន្ត​។ មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ហ៊ុយ ទូច ប្រធាន​ផ្នែក​បសុព្យាបាល​នៃ​មន្ទី​កសិកម្ម​ខេត្តបន្ទាយមានជ័យ ទំនងជា​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា​ពី​ទឹកដី​សៀម ទើប​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​របស់​ក្រសួងកសិកម្ម​។ មានការ​រិះគន់​ចំៗ​ថា មន្ត្រី​បសុពេទ្យ មន្ត្រី​កាំកុងត្រូល ក្នុង​ខេត្តបន្ទាយមានជ័យ បង្ក្រាប​តែ​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា​ពី​ប្រទេស​សៀម ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែលមាន​ការឃុបឃិត​ជា​ប្រព័ន្ធ គឺ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​តាមច្បាប់​ឡើយ​៕

ម៉ក់-ពេជ្ជរិទ្ធលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល 33-1
​    ​