លោក គង់ ធែ​ល ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ទង្វើ​មិន​ប្រក្រតី​របស់លោក គង់ ធែ​ល ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ កំពុងតែ​ត្រូវបាន​មន្ត្រីក្រោមឱវាទ​និង​ក្រុម​សន្តិសុខ​រិះគន់​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់វិធានការ​ដោះស្រាយ​ផងដែរ​។ ប្រភពពី​សន្តិសុខ​ផ្សារ​ច្បារអំពៅ​មួយចំនួន​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​លោក គង់ ធែ​ល មកកាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅនេះ គាត់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ស្ដាប់​មតិ​ភាគច្រើន​នោះទេ ហើយ​ថែមទាំង​កាត់​របប​ប្រចាំថ្ងៃ​របស់​សន្តិសុខ​និង​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​ផ្សារ​នេះ​ទៀតផង​។ ដូច្នេះ​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មិនត្រូវ​បណ្ដោយ​ឲ្យ​លោក គង់ ធែ​ល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

​ប្រភពពី​មន្ត្រី​និង​សន្តិសុខ​ផ្សារ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​លោក គង់ ធែ​ល បាន​កាត់​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ ប្រាក់​លើកទឹកចិត្ត​ប្រចាំខែ ហើយ​ប្រធាន​ផ្សារ​រូបនេះ​បាន​ដក​សន្តិសុខ​និង​មន្ត្រី​បម្រើ​ការងារ​មួយចំនួន​ទុកចោល​មិន​ឲ្យ​ធ្វើការ​តទៅទៀត​ទេ ហើយ​ចាំតែ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដោយ​អ្នកខ្លះ​ទទួលបាន​១៥​ម៉ឺន ខ្លះ​២០​ម៉ឺន និង​ខ្លះទៀត​៣០​ម៉ឺន​តាម​តួនាទី​រៀងៗ​ខ្លួន​។ ក្រោយពេល​បញ្ឈរជើង​សន្តិសុខ​និង​មន្ត្រី​មួយចំនួន​រួចមក លោក គង់ ធែ​ល បាន​យក​បងប្អូន​សាច់ញាតិ​របស់ខ្លួន​ឲ្យ​មក​ធ្វើ​ការជំនួស ដើរ​ទារលុយ​តាម​តូប​នីមួយៗ​និង​ទារលុយ​សណ្ដាប់ធ្នាប់​ជាប្រចាំ​។

ប្រភពពី​សន្តិសុខ​និង​មន្ត្រី​ផ្សារ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​ចំណូល​បាន​ពី​សណ្ដាប់ធ្នាប់ គឺមាន​ជិត​១​លាន​រៀល​ប៉ុន្តែ​លុយ​នេះ​មិន​ត្រូវបាន​លោក គង់ ធែ​ល ដាក់ចូល​ទៅក្នុង​ហឹប​របស់​គណៈកម្មការ​ផ្សារ​ឡើយ គឺ​ធ្លាក់​ចូលទៅក្នុង​ហោប៉ៅ​លោក​ប្រធាន​យ៉ាង​ស្ងប់ស្ងាត់​។ កន្លែង​ផ្ញើ​រថយន្ត​នៅ​ចំ​ពីមុខ​ផ្សារ​ច្បារអំពៅ​ផ្នែក​ខាងលិច ក្នុង​មួយថ្ងៃៗ​សន្តិសុខ​ចុះ​ប្រមូល​លុយ​សណ្ដាប់ធ្នាប់​ប្រមាណ​២០​ម៉ឺន​រៀល ហើយ​ដី​ចំណីផ្លូវ​ប៉ែក​ខាងកើត​ផ្សារ​ត្រូវ​ក្រុម​សន្តិសុខ​បង់លុយ​ឲ្យ​លោក​ប្រធាន​ពី​១២​ទៅ​១៥​ម៉ឺន​រៀល​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក គង់ ធែ​ល ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ដោយសារតែ​អំពើអាក្រក់​ហួសហេតុ​របស់លោក គង់ ធែ​ល បែបនេះហើយ​ទើប​សន្តិសុខ​និង​មន្ត្រី​ផ្សារ​ច្បារអំពៅ​មួយចំនួន អំពាវនាវ​ឲ្យ​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក គង់ ធែ​ល ធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​តទៅទៀត​៕

0722_Mr Pa Sochetvong_Sovannaraលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ 87244668