ប្រជាពលរដ្ឋមួយភូមិក្នុងស្រុកពាមរក៏ផ្ទុះជំងឺផ្តាសាយនិងរលាកផ្លូវដង្ហើម

ខេត្តព្រៃវែង៖ ពលរដ្ឋទាំងចាស់ទាំង ក្មេងប្រមាណជាង៥៥២នាក់ រស់នៅភូមិ ចាក់ខ្លាញ់ ស្រុកពាមរក៍ បានកើតជំងឺ ផ្តាសាយ និងជំងឺរលាកផ្លូវដង្ហើមជាបន្ត បន្ទាប់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

តាមសេចក្តីរាយការណ៍ពីលោកនាង សំបុកមេភូមិចាក់ខ្លាញ់បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងរយៈពេល៣ទៅ៤ថ្ងៃមកហើយដោយដំបូងឡើយជំងឺនេះបានកើតឡើងនៅចុងភូមិខាងជើង ក្រោយមក រយៈពេលពីរទៅបីថ្ងៃជំងឺនេះបានរាតត្បាតដល់កណ្តាលភូមិ និងចុងភូមិខាងត្បូងពេញ មួយភូមិតែម្តង ។

លោកបន្តថា គិតសរុបមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ពលរដ្ឋឆ្លងជំងឺនេះបានកើនឡើងដល់៥៥២នាក់ហើយ ។ ចំពោះ ករណីនេះលោកបានសន្និដ្ឋានថា អាច បណ្តាលមកពីអាកាសធាតុក្តៅស្ងួតខ្លាំងពេក ហើយពេលភ្លៀងធ្លាក់មកចំហាយ ផែនដីក្តៅឆួលឡើងបណ្តាលឲ្យមាន់ ទាទាំងហ្វូងៗឈឺងាប់ភ្លាមៗ ។ ក្រោយពី សត្វមាន់ទាទាំងនោះងាប់ប្រជាពលរដ្ឋបានយកទៅធ្វើម្ហូបដោយមិនបានកប់ចោលទេ ។

លោកមេភូមិបានបន្ថែមថា លោកក៏បានធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរឃុំ-ស្រុក រួមទាំងលោក ថោង វរលក្ខណ៍ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុក ពាមរក៍ និងលោក ទេព សាលីន អនុប្រធាន ក្រុមការងារ រួចហើយផងដែរ ។

ជាមួយគ្នានេះដែរលោក ទេព សាលីន អនុប្រធានក្រុមការងារ បានមានប្រសាសន៍ ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នៅព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ លោកបានដឹកនាំក្រុមការងាររួមទាំងក្រុមគ្រូពេទ្យ ជំនាញៗជាច្រើននាក់ទៅជាមួយផងដែរ ហើយបានបញ្ជូនអ្នករងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និងមន្ទីរ ពេទ្យខេត្តព្រៃវែង។ យ៉ាងណាក្តីចំពោះ បញ្ហានេះលោកនៅពុំទាន់អាចអះអាងថា មកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ព្រោះខាងជំនាញកំពុងស្រាវជ្រាវ ។

ប្រធានមន្ទីរសុខាភិបាលថ្លែងថា អ្នកដែលសង្ស័យថាមានជំងឺរលាកផ្លូវដង្ហើម នៅភូមិ ចាក់ខ្លាញ់ ស្រុកពាមរក៍ជាង៥រយនាក់បាន ត្រឡប់ទៅផ្ទះវិញអស់ហើយក្រោយពីទទួលការព្យាបាល ។

លោក សេង បញ្ញារិទ្ធិ ប្រធានមន្ទីរ សុខាភិបាលខេត្តព្រៃវែង បានថ្លែងថា ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យទៅលើអ្នកភូមិ ចំនួន៥៥២នាក់ ប៉ុន្តែជាលទ្ធផល គឺរកឃើញអ្នកមានជំងឺតែ១៥នាក់ប៉ុណ្ណោះ ហើយការដែលប្រជាពលរដ្ឋទាំងជាង៥រយនាក់ សម្រុកមកឲ្យគ្រូពេទ្យពិនិត្យ គឺដោយសារតែពួកគាត់ភ័យតៗគ្នាខ្លាចមានជំងឺគ្រុន ផ្តាសាយបក្សី ។

តែយ៉ាងណាក៏ដោយ ក្រោយពីយក សំណាកទៅវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ជាលទ្ធផលបានរកឃើញថា ប្រជាពលរដ្ឋគ្រាន់តែកើតមានជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ដោយសារការផ្លាស់ប្តូរ អាកាសធាតុ ។ ក្នុងនោះមន្ទីរសុខាភិបាលក៏បានយកសំណាកសត្វទាទៅពិនិត្យផងដែរ និងក៏មិនបានរកឃើញពីវត្តមានមេ រោគគ្រុនផ្តាសាយបក្សីនោះដែរ ។

បើតាមលោកប្រធានមន្ទីរសុខាភិបាល ខេត្តថា នៅព្រឹក ថ្ងៃចន្ទ អ្នកជំងឺបានជា សះស្បើយ និងត្រឡប់ ទៅផ្ទះវិញអស់ ហើយ ៕

ប្រភព៖ nokorwatnews

  • ប្រជាពលរដ្ឋមួយភូមិក្នុងស្រុកពាមរក៏ផ្ទុះជំងឺផ្តាសាយនិងរលាកផ្លូវដង្ហើម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: