សម្តេច​តេ​ជោ ៖ បុគ្គល​ម្នាក់​មាន​កំហុស​មិន​ត្រូវ​យក​អង្គការ​ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ​

សម្តេច​តេ​ជោ ៖ បុគ្គល​ម្នាក់​មាន​កំហុស​មិន​ត្រូវ​យក​អង្គការ​ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ​



តាកែវ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ដាស់តឿន​មួយ ​ទៅកាន់​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលស្គាល់​ចំពោះ​កំហុស​របស់​ខ្លួន​ នៅ​ពេល​ដែល​មាន​កំហុស​ដោយ​មិន​ត្រូវ​ទៅ​យក​អង្គការ​ ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ។

ជា​មួយនេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ឲ្យ​គណបក្ស​នយោបាយ ឬ អង្គការ​ចាត់តាំង​ណាមួយ​ក៏​មិន​ត្រូវ​ការពារ​អំពើ​ខុសច្បាប់​របស់​បុគ្គល​ណា​ម្នាក់​ដើម្បី​បំផ្លាញ​ខ្លួនឯង​នោះ​ដែរ។ ការ​ថ្លែង​របស់​សម្តេច​ បើ​ទោះបី​មិនបាន​និយាយ​ឲ្យ​ចំ​ឈ្មោះ បុគ្គល​ណា​ម្នាក់​ក៏ដោយ​ តែ​ការ​ថ្លែង​នេះ​ស្រប​ពេល​ដែល​លោក កឹម សុខា កំពុង​ប្រឈមមុខ​នឹង​តុលាការ​។ សម្ដេច​បាន​ផ្តល់​ការ​ដាស់តឿន​បែប​នេះ​នៅ​ក្នុង​ពិធី​អញ្ជើញ​កាត់​ឫសសី​ម៉ា​ព្រះវិហារ​វត្ត​មឿង​ចារ​លិ​ខិ​តា​រាម​ស្ថិត​ក្នុង​ឃុំ​ជាងទង ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ​នា​ព្រឹក​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ ២០១៦។

សម្តេច​តេ​ជោ បាន​លើក​ជា​ឧទាហរណ៍​ថា ​សូម្បី​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ ក៏​មាន​បញ្ហា​ដែល​យើង​មិន​គួរ​យក​បញ្ហា​ព្រះសង្ឃ​មួយ​អង្គ​ ដែល​ធ្វើ​ខុស ដូចជា​បារាជិក ឬ ក៏​ខុស​ធម៌​វិន័យ​ទៅ​ធ្វើ​ឲ្យ​ខូច​វត្ត​មួយ​នោះ​ទេ​។ រឿង​នេះ​យើង​បាន​មើល​ឃើញ​ថា គណៈ​សង្ឃ​នាយក ក៏ដូចជា​ព្រះ​មេគុណ អនុគុណ និង ព្រះចៅអធិការ គេ​មិន​ទុក​ឲ្យ​ព្រះសង្ឃ​ល្មើស​វិន័យ​នោះ​បំផ្លាញ​នូវ​ព្រះពុទ្ធសាសនា​ដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ ខ្ញុំព្រះករុណាខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា នៅ​ក្នុង​អង្គការ​ចាត់​តាំង​នយោបាយ ​ឬ​អង្គការ​ចាត់តាំង​មនុស្សធម៌​មួយ​ចំនួន​ មិន​គួរ​ទុក​ឲ្យ​មនុស្ស​ម្នាក់​ ឬ​ពីរ​នាក់​បំផ្លាញ​នូវ​បក្ស​នយោបាយ​មួយ​ឬ​បំផ្លាញ​នូវ​អង្គការ​ចាត់តាំង​នយោបាយ​មួយ​តាមរយៈ ​នៃ​ការ​ការពារ​អំពើ​ខុសច្បាប់​របស់​បុគ្គល​ណា​នោះ​ទេ។ ព្រោះ​អ្នក​ខុសត្រូវ​ចេញមុខ​មក​ទទួលខុស ដូចជា​ព្រះសង្ឃ​បារាជិក ត្រូវ​ទទួល​ស្គាល់​ថា​ ខ្លួន​បារាជិក កុំ​យក​វត្ត​ទាំង​មូលមក​ការពារ​វា​នាំ​ឲ្យ​ស្អុយឈ្មោះ​វត្ត​ទៅទៀត​” ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា “​ឥឡូវនេះ​មានរឿង​រ៉ាវ​ខ្លះ​ ខ្ញុំ​មិនបាច់​និយាយ​ទេ គេ​ក៏​អាច​ដឹង​បាន​ដែរ អ្នកខ្លះ​ខុសខ្លួន​ឯង​ទៅ​យក​ទីកន្លែង​ដទៃ​ជា​អង្គការ​ចាត់តាំង ជា​មនុស្ស​មួយ​ក្រុម ជា​តួអង្គ​ចាត់តាំង​មួយ​ដើម្បី​ការពារ​ខ្លួន ហើយ​អង្គការ​នោះ​ក៏​ការពារ​មនុស្ស​ខូច​នោះ​ទៅទៀត​ដើម្បី​ការពារ​មនុស្ស​ខូច អញ្ចឹង​សង្ឃឹមថា​រឿង​នេះ​និង​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់។

ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​ថ្លែង​ឲ្យ​ចំ​ឈ្មោះ​ទៅលើ​បុគ្គល​ណាមួយ​ក៏ដោយ តែ​គេ​ដឹង​ថា​បុគ្គល​ដែល​បាន​ធ្វើ​ខុសច្បាប់​ហើយ​មិន​ព្រម​ទទួលស្គាល់​កំហុស ហើយ​បាន​យក​បក្ស​មក​កាង​និង​ការពារ​ខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ទៅតាម​ដីកា​តុលាការ​នោះ គឺ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​រឿងអាស្រូវ​រឿង​សហាយ​ស្មន់​ជាមួយ​នាង​ស្រីមុំ​។ លោក កឹម សុខា បាន​ស្នាក់នៅ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ​ចំនួន​១១​ថ្ងៃ​មក​ហើយ​រហូត​មក​ដល់​ពេលនេះ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើងថា ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ច្រៀង​នៅ​ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ​នោះ​ បាន​ធ្វើ​ខុស​វិន័យ​ព្រះអង្គ​បាន​ទទួលយក​កំហុស​របស់​ខ្លួន​ដោយ​មិនបាន​ធ្វើការ​តវ៉ា​ណាមួយ​ដោយ​យក​ព្រះពុទ្ធសាសនា និង គណៈ​សង្ឃ​នាយក ដើម្បី​ការពារ​ខ្លួន​នូវ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន​នោះ​ទេ ទង្វើ​របស់​ព្រះអង្គ​គួរ​ឲ្យ​កោតសរសើរ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្ដេច​ឲ្យ​បន្ត​ដឹង​នាំ​ប្រទេស​នេះ ហើយ​សង្ឃឹមថា​នឹង បន្ត​បោះឆ្នោត​គាំទ្រ​ជា​បន្ត​ទៀត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត “​យើង​បាន​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​អស់​រយៈពេល ៣៧ ឆ្នាំ​មក​ហើយ​មិន​មាន​មុខ​អ្នក​ណាមួយ​មក​ជួយ​យើង​កសាង​ព្រះវិហារ មក​ជួយ​យើង​កសាង​នូវ​សាលារៀន មក​ជួយ​យើង​កសាង​ប្រឡាយ​ទឹក កសាង​អណ្តូង​ទឹក ស្រះ​ទឹក នោះ​ទេ បើ​ជេរ​មាន​”​។ សម្ដេច​ក៏បាន​ថ្លែង​ចម្អក​ទៅ​គណបក្សប្រឆាំង​ដែល​បាន​អះអាង​ថា ​ខ្លួន​នៅតែ​ខ្លាំង​ដោយ​សម្តេច​ថ្លែង​ថា “​ហើយ​ឥឡូវ​គេ​ថា​ អត់​បញ្ហា​ទេ​សភាពការណ៍​គឺ​នៅតែ​ឈ្នះ អើ​បើ​អញ្ចឹង​នៅ​ដេក​ហ្នឹង​ទៅ វើ​យ ! បើ​គង់​ថា​ស្រួល​ដដែល មក​តាម​ផ្លូវ​មើល​កាសែត​គេ​ថា សភាពការណ៍​អត់​បញ្ហា បើ​អត់​បញ្ហា​កុំ​ស្រែក ម៉ា​គង់​ចាំ​ឈ្នះ​ដដែល​ចាំ​ឈ្នះ​ដដែល​ទៅ​កុំ​ស្រែក​ខ្មាស​គេ និយាយ​វា​ខុស​ម្តង​ថា​ អញ្ចេះ ម្តង​ថា ​អញ្ចុះ ម្តង​ថា​ វិបត្តិ ប៉ុន្តែ​អ្នកណា​មាន​វិបត្តិ​ជាមួយ​ឥឡូវ​នេះ អ្នកឯង​ចង់​ទៅ​ដេក​កន្លែង​បួន​ម៉ែត្រ​បួន​ជ្រុង​ក៏​ដេក​ទៅ​ អ្នកណា​គេ​ថា​អី​អត់​ទើស​ក្បាល​យើង​ផង”។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែលជា​កំពុងតែ​ត្រៀម​ជើង​ព្រួល​ជាស្រេច​ហើយ​ ព្រោះ​គេ​ទំនងជា​ដឹង​ថា លោក​កឹម សុខា ប្រាកដជា​ចៀស​មិន​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ទេ ខណៈ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២ ខែមិថុនា បាន​ចេញ​ដីកា​បង្គាប់​ថ្មី​មួយទៀត​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ខាងមុខ​ទាក់ទង​នឹង​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ដែល​លោក​កឹម សុខា បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែឧសភា​តាម​បញ្ញតិ្ត​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​នឹង​នៅតែ​រក្សា​ជំហរ​មិន​ចូលខ្លួន​ទៅ​តុលាការ​នោះ​ទេ​៕
សម្តេច​តេ​ជោ ៖ បុគ្គល​ម្នាក់​មាន​កំហុស​មិន​ត្រូវ​យក​អង្គការ​ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ​

សម្តេច​តេ​ជោ ៖ បុគ្គល​ម្នាក់​មាន​កំហុស​មិន​ត្រូវ​យក​អង្គការ​ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ​

សម្តេច​តេ​ជោ ៖ បុគ្គល​ម្នាក់​មាន​កំហុស​មិន​ត្រូវ​យក​អង្គការ​ឬ បក្ស​នយោបាយ ឬ មនុស្ស​មួយ​ក្រុម​ទៅ​ការពារ​ចំពោះ​កំហុស​ខ្លួន​នោះ​ទេ​