ក្រុម​គ្រួសារ​ បុរស​ម្នាក់ ​ដែលត្រូវរន្ទះបាញ់​ស្លាប់ ​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌​

ក្រុម​គ្រួសារ​ បុរស​ម្នាក់ ​ដែលត្រូវរន្ទះបាញ់​ស្លាប់ ​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌​



កំពង់ឆ្នាំង​ ៖ ក្រុម​គ្រួសារ​បុរស​ម្នាក់ ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ បាន​ទទួល​អំណោយ​ជា​បច្ច័យ​ចូល​បុណ្យសព ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌ បន្ទាប់ពី​បុរស​ជា​ជនរងគ្រោះ​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​កណ្ដា​ល ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌​។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​ខាងលើ​មាន ឈ្មោះ ​សេង សៀង​ អាយុ​៤​៣​ឆ្នាំ មាន​ប្រពន្ធ​ ឈ្មោះ ខៀវ ផា អាយុ​៣៩​ឆ្នាំ គ្រួសារ​នេះ​មានកូន​២​នាក់។

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ លោក ចែម ភក្តី អភិបាលរង​ស្រុក តំណាង​ឲ្យ​អាជ្ញាធរ​ស្រុក​បរិបូណ៌ បាន​នាំ​យក​ថវិកា​ជា​បច្ច័យ​ចូល​បុណ្យសព​ចំនួន​១០​ម៉ឺន​រៀល និង​អង្ករ៥០​គីឡូ​ក្រាម ទៅ​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដល់​លំនៅ​ឋាន ដើម្បី​ចាត់​ចែង​ធ្វើ​បុណ្យសព​ទៅតាម​ប្រពៃណី​ខ្មែរ​។

ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់​ពី​ហេតុការណ៍​រន្ទះបាញ់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ភ្លៀង ​និង​ខ្យល់​ខ្លាំង រូប​គាត់​ជា​ប្រពន្ធ និង​កូន​២​នាក់ បាន​នៅ​លើ​ផ្ទះ។ ចំណែក​ប្ដី​គាត់ បាន​ជ្រក​ភ្លៀង ដោយ​នៅ​អង្គុយ​លើ​គ្រែ​នៅ​ក្រោម​ផ្ទះ ស្រាប់តែ​រំពេច​នោះ មាន​ផ្លេកបន្ទោរ​​ឆ្វាច​ចំ​ផ្ទះ​គាត់​ បន្ទាប់មក​រន្ទះ​បាន​បាញ់ “​ក្រាំង​” ឡើង​ហឹង​ត្រចៀក និង​ងងឹត​មើល​អ្វី​មិនឃើញ​ទេ។ ពេលនោះ​គាត់​ស្រវា​ដុត​ចង្កៀង​បំភ្លឺ មើល​កូនចៅ​ឃើញ​នៅ​ជុំគ្នា ហើយ​ក៏បាន​ស្រែកហៅ​ប្ដី​គាត់ នៅ​ក្រោម​ផ្ទះ តែ​មិនឮ​ឆ្លើយ​ទើ​ប​ប្រើ​កូន​ឲ្យ​​ចុះទៅ​មើល ឃើញ​ប្ដី​គាត់​ត្រូវ​រន្ទះបាញ់​ស្លាប់​បាត់​ទៅ​ហើយ​៕​

ក្រុម​គ្រួសារ​ បុរស​ម្នាក់ ​ដែលត្រូវរន្ទះបាញ់​ស្លាប់ ​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌​

ក្រុម​គ្រួសារ​ បុរស​ម្នាក់ ​ដែលត្រូវរន្ទះបាញ់​ស្លាប់ ​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​ស្រុក​បរិបូណ៌​