អាណិត​ណាស់! ​ក្របី​បង្ហូរ​ទឹក​​ភ្នែក ​​

រាជធានីភ្នំពេញ ៖​ ​​​ក្របី​មួយ​ក្បាល ​ត្រូវម្ចាស់​​​លែងបាន​ដើរ​ឆ្លងផ្លូវ​ទាំង​រំលង​អធ្រាត្រ​ ក៏ត្រូវ​រថយន្តរ៉ង់រ៉ូវែរ​មួយ​គ្រឿង ​បើក​លឿន​ចាប់​ហ្វ្រាំង​​មិន​ទាន់​​បុក​ពេញទំហឹង​ ​បណ្តាលឱ្យ​​ក្របី​នោះ​ដួល​បាក់ជើង​ ។ ចំណែក​រថយន្ត​រងការ​ខូចខាតដែរ ​​តែ​អាច​​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង០​១​ និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៧​​ មិថុនា ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ប្រភព​​ពី​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​​ថា ​គេ​ឃើញ​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល ​មិន​មាន​ទាំង​គ​ន្លុះ​ផង ​បាន​ដើរ​ឆ្លងផ្លូវ​ដើរ​ពី​ត្បូង​ទៅ​ជើង​ដើរ​បាន​ពាក់កណ្តាលផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​​ម៉ាករ៉ង់រ៉ូវែរ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាកលេខ បើក​​ពី​ទិសលិចទៅ​កើត​​យ៉ាង​លឿន​ចាប់​​ហ្វ្រាំង​មិន​ទាន់ ក៏​​ជ្រុល​ទៅ​បុក​ពេញទំហឹង ​បណ្តាល​​​​ក្របី​ខាង​ដួល​បាក់ជើង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​ និង​រង​របួស​​សុះ​ខ្លួន ។ រីឯ​រថយន្ត​បាន​ខូចខាត​ដែរ​តែ​មិន​បាន​ឈប់​ទេ ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​ក្របី​មិន​ហ៊ាន​ចេញ​មុខ​មក​ទទួលយក​ក្របី​ត្រឡប់​ទៅ​វិញ​ទេ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​សាលាសង្កាត់​ចោម​ចៅ ។ ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឲ្យ​ដឹង​ថា សត្វ​ក្របី​សុទ្ធតែ​មាន​ម្ចាស់ ​គួរ​ចិញ្ចឹម​​ថែរក្សាឲ្យ​បាន​ត្រឹមត្រូវ ​កុំ​ឲ្យ​ដើរ​ពាស​វាល​ពាស​កាល​ទាំង​យប់​ទាំង​ថ្ងៃ​បែប​នេះ សំណាងល្អ​ហើយ ដែល​មិន​បណ្តាល​ឲ្យ​រង​របួស​ដល់​អ្នកបើកបរ​រថយន្ត ។