រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​

​ថ្មីៗ​នេះ​មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង មួយចំនួន​បានដាក់​ពាក្យ​ប្ដឹង​ចូលទៅ​អគ្គាធិការ​កិច្ច​ក្រសួងកសិកម្ម ដោយបាន​លាតត្រដាង​រឿងអាស្រូវ​របស់លោក មាស សុភាព ជា​ប្រធាន​មន្ទីរ ពាក់ព័ន្ធ​ទៅនឹង​ករណី​លួច​លក់​ដី​ដែលជា​កម្មសិទ្ធិ​របស់​ម​ន្ទីរ​ស្ងាត់ៗ​បាន​លុយ​រាប់សែន​ដុល្លារ​យក​ធ្វើ​មាន​ធ្វើបាន​តែឯង​។ តាមរយៈ​ពាក្យបណ្ដឹង​នោះ​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ លោក គឹម សុន អគ្គាធិការ​នៃ​អគ្គាធិការ​កិច្ច​ក្រសួងកសិកម្ម បាន​ដឹកនាំ​មន្ត្រី​មួយក្រុម​ចុះទៅ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​លោក មាស សុភាព ផងដែរ​។ បញ្ហា​នេះ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកោះកុង សង្ឃឹមថា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អាច​ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​ជាមិនខាន​។

​រឿងអាស្រូវ​របស់លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​អាច​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​ភាពមិនប្រក្រតី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ផងដែរ​។ ដូច្នេះ​ករណី​លោក មាស សុភាព លក់​ដី​មន្ទីរ​កសិកម្ម​ជាង​៣០០០​ម៉ែត្រការ៉េ​ក្នុងតម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ នឹងត្រូវ​លាតត្រដាង​យ៉ាងច្បាស់​នាពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ពេល​មន្ត្រី​អធិការកិច្ច​ក្រសួងកសិកម្ម​ចុះទៅ​ស៊ើបអង្កេត​នៅ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​នោះ គេ​បាន​ហៅ​មន្ត្រី​មន្ទីរ​កសិកម្ម​ចូលក្នុង​បន្ទប់​ម្ដងម្នាក់ៗ​ដើម្បី​សួរចម្លើយ ហើយ​មន្ត្រី​ទាំងអស់​សុទ្ធតែ​បាន​ឆ្លើយ​ដូចៗ​គ្នា​រឿង​លោក មាស សុភាព លក់​ដី​អង្គភាព​បាន​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ខាងលើនេះ​ប្រកបដោយ​តម្លាភាព ព្រោះ​ការដែល​លោក មាស សុភាព អាច​លក់​ដី​មន្ទីរ​កសិកម្ម​បាន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ការិយាល័យ​ភូមិបាល ក្រុង​ខេមរភូមិន្ទ និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តកោះកុង​ផងដែរ​។ ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​មន្ត្រី​អធិការកិច្ច​ក្រសួងកសិកម្ម គឺ​លោក មាស សុភាព បាន​ឆ្លើយ​សារភាព​រួចហើយ​ចំពោះ​ទង្វើ​របស់ខ្លួន​ក្នុង​ការលក់​ដី​អង្គភាព​បាន​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​។ ហេតុនេះ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ដទៃទៀត​ផងដែរ​៕

gda11លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ