បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​មិនដែល​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ជនល្មើស​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ឡាស់ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​តែង​ប្រមូល​ទិញ​ឈើ​ប្រណីត​យកមក​ស្តុក​ទុក​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្តបន្ទាប់ ហើយ​ឈ្មួញ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​ផងដែរ ទើប​អាចធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​។ មានការ​បង្ហើប​ឲ្យ​ដឹងថា​នៅពេល​សមត្ថកិច្ច​ចុះបង្ក្រាប​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​គេ​តែង​ជូនដំណឹង​ដល់​ឈ្មួញ​ជាមុន​ឲ្យ​គេចខ្លួន​ចេញពី​កន្លែង​ដែល​ត្រូវ​បង្ក្រាប​។ ហេតុនេះហើយ​ទើប​កន្លងមក​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​សេសា​ន សមត្ថកិច្ច​រកឃើញ​តែ​ឈើ​ដែល​ឈ្មួញ​លាក់ទុក ហើយ​មិនដែល​រកឃើញ​ម្ចាស់​ឈើ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ឡើយ​។

​ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ចុះ​ល្បាត​ឲ្យ​ប្រទះឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​២១៥​ដុំ​ស្មើនឹង​១.៦៨១​ម៉ែត្រគូប​នៅក្នុង​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡាស់ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ប្រតិបត្តិការ​នេះ​ត្រូវបាន​សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់ថា ជា​ល្បិច​របស់​សមត្ថកិច្ច​ដើម្បី​ឲ្យ​ឈ្មួញ​បង់លុយ​ឲ្យ​ពួកគេ​តាម​ការកំណត់​ប៉ុណ្ណោះ ហើយ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ព្រៃឈើ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​សេ​សាន ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​ប៉ាង នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។ មានការ​រិះគន់​ចំៗ​ថា លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ចំណែក​ឈ្មួញ​ធំៗ​ដូចជា យាយ​ព្រឿង និង​ឈ្មួញ​ជា​មន្ត្រី​ប្រដាប់អាវុធ​មួយចំនួនទៀត នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

13312717_1715575372042487_9170348904438382487_n 13315787_1715575348709156_5941791591118740946_n