លោក សម រង្ស៊ី បញ្ជាក់ថា ការផ្ទេរអំណាច​តាម​បែបបទ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​អាចធ្វើ​ទៅបាន​នៅ​កម្ពុជា​

នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ការផ្ទេរអំណាច តាម​បែបបទ​ប្រជាធិបតេយ្យ ដោយ​សន្តិវិធី អាចធ្វើ​ទៅបាន​នៅ​កម្ពុជា​។ លោក សម រង្ស៊ី បាន​ពន្យល់ថា ករណី​ប្រទេស​លី​ប៊ី និង​ប្រទេស​កម្ពុជា មិនអាច​ប្រៀបធៀប​គ្នា​បានទេ​។ នៅ​ប្រទេស​លី​ប៊ី ក្រោម​ការដឹកនាំ​រយៈពេល ៤២ ឆ្នាំ របស់លោក មួរ​ម៉ា ហ្គា​ដា​ហ្វី មិន​ដែលមាន​គណបក្ស​ប្រឆាំង​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ដែលមាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​រចនាសម្ព័ន្ធ​រឹងមាំ​អាចដឹកនាំ​ប្រទេស​បានទេ ។ ឯ​ប្រទេស​ស៊ី​រី ក្រោម​ការដឹកនាំ​របស់​ក្រុមគ្រួសារ អែល អាសាដ រយៈពេល ៤៦ ឆ្នាំ ក៏​ដូច​ប្រទេស​លី​ប៊ី អញ្ចឹង​ដែរ​។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា អញ្ចឹង​ហើយ បានជា​ប្រទេស​ទាំងពីរ គឺ​ស៊ី​រី និង​លី​ប៊ី មាន​ភាពចលាចល រហូតដល់​កើតសង្គ្រាម​ស៊ីវិល ក្រោយពី​របប​ផ្តាច់ការ​បាន​ដួលរលំ ឬ​ជិត​ដួលរលំ ពីព្រោះ​គ្មាន​កម្លាំង​នយោបាយ​ណាមួយ មាន​សមត្ថភាព​ដឹកនាំ​ប្រទេស ដោយ​រក្សា​ឯកភាព​ជាតិ​បានឡើយ​។ តែ​ផ្ទុយ​ពី​ប្រទេស​លី​ប៊ី និង​ប្រទេស​ស៊ី​រី ប្រទេស​កម្ពុជា មាន​ចលនា​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំងក្លា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមូល​ធនធានមនុស្ស​យ៉ាងច្រើន ហើយ​មាន​រចនាសម្ព័ន្ធ​ដ៏​រឹងមាំ គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាចដឹកនាំ​ប្រទេស​ដោយ​រក្សា​ឯកភាព​ជាតិ និង​ធានា​សន្តិភាព ដូច​នៅ​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត​មួយចំនួន ដែល​បាន​រើបម្រះ​ដោយ​សន្តិវិធី ពី​អំណាច​កុ​ម្មុយ​និ​ស្ត​ផ្តាច់ការ ចាប់ពី​ឆ្នាំ ១៩៨៩ មក​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គម្រូ​ដ៏​ល្អ​មួយ នៃ​ការផ្ទេរអំណាច តាម​បែបបទ​ប្រជាធិបតេយ្យ ដោយ​សន្តិវិធី គឺ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ពេលនោះ​ដឹកនាំ​ដោយ​លោក វ៉ា​ក្លាវ ហា​វែ​ល បន្ទាប់ពី​ការដួលរលំ នៃ​របប​កុ​ម្មុយ​និ​ស្ត​។ លោក សម រង្ស៊ី បាន​បន្តថា នៅក្នុង​ទ្វីបអាស៊ី​ជិត​ប្រទេស​កម្ពុ​ជាមាន​ប្រទេស​ពីរ ដែល​បាន​រើបម្រះ​ពីរ​បប​ផ្តាច់ការ ដោយ​សន្តិវិធី​ដែរ គឺ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ ១៩៨៦ (​មេដឹកនាំ​ផ្តាច់ការ​ពេលនោះ ឈ្មោះ ម៉ា​កូ​ស​) និង ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ ១៩៩៨ (​មេដឹកនាំ​ផ្តាច់ការ​ពេលនោះ ឈ្មោះ ស៊ូ​ហារ​តូ​) ៕

13327401_1119491764774222_3059546250697031427_n