លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការតស៊ូ​ដោយ​អហិង្សា​តាម​មាគ៌ា​ព្រះពុទ្ធ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​នៅ​ចំពោះមុខ​ព្រះសង្ឃ អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពី​ការតស៊ូ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អហិង្សា​តាម​មាគ៌ា​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​។ ការ​ថ្លែង​សារ​នយោបាយ​របស់លោក កឹម សុខា គឺ​បាន​ធ្វើឡើង​ក្នុង​ពិធីសូត្រមន្ត និង​រាប់បាត្រ​ព្រះសង្ឃ ១២៣ អង្គ​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បួងសួង​ឲ្យ​មានការ​ការពារ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ និង​សូម​សេចក្តីសុខ​មាន​ដល់​សង្គមជាតិ​ខ្មែរ​ទាំង​មូល​ផងដែរ​។​

​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា ដូច​ព្រះសម្មាសម្ពុទ្ធ តែង​ទូន្មាន​យើងទាំងអស់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ដោះស្រាយ​ដោយ​បញ្ញា ដោះស្រាយ​ដោយ​អហិង្សា​។ លោក កឹម សុខា បាន​បន្ថែមថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់យក​នូវ​ឱវាទ​នេះ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់ខ្ជាប់​អហិង្សា​ជានិច្ច ដើម្បី​ទទួលបាន​ជោគជ័យ​។​

លោក កឹម សុខា នៅ​ថ្ងៃ​ម្សិលមិញ ក៏បាន​បញ្ជាក់ប្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​ខេត្តតាកែវ​ដែរ​ថា ទោះបីជា​ស្ថានការណ៍​នយោបាយ​អាក្រក់​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ភាពរឹងមាំ​ដដែល ហើយ​លោក​នៅតែ​មានជំនឿថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជំនះ នៅពេល​ខាងមុខ​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា  បាន​សង្កត់ធ្ងន់ថា  នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​នាំ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ពោះទៅរក​សន្ដិភាព ប្រជាធិបតេយ្យ និង​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​បារាំង​បាន​សម្តែង​ការជឿជាក់​យ៉ាង​មុតមាំ​ដែរ​ថា​នឹងមាន​ការផ្ទេរអំណាច តាម​បែបបទ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​អាចធ្វើ​ទៅបាន​នៅ​ប្រទេស​កម្ពុជា​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី គឺ​ផ្អែកទៅលើ​ហេតុផល​ដែលថា ប្រទេស​កម្ពុ​ជាមាន​ចលនា​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំងក្លា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមូល​ធនធានមនុស្ស​យ៉ាងច្រើន ហើយ​មាន​រចនាសម្ព័ន្ធ​ដ៏​រឹងមាំ គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា មានន័យថា​គណបក្ស​ស​ង្គ្រោះ​ជាតិ អាចដឹកនាំ​ប្រទេស​ដោយ​រក្សា​ឯកភាព​ជាតិ និង​ធានា​សន្តិភាព ដូច​នៅ​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត​មួយចំនួន ដែល​បាន​រើបម្រះ​ដោយ​សន្តិវិធី​ពី​អំណាច​កុ​ម្មុយ​និ​ស្ត​ផ្តាច់ការ​ចាប់ពី​ឆ្នាំ​១៩៨៩៕

13406889_1376416622375633_5205752096640854951_n 13344745_1376416005709028_5388207605589035833_n 13417442_1376417439042218_3556182405982418473_n