សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​តាកែវ កំពត ឆ្ពោះ​ទៅ​ខេត្ត​កំពង់សោម​

សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​តាកែវ កំពត ឆ្ពោះ​ទៅ​ខេត្ត​កំពង់សោម​



កំពង់សោម ៖ បន្ទាប់ពី​បាន​អញ្ជើញ​ធ្វើដំណើរ ពី​ភ្នំពេញ​ទៅ​ចូលរួម​កាត់​ឫសសីមា​នៅក្នុង វត្ត​មឿង​ចារ​លិ​ខិ​តតា​រាម ស្ថិតនៅ​ភូមិ មឿង​ចារ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០១៦ មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​បន្ត​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៣ ឆ្ពោះ​ទៅកាន់​ខេត្ត​ព្រះសីហនុ។

នៅ​ក្នុង​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពត សម្ដេច​តេ​ជោ បាន​អញ្ជើញ​ចូល​ទស្សនា​ក្នុង​ផ្សារ​សាមគ្គី​ក្នុង ​ក្រុង​កំពត ​ដើម្បី​ពិនិត្យ​ និង​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។ នៅ​ក្នុង​ដំណើរ​ឆ្លង​កាត់​ក្នុង​ផ្សារ សម្ដេច​តេ​ជោ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ប្រជាពលរដ្ឋ អាជីវករ​ទាំង​ចាស់​ទាំង​ក្មេង។ ភាព​រួសរាយ​រាក់ទាក់ និង​ភាព​ដ៏​សាមញ្ញ​របស់​សម្លេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​សម្ដេច​បាន​ស្ថិត​នៅ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ទីកន្លែង​។ នៅ​ក្នុង​ទីផ្សារ​ទាំង​អាជីវករ និង ប្រជាពលរដ្ឋ រួម​ទាំង​ទេសចរណ៍​ផង ​បាន​នាំគ្នា​ចាប់​ឱប​សម្តេច​ និង​បាន​ថតរូប​សែ​ល​ហ្វី​ជាមួយ​សម្តេច ដោយ​ភាព​ស្និទ្ធ​ស្នាល​បំផុត។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុក​ផ្ទាល់​របស់​សម្ដេច​ផង​ដែរ​ថា​ បន្ទាប់ពី​ខ្ញុំ​បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ វត្ត​មឿង​ចា​រ្យ​លិខិត​តារា​ម នៅ​ភូមិ​មឿង​ចា​រ្យ ឃុំជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ​រួចហើយ​ខ្ញុំ​បាន​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ ដែល​មាន​ចម្ងាយ ១៨០​គីឡូម៉ែត្រ​ឆ្ពោះ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ដែល​មាន​រយៈពេល​៣​ម៉ោង។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​សមិទ្ធផល​ផ្លូវថ្នល់​ និង​ស្ពាន​តូចធំ​តាម​ផ្លូវ​ជាច្រើន​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ ដើម្បី​ប្រកបការងារ​ទ​ទួល​ទាន ​ដែល​បាន​កែប្រែ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កាន់តែ​ប្រសើរ​ឡើង។ សមិទ្ធផល​ទាំងអស់​នេះ​កើតឡើង​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង ដោយសារ​យើង​បាន​ខិតខំ​ទាំង​អស់គ្នា​តាំងពី​បាតដៃ​ទទេ ដែល​ពេលនោះ​គ្មាន​នរណា​នៅ​ជាមួយ​យើង​ទេ។

សម្តេច​បាន​បន្ត​ថា “​នៅ​តាម​ផ្លូវ​ខ្ញុំ​បាន​ចុះ​សួរសុខទុក្ខ និង Selfie ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន និង អាជីវករ​នៅ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​បំផុត។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ដែល​បាន​ទទួល​ស្វាគមន៍​ខ្ញុំ​យ៉ាង​រាក់ទាក់​កក់​ក្តៅ ជាពិសេសស​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​បងប្អូន​មាន​មុខរបរ​លក់ដូរ និង ជីវភាព​រស់នៅ​ធូរធារ​ជាមួយ​ទឹកមុខ​ញញឹម​រីករាយ​ដែល​បង្ហាញ​នូវ​ការ​ពេញចិត្ត និង​ក្តីសង្ឃឹម។ នេះ​ហើយ​ដែល​ជា​បំណង​ប្រាថ្នា​របស់ខ្ញុំ​ គឺ​ចង់​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​សុខសាន្ត​មានការ​ងារ​ធ្វើ​ និង​មាន​មុខរបរ​ចិញ្ចឹមជីវិត​កាន់តែ​ល្អប្រសើរ​ឡើង​។ នៅ​ក្នុង​ការ​ចុះ​សួរសុខទុក្ខ​នេះ​ខ្ញុំ​ក៏បាន​ស្តាប់ និង ទទួល​នូវ​សំណូមពរ​បងប្អូន​អាជីវករ​យើង​មួយ​ចំនួន​យក​ទៅ​ពិចារណា​ដោះស្រាយ​ផង​ដែរ។

សម្ដេច​តេ​ជោ​បាន​បន្ត​ថា “​ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ​ដែល​តែងតែ​គាំទ្រ​រូប​ខ្ញុំ​ក្នុង​ការដឹកនាំ​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅ​មុខទៀត​ក្រោម​ម្លប់​សន្តិភាព។ ប្រជាពលរដ្ឋ​ម្នាក់ ​រស់នៅ​ផ្សារ​ត្រពាំង​ល្ពៅ​បាន​ថ្លែង​ដោយ​អំណរ​ថា លោក​ពិតជា​ពេញចិត្ត​ និង​សប្បាយចិត្ត​ណាស់ ដោយ​បាន​ឃើញ​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​បែបនេះ។ លោក​បន្ត​ថា​ ការ​ធ្វើដំណើរ​តាម​រថយន្ត​បាន​ផ្តល់​ឱកាស​ឲ្យ​សម្តេច​បាន​ដឹង​បានឮ និង បាន​ឃើញ​ពី​ការ​អភិវឌ្ឍ និង​បាន​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ លោក​គាំទ្រ​វត្តមាន សម្ដេច​ធ្វើដំណើរ​តាម​រថយន្ត​ទៅតាម​បណ្ដា​ខេត្ត។

ទោះបី​មានការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ធ្វើដំណើរ​ដោយសារតែ​ប៉ូលិស​ខេត្ត​កំពត​បាន​បិទ​ផ្លូវ​ជាច្រើន​ខ្សែ និង ជាច្រើន​ម៉ោង​ក៏​ដោយ​ចុះ តែ​ប្រជាពលរដ្ឋ​នៅតែ​បង្ហាញ​ទឹកមុខ​រីករាយ​នៅ​ពេល​បាន​ឃើញ ប្រមុខ​រាជរដ្ឋាភិបាល​លើកដៃ និង ស្រែក​សួរ​សុខទុក្ខ​បងប្អូន​ពី​ក្នុង​រថយន្ត​នៅ​តាម​ដង​ផ្លូវ​ដែល​រថយន្ត​ឆ្លងកាត់៕
សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​តាកែវ កំពត ឆ្ពោះ​ទៅ​ខេត្ត​កំពង់សោម​

សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ខេត្ត​តាកែវ កំពត ឆ្ពោះ​ទៅ​ខេត្ត​កំពង់សោម​