មេធាវី ​ស្នើ​សាលាឧទ្ធរណ៍ ​បន្ថយទោស​ ដល់​អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩

មេធាវី ​ស្នើ​សាលាឧទ្ធរណ៍ ​បន្ថយទោស​ ដល់​អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩



ភ្នំពេញ​ ៖​ មេធាវី​ការពារ​សិទ្ធិ​អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ស្នើឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បន្ធូរ​បន្ថយ​ទោស​ដល់​កូន​ក្ដី ដើម្បី​មាន​ឱកាស​វិល​ចូល​សង្គម​វិញ។ សាលាឧទ្ធរណ៍ នឹង​សម្រេច​ករណី​នេះ នៅ​ចុងខែ​មិថុនា ខាងមុខ។

សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦ ​បាន​លើក​យក​សំណុំរឿង ​លោក ថុល ហុក​លី អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ មក​បើកសវនាការ​ជំនុំជម្រះ ដោយមាន​លោក សំរិទ្ធ សុផល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ លោក តាន់ ​សេណា​រ៉ុង ជា​តំណាង​មហា​អយ្យការ តែ​អវត្តមាន​ជនជាប់ចោទ​ ថុល ហុក​លី។

លោក​ចៅក្រម សំរិទ្ធ សុផល ថ្លែង​ក្នុង​សវនាការ​ថា ជនជាប់ចោទ ​ឈ្មោះ ថុល ហុក​លី អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​ខេត្តកំពត កាលពី​ចុងឆ្នាំ​២០១៥ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២៧២ និង មាត្រា​២៧៤ នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវ​បាន​ជន​ជាប់​ចោទ​ប្ដឹង​ឧទ្ធរណ៍។

លោក អ៊ឹម ម៉ាច មេធាវី​ការពារ​ក្ដី​ លោក ថុល ហុក​លី បាន​សន្និដ្ឋាន​សំណូមពរ​ឲ្យ​សាលាឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​កូន​ត្រឹម១ឆ្នាំ ដើម្បី​ឲ្យ​គាត់​អាច​វិល​ចូល​សង្គម​វិញ​បាន។

ទោះ​បី​យ៉ាង​ណា ក្រោយ​ការ​សួរ​ដេញ​ដោល លោក​ចៅក្រម សំរិទ្ធ សុផល សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​វិញ។

គួរ​រំលឹក​ថា លោក ថុល ហុក​លី រួម​ជាមួយ​បក្ខពួក២នាក់​ផ្សេងទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​លើ​ទឹកដី​ខេត្ត​កំពត ពី​បទ​ជំរិត​ទារ​ប្រាក់ ១​ពាន់​ដុល្លារ ពី​អភិបាលរង​ខេត្ត​កំពត ជា​ថ្នូរ ការ​មិន​ចេញផ្សាយ​រឿង​ដីធ្លី៕