គន្លឹះ​មួយ​ចំនួន​ធ្វើ​ឱ្យ​ការ​លក់​របស់​អ្នក​ទទួល​បាន​ជោគជ័យ​ខ្ពស់

រាជធានី​ភ្នំពេញ ៖ រាល់​អាជីវកម្ម​ទាំងអស់ ដែល​បង្កើត​ឡើង​មក មាន​បំណង​មួយ​គឺ​ការ​លក់ ដូច​ជា លក់​ផលិតផល និង​លក់​សេវាកម្ម​ជូន​អតិថិជន​ជាដើម ហើយ​រាល់​អាជីវកម្ម​ទាំងនោះ មាន​ខ្លះ​ទទួល​បាន​ជោគជ័យ ខ្លះ​មិន​ខាត មិន​ចំណេញ និង​មាន​ខ្លះ​ទៀត មិន​ទទួល​បាន​ជោគជ័យ ខាត​ទាំង​ដើមទុន និង​ពេលវេលា​ថែម​ទៀត ។

ដូចនេះ​ដើម្បី​ឲ្យ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ​យ៉ាង​ជំរុញ​ការ​លក់​របស់​ខ្លួន​ឲ្យ​បាន​ច្រើន និង​មាន​អ្នកគាំទ្រ​ជា​បន្តបន្ទាប់ ទាំង​ការ​លក់​ផលិតផល និង​ការ​លក់​សេវាកម្ម​របស់​ខ្លួន ។ យ៉ាងណាមិញ ដើម្បី​ឲ្យ​ការ​លក់​របស់​អាជីវកម្ម​នោះ​ទទួល​បាន​ជោគជ័យ​ខ្ពស់ អ្នកលក់​ត្រូវ​មាន​បុគ្គលិកលក្ខណៈ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត ។

លោក​នួន អក នាយក​ប្រតិបត្តិ វិទ្យាស្ថាន​បណ្ដុះបណ្ដាល Success Academy បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​លក់​ទទួល​បាន​ជោគជ័យ មិន​ថា​លក់​ផលិតផល ឬ​សេវាកម្ម​នោះ​ទេ ត្រូវ​ដឹង​៣​ចំណុច​ដូច​ជា​ខាងក្រោម ៖

១-​ត្រូវ​ស្គាល់​ខ្លួន​សិន​ថា ជា​នរណា ?

២-​ត្រូវ​ស្គាល់​ផលិតផល ឬ​សេវាកម្ម ដែល​ត្រូវ​លក់​នោះ​ឲ្យ​ច្បាស់ ព្រោះ​អ្នកទិញ​មិនមែន​ជួប​អ្នកលក់​ភ្លាម ទិញ​ភ្លាម​នោះ​ទេ គឺ​គាត់​អាច​នឹង​សួរ​ផ្ចាញ់ផ្ចាល​ជា​មុន​សិន ហើយ​បើសិនជា​អ្នកលក់​មិន​ស្គាល់​ផលិតផល ឬ​សេវាកម្ម​នោះ​ច្បាស់​ទេ ពេល​អ្នកទិញ​សួរ​ហើយ ឆ្លើយ​មិន​រួច​នោះ លទ្ធផល​គឺ​គេ​នឹង​មិន​ទិញ​ផលិតផល ឬ​សេវាកម្ម​ឡើយ ។

៣-​យើង​ត្រូវ​ស្គាល់​អតិថិជន​គោលដៅ​ឲ្យ​ច្បាស់ ព្រោះថា បើសិនជា​យើង​ស្គាល់​អតិថិជន​គោលដៅ​មិន​ច្បាស់​ទេ ហើយ​ចេះ​តែ​ដើរ​លក់​ផ្ដេសផ្ដាស​នោះ នាំ​ឲ្យ​ខាត​ពេលវេលា និង​ធ្វើ​ឲ្យ​យើង​បាក់ទឹកចិត្ត ។ ចំពោះ​បញ្ហា​អតិថិជន​គោលដៅ​នេះ ក្រុមហ៊ុន​ធំ​ៗ​គេ​បាន​កំណត់​គោលដៅ​របស់​គេ​ច្បាស់លាស់​ថា អតិថិជន​គោលដៅ​របស់​គេ​ជា​អ្នក​ណា ហើយ​អ្នកលក់​ក៏​ត្រូវ​ដើរ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ដែរ ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ទន្ទឹម​នឹង​គន្លឹះ​៣​ចំណុច​ខាងលើ​នេះ អ្នកលក់​ល្អ​ក៏​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ផ្នត់គំនិត ចំណេះដឹង​ផ្នែក​លក់ ឥរិយាបថ​និង​គុណសម្បត្តិ​របស់​បុគ្គល​រៀង​ៗ​ខ្លួន​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖ « ជំនាញ​ផ្នែក​លក់ គឺជា​ជំនាញ​ដែល​មាន​សារសំខាន់​សម្រាប់​បុគ្គល​ម្នាក់​ៗ បុគ្គល​ដែល​ជោគជ័យ ត្រូវ​មាន​ជំនាញ​លក់​ខ្លាំង​។ ជា​ឧទាហរណ៍ សូ​ម្បី​តែ​ឪពុក​ម្ដាយ​ដែល​ល្អ ក៏​ត្រូវ​មាន​ជំនាញ​លក់​ដើម្បី​អប់រំ​កូនចៅ​ដែរ គឺ​លក់​នូវ​ការ​អប់រំ ទូន្មាន​ដល់​បុត្រ​ធីតា​របស់​ពួក​គាត់ ។ ក្រៅពី​នោះ លោកគ្រូ​អ្នកគ្រូ ក៏​ដូច​គ្នា​ដែរ គឺ​លក់​នូវ​ចំណេះដឹង លក់​នូវ​ការ​អប់រំ លក់​នូវ​ការ​បង្រៀន​របស់​ពួក​គាត់ ដើម្បី​ទទួល​បាន​កម្រៃ​សម្រាប់​ខ្លួន​គាត់​វិញ » ។

លោក ឡាយ លន់ អគ្គនាយក​ក្រុមហ៊ុន​អង្គរ ដូ​មេន​រៀល​ធី បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​លក់​ទទួល​បាន​ជោគជ័យ អ្នកលក់​ក៏​ត្រូវ​មាន​ផលិតផល​ដែល​មានគុណ​ភាព និង​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង ឬ​ពី​ថ្នាក់​អន្តរជាតិ​ផង​ដែរ ចំពោះ​ការ​លក់​ផលិតផល ហើយ​បើ​ចំពោះ​ការ​លក់​សេវាកម្ម​ក៏​ដូច​គ្នា គឺ​ត្រូវការ​សេវាកម្ម​ដែល​អតិថិជន​ជឿ​ទុកចិត្ត​បាន ជា​ពិសេស​ត្រូវ​យកចិត្ត​ទាក់​លើ​អតិថិជន​ឲ្យ​បង​បងប្អូន ។ លោក​និយាយ​ថា ៖« កាលពី​សម័យ​មុន យើង​និយាយ​ថា អ្នកលក់​ត្រូវ​ចាត់​ទុក​អតិថិជន​ដូច​ជា​ព្រះ តែ​សម័យនេះ យើង​ប្តូរ​មក​ប្រើ​ពាក្យ​ថា ចាត់​ទុក​អតិថិជន​ដូច​ជា​បង​ជា​ប្អូន ព្រោះថា​អតិថិជន​ខ្លះ​ខូច មិន​អាច​នៅ​ទ្រាំទ្រ​ដូច​ជា​ព្រះ ត្រូវ​គោរព​ទៀត​នោះ​ទេ ។ ម្យ៉ាងទៀត បើ​អតិថិជន​ជា​ស្ដេច មាន​ន័យ​ថា អតិថិជន​នោះ​មាន​លុយ ហើយ​ក៏​ត្រូវ​ឲ្យ​យើង​ទៅ​អង្វរ​គាត់​មក​ទិញ​ផលិតផល ឬ​សេវាកម្ម​របស់​យើង ដូចនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​លក់​របស់​យើង មិន​កើនឡើង​ទេ»៕