សហព័ន្ធ បង្កើតតង់ ពិនិត្យសំបុត្រក្លែងក្លាយ និងចាក់អេក្រង់ សម្រាប់អ្នកគ្មានសំបុត្រ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសនៅលើ Page របស់ខ្លួនថា នឹងរៀបចំតង់នៅក្បែរជណ្ដើរទេរភាគខាងជើង នៃពហុកីឡដ្ឋានជាតិ ដើម្បីជួយផ្ទៀងផ្ទាត់សំបុត្រសម្រាប់បងប្អូនមិនច្បាស់ឬសង្ស័យថា សំបុត្រដែលបងប្អូនបានទិញពីឈ្មួញកណ្តាលពិតឬក្លែងក្លាយ សម្រាប់ចូលទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងឆាយនីសតៃប៉ិ នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង៧ល្ងាច ថ្ងៃអង្គារនេះ។

asiancup2

ការសម្រេចដាក់តង់ខៀវមួយ នៅកន្លែងឡើងទៅកាន់កន្លែងអង្គុយសម្រាប់ទស្សនាបែបនេះ ដើម្បីផ្ទៀងផ្ទាត់សំបុត្រពិត ឬក្លែងក្លាយនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានជនឆ្លៀតឱកាសមួយចំនួន បានយកសំបុត្រទៅលក់បន្ត ក្នុងតម្លៃលើសតម្លៃដើមគុណនឹង៣នោះ ប៉ុន្តែគេមិនដឹងថា សំបុត្រ ដែលយកទៅលក់បន្តនោះ ពិតឬក៏ក្លែងក្លាយនោះទេ?

ជុំវិញការដាក់តង់ពិនិត្យសំបុត្រក្លែងក្លាយ ឬពិតនេះ សហព័ន្ធបានបញ្ជាក់ថា៖«ដើម្បីជៀសវាងករណីបងប្អូនកាន់សំបុត្រក្លែងក្លាយដោយមិនដឹងខ្លួន ហើយមានបញ្ហានៅច្រកចូល នៅពេលអ្នកពិនិត្យសំបុត្រស្វែងរកឃើញ សំបុត្រក្លែងក្លាយ សូមមកតង់នេះដើម្បីបញ្ជាក់ពីប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។

asiancup1

ប្រភពពីសហព័ន្ធដដែលនេះ បានបញ្ជាកល់ថា៖«អ្នកដែលប្រើប្រាស់សំបុត្រក្លែងក្លាយនឹងមិនអនុញ្ញាតឲ្យចូលទស្សនា និងធ្វើការឃាត់ខ្លួនបុគ្គលនោះហើយធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំពោះអ្នកដែលទិញចំសំបុត្រក្លែងក្លាយពីឈ្មួញកណ្តាលដែលមិននូវក្រោមការគ្រប់គ្រងរបស់សហពន្ធ័ យើងខ្ញុំមិនទទួលខុសត្រូវឡើយ»។

បន្ថែមលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសហការជាមួយ BTV និង សណ្ឋាគារណាហ្គាវើល ចាក់អេក្រង់ LED នាល្ងាចនេះសម្រាប់បងប្អូនដែលគ្មានសំបុត្រទស្សនា ដោយក្នុងនោះ BTV នឹងដាក់រថយន្តដែលមានអេក្រង់ LED នៅពហុកីឡដ្ឋានជាតិ ហើយ Nagaworld នឹងចាក់លើអក្រង់ LEDNagaWorld តែម្តង៕