អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ថែទាំ​បារាយណ៍​ខាងជើង​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ថែទាំ​បារាយណ៍​ខាងជើង​



សៀមរាប ៖ បារាយណ៍​ខាងជើង​(​ជ័យ​ត​ដាក​) មាន​បណ្ដោយ​ប្រវែង ៣.៦០០ ម៉ែត្រ និង​ទទឹង​ប្រវែង ៩៣០ ម៉ែត្រ ហើយ​នៅ​ពី​ដើមដំបូង​បារាយណ៍​ខាងជើង​នេះ អាច​ផ្ទុក​ទឹកបាន ៥ លាន​ម៉ែត្រគូប ហើយ​ទឹក​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ប្រព័ន្ធ​ជំនឿ​របស់​ដូនតា​ខ្មែរ​។

ដូនតា​ខ្មែរ រក្សា​ទឹក​ទុក​ក្នុង​បារាយណ៍​នេះ សម្រាប់​ប្រើប្រាស់ នៅ​ក្នុង​ក្រុង​អង្គរធំ ក្រុង​ជ័យស្រី​(​ប្រាសាទ​ព្រះខ័ន​)​ និង​មន្ទីរពេទ្យ​នាគព័ន្ធ​។ បារាយណ៍​ខាងជើង​នេះ បាន​រីងស្ងួត​ហួតហែង​អស់​រយៈពេល​ជាង៥០០ ឆ្នាំ​មក​ហើយ ទើបតែ​នៅ​ឆ្នាំ២០០៨​បារាយណ៍​នេះ ចាប់​ផ្តើម​មាន​ទឹក​សាជាថ្មី​ឡើងវិញ។

នៅ​រសៀល​ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦ លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា ក្រុម​អ្នកស្រាវជ្រាវ​ជំនាញ​ខាង​គ្រប់គ្រង​ទឹក​មួយ​ចំនួន មិន​ដែល​គិត​ឃើញ​ថា នឹង​អាច​ធ្វើ​ឲ្យ​បារាយណ៍​នេះ មាន​ទឹក​សាជាថ្មី​ឡើងវិញ​បាន​ឡើយ​។ ប៉ុន្តែ នៅ​ឆ្នាំ ២០០៧ ក្រុម​អ្នកស្រាវជ្រាវ​ជំនាញ​ខ្មែរ បាន​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ ដែល​គេ​បាន​រក​ឃើញ នៅ​ឆ្នាំ ២០០៥ ហើយ​នៅ​ឆ្នាំ ២០០៨ ទឹក​ក៏​ចាប់ផ្ដើម​ហូរ​ចូល​ក្នុង​បារាយណ៍​នេះ​ឡើងវិញ​។

លោក​បាន​បញ្ជាក់​ថា ចាប់​តាំងពី​អ្នក​ជំនាញ​យើង​រក​ឃើញ​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ ហើយ​បាន​ស្តារ​និង​ជួសជុល​រួចមក អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហូរទឹក​ចូល​ក្នុង​បារាយណ៍​ជា​រៀងរាល់ឆ្នាំ ដូចជា នៅ​ឆ្នាំ ២០០៨ មាន​ចំនួន ៧០០.០០០ ម៉ែត្រគូប នៅ​ឆ្នាំ ២០០៩ បាន​ចំនួន ៣.០០០.០០០ ម៉ែត្រគូប នៅ​ឆ្នាំ ២០១០ បាន​ចំនួន ៣.៦៧៨ .០០០ ម៉ែត្រគូប និង​នៅ​ឆ្នាំ ២០១១ មកដល់​ឆ្នាំ ២០១៦ នេះ មាន​ចំនួន ៥.០០០.០០០ ម៉ែត្រគូប​។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាំ​កូនឈើ ដាំ​ស្មៅ​តាម​ជើងទេរ​ទំនប់​បារាយណ៍ ដើម្បី​ការពារ​ជើងទេរ និង​ទ្រង់ទ្រាយ​តួ​ទំនប់​កុំ​ឲ្យ​បាក់​ដី និង​ទឹកភ្លៀង​ហូរ​ច្រោះ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ខូច​ទំនប់​បារាយណ៍ និង​សំណង់​ទ្វារ​ទឹក​។ ទន្ទឹមគ្នា​នោះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ជួសជុល​ទំនប់ដែល​ជ្រាប​ទឹក នៅ​តាម​ជើង​បារាយណ៍​ក៏ដូចជា ចុះ​ពិនិត្យមើល​ស្ថានភាព​សំណង់​ទ្វារ​ទឹក បិទ​បើក ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ចុះ​យាមល្បាត​តាម​ជុំវិញ​បរិវេណ​បារាយណ៍​ជាប្រចាំ ដើម្បី​ការពារ​ការ​ហូរ​ច្រោះ ការ​លួច​កាប់​ព្រៃឈើ ការ​លួច​បរបាញ់​សត្វព្រៃ និង​ធ្វើ​នេសាទ​ខុសច្បាប់​។​

សកម្មភាព​ទាំងអស់​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់ និង​ការខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​លើកស្ទួយ​តម្លៃ​បរិស្ថាន ទេសភាព​ធម្មជាតិ សោភ័ណភាព​របស់​បារាយណ៍ និង​ការ​ថែរក្សា​ការពារ​អភិរក្ស​សំណង់​បារាយណ៍ កុំ​ឲ្យ​មានការ​ខូចខាត ជាពិសេស​ការ​ខិតខំ​ប្រឹង​ប្រែង​ស្តារ​ឡើងវិញ​នូវ​តម្លៃ​ដ៏​អស្ចារ្យ​របស់​សំណង់​ធារាសាស្ត្រ​បុរាណ​របស់​បុព្វបុរស ដែល​នៅ​តែមាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​បម្រើ​ឲ្យ​កិច្ចការ​អភិរក្ស និង​ជំនឿ​ដូនតា តាំងពី​សម័យ​ដើម រហូតមកដល់​សម័យ​បច្ចុប្បន្ន​នេះ​៕
អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ថែទាំ​បារាយណ៍​ខាងជើង​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ថែទាំ​បារាយណ៍​ខាងជើង​