ផ្ទះ​កសិករ​មួយ​គ្រួសារ ត្រូវ​អគ្គិភ័យឆាប​ឆេះ​ក្លាយ​ជា​ផេះ​

ផ្ទះ​កសិករ​មួយ​គ្រួសារ ត្រូវ​អគ្គិភ័យឆាប​ឆេះ​ក្លាយ​ជា​ផេះ​



ពោធិ៍សាត់ ៖ អគ្គិភ័យ​មួយ បាន​លេប​ត្របាក់​ផ្ទះ​ប្រជាកសិករ​អស់​មួយ​ខ្នង គ្មាន​សល់ ដោយសារ​ការ​រាលដាល​ពី​ភ្លើង​ចង្ក្រាន កាលពី​វេលា​ម៉ោង៣និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច ក្នុង​ភូមិ​ធ្លក ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

មន្ត្រី​អាវុធហត្ថ​ស្រុក​កណ្ដៀង មាន​មូលដ្ឋាន​នៅ​ទី​នោះ​បាន​ប្រាប់​ថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ឈ្មោះ ពុធ​ណាក់ ភេទ​ស្រី អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ បណ្ដាល​ឲ្យ​ខូចខាត​សម្បត្តិ​សរុប​មាន ផ្ទះ ១ខ្នង ទំហំ 5​ម​x6​ម ប្រក់​ស័ង្កសី ក្រាល​ក្ដារ ជញ្ជាំង​ស្លឹក កង់ ៤ គ្រឿង ប្រាក់ ៥០.០០០ រៀល និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

មន្ត្រី​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ គ្រួសារ​ជនរងគ្រោះ បាន​ដាក់​ដាំបាយ​ឆ្អិន រួច មិនបាន​ពន្លត់​ភ្លើង​ចង្ក្រាន​ទេ ដោយ​បាន​នាំគ្នា​ចុះទៅ​ធ្វើការ​អស់​ ស្រាប់តែ នៅ​វេលា​ម៉ោង​ខាងលើ ភ្លើង​ចង្ក្រាន​ដាំបាយ​នោះ​ក៏បាន​ឆាបឆេះ​ដោយ​កម្លាំង​ខ្យល់ ព្រមទាំង​រាលដាល​បង្ក​ទៅជា​អគ្គិភ័យ​សន្ធោសន្ធៅ ឆេះ​ផ្ទះ​នោះ​ទាំងស្រុង​តែម្ដង ដោយ​ម្ចាស់ផ្ទះ និង​អ្នកស្រុក បាន​ត្រឹមតែ​នាំគ្នា​ឈរ​មើល​ភ្លើង​ឆេះ​ពេញ​បន្ទុក​នេះ និង​ការពារ​ក្រែង​ឆ្លង​ទៅ​ឆេះ​ផ្ទះ​អ្នកដទៃ​ប៉ុណ្ណោះ៕
ផ្ទះ​កសិករ​មួយ​គ្រួសារ ត្រូវ​អគ្គិភ័យឆាប​ឆេះ​ក្លាយ​ជា​ផេះ​

ផ្ទះ​កសិករ​មួយ​គ្រួសារ ត្រូវ​អគ្គិភ័យឆាប​ឆេះ​ក្លាយ​ជា​ផេះ​