រដ្ឋមន្ត្រី​ការងារ​ ជួប​ជាមួយ​រដ្ឋមន្ត្រី​ការងារ​សិង្ហបុរី​ ពិភាក្សា​លើ​វិស័យ​ការងារ ​និង​បណ្តុះបណ្តាល​

រដ្ឋមន្ត្រី​ការងារ​ ជួប​ជាមួយ​រដ្ឋមន្ត្រី​ការងារ​សិង្ហបុរី​ ពិភាក្សា​លើ​វិស័យ​ការងារ ​និង​បណ្តុះបណ្តាល​



ភ្នំពេញ ​៖​ នៅក្នុង​ឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣និង​៣០​នាទី (​ត្រូវ​នឹង​ម៉ោង ៨:៣០ នាទី​យប់ នៅ​កម្ពុជា​) លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក Lee Swee Say រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៃ​ប្រទេស​សិង្ហ​បុរី​ផ្ដោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង២ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​ក្របខណ្ឌ​ILO​។​ នេះ​បើ​តាម​ផេក​ហ្វេសប៊ុក​របស់​ លោក​ អ៊ិត​ សំហេង​ បង្ហោះ​នៅ​ថ្ងៃទី​០៧​ ខែ​មិថុនា​នេះ​។​

គួរ​បញ្ជាក់​ថា ​លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​យប់​ថ្ងៃទី​០៥ ខែមិថុនា ​ឆ្នាំ​២០១៦​ បាន​ដឹក​នាំទៅ​ចូលរួម​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​(ILO) លើក​ទី​១០៥​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វីស​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ លោក​ អ៊ិត ​សំហេង ​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍​គាំទ្រ​របាយការណ៍ របស់ អគ្គនាយក ​ilo the end to poverty initiative The ilo and the 2030 agenda​។ ​វឌ្ឍនភាព​នៃ​វិស័យ​ការងារ​របស់​កម្ពុជា តាមរយៈ​កំណែទម្រង់​ទាំង​៥​។​ ការអនុវត្ត​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ​ និង​ការងារ​២០១៥-២០២៥​។​ ការ​បន្ត​កម្មវិធី​ការងារ​សមរម្យ decent work ២០១៦-២០១​៨, ​ការ​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​, ​ការ​អនុវត្ត​​ច្បាប់​ស្ដីពី​សហជីព​,​ ការរៀបចំ​តុលាការ​ការ​ងារ​, ​ការរៀបចំ​យន្តការ​ចូលរួម​ការពិគ្រោះ​យោបល់​ជា​សកល​លើ​លក្ខខណ្ឌ​ការងារ​global deal​។​

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​ដែរ ​គណៈប្រតិភូ​ក្រសួង​ការងារ​ នឹង​មាន​កម្មវិធី​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គនាយក ​ilo អគ្គនាយករង ​និង​អង្គភាព ជំនាញ​មួយចំនួន ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​។ ក្រុមការងារ​ត្រីភាគី ​ដែល​មាន​តំណាង​និយោជក តំណាង​សហជីព​ និង​ក្រសួង ​ក៏​ចូលរួម​កិច្ច​ប្រជុំ​ជាច្រើន​ទៀត ហើយ​លោក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១០​ ខែ​មិថុនា​ខាងមុខនេះ​។​

ប្រទេស​កម្ពុជា​ ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​ILO​សម្រាប់​អាណត្តិ​២០១៤- ២០១៧ ​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អនុម័ត​នូវ​កម្មវិធី​ការងារ​របស់​ILO៕

រដ្ឋមន្ត្រី​ការងារ​ ជួប​ជាមួយ​រដ្ឋមន្ត្រី​ការងារ​សិង្ហបុរី​ ពិភាក្សា​លើ​វិស័យ​ការងារ ​និង​បណ្តុះបណ្តាល​